មិនសូវខ្លាំងគណិត-រូប កាំង ហួរ តស៊ូបានចូលតិចណូ រៀនដល់បារាំង បានធ្វើការនៅជប៉ុនទៀត

  • 2019-07-04 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ស្រលាញ់ការសរសេរកម្មវិធី កាំង ហួរ បានសម្រេចសិក្សាផ្នែកព័ត៌មានវិទ្យា នៅដេប៉ាតឺម៉ង់ ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង (DICE) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ក្រោយ​បានចូលសិក្សានៅ ITC ថ្នាក់មូលដ្ឋានពីរឆ្នាំ យុវជន​ដឹង​ថា ខ្លួនជាសិស្សខ្សោយ​គណិតវិទ្យា និងរូបវិទ្យា ប៉ុន្តែសំណាងល្អ រៀនមិនដែល​ធ្លាក់។ ចូលឆ្នាំទី៣, ៤ និង ៥ យុវជន ចូល​ចាប់ជំនាញ។ កំឡុងពេលសិក្សាជំនាញ អ្នកភ្នំពេញរូបនេះ បានក្លាយខ្ញួនពីសិស្សខ្សោយមកជាសិស្សគ្រាន់បើ ហើយ​ទទួលបាន​អាហារូបករណ៍ សិស្សឆ្នើម SUMITOMO របស់ជប៉ុននៅ​ឆ្នាំ ២០១២។

កាំង ហួរ

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិស្វករនៅ ITC កាំង ហួរ បានទទួលអាហារូបករណ៍តាមរយៈ ITC និងស្ថានទូតបារាំងក្នុង​ឆ្នាំ ២០១៤ ទៅបន្តការសិក្សាផ្នែក **“បញ្ញាសិប្បនិម្មិត និងវិបសាយ ឬ Artificial Intelligent and the Web"** នៅសាកលវិទ្យាល័យ Joseph Fourier ប្រទេសបារាំងរយៈពេលជិតមួយឆ្នាំ ពោលអំឡុងឆ្នាំ ២០១៣-២០១៤។

កាំង ហួរ បានទៅធ្វើការនៅជប៉ុនក្នុងឆ្នាំ ២០១៨ រហូតបច្ចុប្បន្ន។ ការបានទៅសិក្សានៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ីមួយនេះ គឺក្នុង​កំឡុងពេលធ្វើការក្នុងវិស័យស្រាវជ្រាវ និងវិស័យអប់រំ​នៅក្នុង​វិទ្យាស្ថាន។

ដំបូងឡើយយុវជនវ័យ២៨ឆ្នាំ កូនអ្នកលក់គ្រឿងសម្អាង ធ្វើការ​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាអ្នកស្រាវជ្រាវ លើដំណើរការភាសាក្នុងប្រព័ន្ធកុំព្យូទ័រ (NLP - Natural Language Processing) និងជាគ្រូបង្រៀន ផ្នែកព័ត៌មានវិទ្យា។ អំឡុងឆ្នាំ ២០១៧-២០១៨ ហួរ ក៏ជាគ្រូបង្រៀនក្រៅម៉ោង នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន (NIPTICT) ផងដែរ។

ក្រោយមកយុវជនច្បងក្នុងចំណោមបងប្អូន៣នាក់ ក៏ទទួលបានឱកាសធ្វើកម្មសិក្សានៅប្រទេសជប៉ុន ផ្នែក NLP រយៈពេល១ឆ្នាំ។ កម្មសិក្សានេះ ក្រោមកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័ននៅជប៉ុន (NICT) និង NIPTICT ដែលមានការបញ្ជូនអ្នកស្រាវជ្រាវទៅធ្វើកម្មសិក្សានៅជប៉ុន។

កាំង ហួរ

ក្រោយបញ្ចប់កម្មសិក្សានៅជប៉ុន ហួរ ក៏ទទួលបានឱកាសថ្មីមួយទៀត គឺធ្វើការជាអ្នកស្រាវជ្រាវបច្ចេកទេស នៅស្ថាប័នជប៉ុននេះតែ​ម្តង។ ប៉ុន្តែលោកបានត្រលប់ទៅ NIPTICT មុនមកធ្វើការនៅជប៉ុននៅឆ្នាំ២០១៨ រហូតមកទល់ពេលនេះ។

អ្វីដែលធ្វើអោយ កាំង ហួរ ប្រែប្រួលពីសិស្សមិនសូវពូកែ មកជារៀនពូកែវិញ? កាំង ហួរ បញ្ជាក់ខ្លីថា៖“ពេលដែលយើងចូលចិត្តអ្វីមួយ យើងនឹងខំប្រឹងធ្វើវា ហើយ​ជម្នះ​រហូត​បាន​សម្រេចគោលដៅ”។

តើស្ថាប័នរដ្ឋជប៉ុនមួយនេះ ផ្ដល់លក្ខខណ្ឌការងារយ៉ាងដូចម្ដេច? ចំពោះកន្លែងធ្វើការ កាំង ហួរ ទទួលបានលក្ខខណ្ឌការងារមានលក្ខណៈស្តង់ដា (ជប៉ុន) និងមានផាសុខភាព ហើយនៅទីនោះប្រជុំដោយអ្នកស្រាវជ្រាវមានបទពិសោធន៍។ កាំង ហួរ តែងតែទទួលបានចំណេះដឹងថ្មីៗ រាល់ពេលពិភាក្សា ឬ សួរទៅកាន់ពួកគេ។

