បើខ្លាចទិញចំផលិតផលក្លែងក្លាយ គួរប្រើវិធីទាំង ៤ នេះ
- 2017-08-25 03:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើខ្លាចទិញចំផលិតផលក្លែងក្លាយ គួរប្រើវិធីទាំង ៤ នេះ
ចន្លោះមិនឃើញ
ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកាលពីថ្ងៃទី១៦ សីហា កន្លងទៅថ្លែងថា ប្រជាពលរដ្ឋត្រូវដឹងពីរបៀបមើលមូលដ្ឋានក្នុងការពិនិត្យផលិតផលក្លែងក្លាយ និងផលិតផលពិត។
លោកថាៈ « ដើម្បីវាយតម្លៃថានេះ របស់ក្លែងក្លាយ យើងទាល់តែស្គាល់របស់ពិតនោះសិន »។ អ្នកជំនាញខាងពិនិត្យផលិតផលក្លែងក្លាយ បានប្រាប់ពីរបៀបកត់សម្គាល់ផលិតផលពិត ឬក្លែងក្លាយ សាមញ្ញៗ សម្រាប់បងប្អូនពលរដ្ឋ យកទៅអនុវត្តដោយមិនបាច់មានអ្នកឯកទេស ដូចជាៈ
១. រៀនចាប់ភ្លឹកមើលផលិតផល
គ្រប់ផលិតផលពិតទាំងអស់ ប្រាកដជាមាន ការចុះបញ្ជីត្រឹមត្រូវ តួយ៉ាង អាស័យដ្ឋានឬ ទីតាំងផលិត លេខបាកូដ ពត៌មានតម្លៃ និងគុណភាពផលិតផលជាដើម។ លោកអ្នកដែលជាអ្នកទិញត្រូវចាប់អារម្មណ៍មើលផលិតផលនោះពិត ឬក្លែងក្លាយគ្រប់ជុង តាមរយៈការចាប់ភ្លឹក និងការឆ្ងល់ ថាវាមានគ្រប់លក្ខណៈដែរ ឬទេ។
២. ទាមទារឲ្យអ្នកលក់ជួយពន្យល់
ត្រង់ចំណុចនេះ ប្រសិនបើអ្នកមិនយល់ ឬ មិនច្បាស់ពីគុណភាពផលិតផលនោះ លោកអ្នកអាចសួរនាំបន្ថែមទៅកាន់អ្នកលក់។ ឧទាហរណ៍ដូចជា គុណភាពផលិតផល មានអាយុកាលប្រើប្រាស់ប៉ុន្មានខែ/ឆ្នាំ? ផលិតផលផលិតរយៈពេលប៉ុន្មានខែ/ថ្ងៃហើយ? ម្យ៉ាងទៀត កាលបរិច្ឆេទនៃផលិតផលមួយចំនួន អាចសរសេរអក្សរកាត់ ឬបញ្រ្ចាស់ ហេតុនេះលោកអ្នកត្រូវសួរឲ្យអ្នកលក់ពន្យល់បន្ថែម។
៣. ការវេចខ្ចប់
ការវេចខ្ចប់ គឺជាអំណះអំណាងមួយ ដែលអាចបញ្ជាក់ថាផលិតផលនោះពិត ឬក្លែងក្លាយបានផងដែរ។ ការវេចខ្ចប់ ប្រសិនបើពិនិត្យឃើញទ្រង់ទ្រាយសណ្ឋានខុសទំនង ដូចជា បាត់ពាក្យ បាត់អក្សរលើឈ្មោះផលិតផល ក៏អាចកត់សម្គាល់ថាអាចជាផលិតផលក្លែងក្លាយ ។
៤. ហិតក្លិន
ការហិតក្លិន ក៏ជាវិធីម្យ៉ាងដែលអាចជួយយើងបានដែរ តែវិធីនេះអាចប្រើសម្រាប់ផលិតផលគ្រឿងសម្អាង ដូចជាទឹកអប់ ក្រេមម្សៅ ឡេ ...។ល។ ទាំងអស់សុទ្ធតែមានក្លិន អាចឲ្យយើងកត់សម្គាល់បាន ល្គឹកណាអ្នកធ្លាប់ប្រើផលិតផលនោះពីមុនផងដែរ។
គួរបញ្ជាក់ថា ផលិតផលក្លែងក្លាយប្រមាណ ២០០តោន បានហូរចូលមកកម្ពុជាក្នុងឆ្នាំ២០១៧ បើតាមប្រសាសន៍ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ លោកបញ្ជាក់ថា ផលិតផលក្លែងបន្លំភាគច្រើន ជាប្រភេទឱសថ គ្រឿងសម្អាង ដែលមានទាំងឡេលាបមុខ លាបស្បែកឲ្យស ក្នុងរយៈពេលខ្លីជាដើម៕
ចុចអានបន្ទាប់