ការប្រកួតការ៉ាតេដូជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ មានសន្ទុះខ្លាំងជាងឆ្នាំណាៗទាំងអស់
- 2017-11-27 04:04:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតការ៉ាតេដូជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ មានសន្ទុះខ្លាំងជាងឆ្នាំណាៗទាំងអស់
ចន្លោះមិនឃើញ
ក្រោយបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ របស់ខេមរៈសហព័ន្ធកីឡាការ៉ាតេដូកម្ពុជាកាលពីម្សិលមិញ លោក សាយ នូរ៉ា អនុប្រធានសហព័ន្ធកីឡាមួយនេះបានអះអាងថា ព្រឹត្តិការណ៍ថ្នាក់ជាតិឆ្នាំ២០១៧ មានសន្ទុះខ្លាំងជាងឆ្នាំណាទាំងអស់តាំងពីបង្កើតសហព័ន្ធមួយនេះឡើងមក។
ឯកឧត្ដម សាយ នូរ៉ា បានឲ្យដឹងថា សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបង្កើតឡើងក្រោយឆ្នាំ១៩៧៩ ដោយតាំងពីបង្កើតឡើងមកមិនធ្លាប់មានសន្ទុះនៃការចូលរួមខ្ពស់ដូចឆ្នាំនេះឡើយ។ ការកើនឡើងនៃសន្ទុះនេះក្រោយមានការចូលដឹកនាំពីសំណាក់ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដោយចូលដឹកនាំក្នុងអាណត្តិទី៨ ជាប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា។
ចំណុចពិសេសនៃការមកដល់របស់ប្រធានសហព័ន្ធថ្មីរូបនេះគឺបានផ្ដល់ទីតាំងដ៏ល្អ អាចប្រើការបានគ្រប់បែបយ៉ាងទាំងការប្រកួត និងទីតាំងសម្រាប់ហ្វឹកហាត់ ដែលអាចជាទំនុកចិត្តមួយដល់កីឡាករ-កីឡាការិនីកម្ពុជា។
ជាមួយគ្នានោះឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន បានមានប្រសាសន៍ក្នុងឱកាសនោះដែរថា ក្នុងរយៈពេលជាង ៥ ឆ្នាំទៀត ពោលគឺឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជាត្រូវតែមានកីឡាករចូលរួមឲ្យបានច្រើននាក់។ ពិសេសការ៉ាតេ បើអាចមានដល់ ១០០ នាក់កាន់តែប្រសើរ ដើម្បីទទួលបានឱកាសកាន់តែខ្ពស់ក្នុងការប្រជែងយកមេដាយជូនជាតិ។
ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ របស់ខេមរៈសហព័ន្ធកីឡាការ៉ាតេដូកម្ពុជាមាន ៣២ ក្លឹប-សមាគមចូលរួមក្នុងនោះមានកីឡាករ-កីឡាការិនី ១៥៦ នាក់៕