ពេលសួរចំណាប់អារម្មណ៍ លើជំនាញផ្នែកព័ត៌មានវិទ្យា យុវជនវ័យក្មេងប្រាប់ថា បច្ចុប្បន្ន ព័ត៌មានវិទ្យាជា​ជំនាញ​សំខាន់​បំផុត ព្រោះស្ទើរតែគ្រប់វិស័យ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការងារ និង ដោះស្រាយបញ្ហាជាច្រើន។ មូលហេតុដែលគួរជ្រើសរៀនផ្នែកព័ត៌មានវិទ្យាមានច្រើន តែលោកលើកតែ ២ ចំណុចសំខាន់ៗប៉ុណ្ណោះ។

  • ទីផ្សារការងារ

ដោយសារទំហំនៃការ​ប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មានធំទូលាយ ស្វែងរកការងារគឺងាយស្រួល បើទោះនៅក្នុងស្រុក ឬ ក្រៅស្រុកក៏ដោយ។ ចំពោះប្រាក់ខែ យុវជនរូប​នេះ​ជឿថា បច្ចុប្បន្ន មិនចាញ់អ្នកធ្វើការងារផ្នែកដទៃឡើយ។

  • ការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន

ចំពោះអ្នកដែលចូលចិត្តការបង្កើតថ្មី រៀន ឬ ធ្វើការងារ ផ្នែកនេះជាចំណុចចាប់ផ្ដើមល្អបំផុត ព្រោះទំហំដែលបច្ចេកវិទ្យាព័ត៌មានអាចវិវឌ្ឍបាន គឺគ្មានដែនកំណត់ទេ។ មានចំណេះដឹងថ្មីៗជាច្រើន ដែលអ្នក​សិក្សា​អាចយកមករៀន ហើយ យកមកច្នៃឬ បង្កើតជា អ្វីផ្សេងបាន។ កាំង ហួរ បន្តថា លោករៀននិងធ្វើការងារផ្នែកព័ត៌មាន​ជាង ៧ ឆ្នាំហើយ តែអ្វីដែលលោកចេះ គ្រាន់តែជាផ្នែកមួយតូចមួយ​តែប៉ុណ្ណោះ។ សព្វថ្ងៃលោកនៅតែរៀនពីបច្ចេកវិទ្យាថ្មីៗ ដើម្បីមានគំនិតថ្មី ទៅធ្វើអ្វីដែលថ្មី។

អតីតសិស្សវិទ្យាល័យវត្តកោះ បាន​ឲ្យ​ដឹងថា រៀនជំនាញព័ត៌មានវិទ្យា មិនតម្រូវឲ្យឆ្លាត ទើបរៀនពូកែឡើយ។ ឲ្យតែខំប្រឹងរៀន នរណាក៏អាចរៀនពូកែដែរ។ ចំណុចដែលយុវជនគិតថាគួរពង្រឹងមាន៣ចំណុច​ដូចជា៖

  • រៀនអាន៖ ការអានពិតជាសំខាន់ណាស់សំរាប់វិស័យនេះ ដើម្បីអាចទទួល និង ស្វែងរកព័ត៌មានដោយខ្លួនឯង។ ភាសាអង់គ្លេស ជាអ្វីដែលត្រូវពង្រឹង ព្រោះឯកសារទូទៅសុទ្ធតែភាសាអង់គ្លេស។

  • រៀនយល់៖ កំឡុងពេលរៀននៅថ្នាក់ជំនាញ ព្យាយាមយល់គ្រប់មុខវិទ្យាតាមដែលអាចធ្វើបាន ព្រោះមុខវិជ្ជាទាំងនេះជាគ្រិះដើម្បីរៀនរបស់ថ្មី។ ព្យាយាមយល់មុខវិជ្ជាដែលពិបាក ព្រោះវាជាការដុះខាត់មួយដែលសំខាន់ ដើម្បីអភិវឌ្ឍសមត្ថភាពនៃការយល់អ្វីដែលពិបាក និង ស្មុគស្មាញ ដែលនឹងអនុញ្ញាតឲ្យយើងរៀន ធ្វើអ្វីផ្សេងទៀតបានលឿន និងល្អជាងមុន។

  • អនុវត្ត៖ ត្រូវអនុវត្តឲ្យបានច្រើន ព្រោះពេលអនុវត្តទើបយើងអាចយល់បានច្បាស់ និងស៊ីជម្រៅ។

យុវជនវ័យ​២៨ឆ្នាំ​ កាំង ហួរ បន្តថា ទោះរៀន ឬ ធ្វើការងារផ្នែកណាក៏ដោយ គួរជ្រើសធ្វើនូវអ្វីដែលខ្លួន​ចូលចិត្ត។ ពេលធ្វើអ្វីក៏ដោយ ត្រូវឲ្យតម្លៃនូវអ្វីដែលកំពុងធ្វើ រួចធ្វើឲ្យអស់ពីសមត្ថភាព៕

អត្ថបទផ្សេងទៀត

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី