តួលេខ​មិន​ធ្លាប់​មាន Town​ និង ​សាន់ដេ​ អះអាង​ពី​ការ​លក់​ដាច់​ចម្រៀង​ចូល​ឆ្នាំ​ជាង ៣០​ ម៉ឺន​បន្ទះ​ដូច​គ្នា

  • 2015-04-08 20:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តួលេខ​មិន​ធ្លាប់​មាន​សម្រាប់​ការ​លក់​បទ​ចម្រៀង​ក្នុង​ប្រទេស​ កម្ពុជា ដោយ​ផលិតកម្ម Town និង​ សាន់ដេ បាន​អះអាង​ពី​ការ​លក់​ដាច់​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ជាង ៣០ ​ម៉ឺន ​បន្ទះ ​ដូច​​គ្នា។  

អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិតកម្ម Town លោក មាស សុខ​រតនៈ និយាយ​ថា៖ "តួ​លេខ​គិត​មក​ត្រឹម​ពេល​នេះ​យើង​លក់​បាន​ជាង ៣០ ​ម៉ឺន​បន្ទះ​អូន។ នេះ​យើង​រាប់​តែ​ការ​លក់​ជា VCD ប៉ុណ្ណោះ ដោយ​ឡែក​ CD យើង​អត់​រាប់​បញ្ចូល​ទេ"។  

លោក មាស សុខ​រតនៈ បន្ត​ថា​ ចំនួន​ខាង​លើ​ធៀប​នឹង​ឆ្នាំ​ ២០១៤ ​កន្លង​ទៅ​ គឺ​ប្រហាក់ប្រហែល​គ្នា តែ​ទោះ​ជា​យ៉ាង​ណា​លោក​បាន​អះអាង​ថា ​ចំនួន​លក់​អាច​កើន​លើស​ជាង​នេះ ព្រោះ​ការ​បញ្ជាទិញ​ពី​ទស្សនិកជន​កំពុងតែ​កើន​ខ្លាំង។  

​លោក មាស សុខរតនៈ អ្នក​ចាត់​ការ​ទូទៅ​​​នៅ​ផលិត​កម្ម​ Town

 

តួលេខ​មិនធ្លាប់​មាន​នេះ ​ត្រូវ​អ្នក​ចាត់​ការ​ទូទៅ​ដែល​ជា​បង​ប្រុស​តារា​ចម្រៀង​ល្បី​ឈ្មោះ មាស សុខ​សោភា លើក​ឡើង​ថា ដោយ​សារ​ការ​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ផលិតកម្ម​ទាំង​មូល។ ជា​ពិសេស​ការ​និពន្ធ​បទ​ចម្រៀង មេឡូឌី​ថ្មី ដោយ​យក​គុណភាព​ជា​ចម្បង។

 

យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាត់​ការ​ទូទៅ​ខាងលើ​ បាន​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​ទស្សនិកជន​ជួយ​គាំទ្រ​ស្នាដៃ​របស់​ផលិតកម្ម​ Town នា​ពេល​កន្លង​មក។ ​លោក​ក៏​ស្នើ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​តទៅ​ទៀត​ដោយ​ផលិតកម្ម​របស់​លោក​នឹង​ស្វែងរក​ភាព​ថ្មី និង​ ប្លែកៗ​បន្ត​ទៀត។

 

ដោយ​ឡែក​អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​របស់​ផលិតកម្ម សាន់ដេ​លោក ឡាយ សុក​ចំរើន ប្រាប់​ថា​ គ្រាន់​តែ អាល់ប៊ុម រាំ​ក្រឡុក របស់​ ខេមរៈ សិរីមន្ត​ មួយ​​លក់​ដាច់​ជាង ​២០ ​ម៉ឺន​បន្ទះ ហើយ​អាល់ប៊ុម​ សុខ ពិសី និង ខាន់ ជេមន៍ រក​បាន​ជាង ១០​ម៉ឺន​បន្ទះ ដោយ​រាប់​ត្រួសៗ។

 

លោក ឡាយ សុកចំរើន អ្នក​ចាត់ការ​ទូទៅ សាន់ដេ
 

អ្នក​ចាត់​ការ​ទូទៅ​​រូប​នេះ​បញ្ជាក់​ដូច្នេះ៖"ខ្ញុំ​មិន​ទាន់​ទទួល​បាន​តួលេខ​ច្បាស់​ទេ តែ​យើង​គិត​តែ​២​អាល់ប៊ុម​​របស់ សិរីមន្ត វ៉ុល កាឡុក និង​អាល់ប៊ុម សុខ ពិសី ហើយ ខាន់ ជេមន៍ ជាង ៣០ ​ម៉ឺន​បន្ទះ ​បាត់​ទៅ​ហើយ។ បើ​គិត​សរុប​ទាំង​អស់​ខ្ញុំ​ថា​យើង​លក់​បាន​មិន​ក្រោម ៥០​ ម៉ឺន​បន្ទះ​ទេ"។

 

លោក ឡាយ សុក​ចំរើន បន្ត​ថា​ តាម​រយៈ​ការ​បញ្ជា​ទិញ​ពី​បណ្ដា​ខេត្ត​និមួយៗ​​រាប់​ម៉ឺន​បន្ទះ​ទៀត​លោក​រំពឹង​ថា​ឆ្នាំ​នេះ​ផលិតកម្ម​ខ្លួន​នឹង​អាច​លក់​ CD និង VCD ដល់ ៦០​ម៉ឺន​បន្ទះ​ទៅ ៧០​ម៉ឺន​បន្ទះ។

 

ការ​ទទួល​បាន​ជោគជ័យ​ដូច្នេះ ដោយ​សារ​តែ​ ផលិតកម្ម​ សាន់ដេ បាន​បញ្ចុះ​តម្លៃ ​នៃ​ការ​លក់​ចម្រៀង Original ក្នុង​មួយ​បន្ទះ​ត្រឹម​តែ ២​ ពាន់​ រៀល​ប៉ុណ្ណោះ។ ការ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដូច្នេះ​ក្នុង​មាន​ផលិតកម្ម​សាន់ដេ​លោក ឡាយ សុក​ចំរើន អះអាង​ថា​ នឹង​បន្ត​​ស្វែង​រក​បទ​ចម្រៀង​ថ្មីៗ​ទៀត ជា​ពិសេស​ការ​និពន្ធ មេឡូឌី​ ដោយ​ខ្លួន​​ឯង។

 

យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាត់​ការ​ទូទៅ​ខាង​លើ​ក៏​មិន​ភ្លេច​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជួយ​គាំទ្រ​ស្នាដៃ​អាល់ប៊ុម​ចូល​ឆ្នាំ​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ  និង​ បទ​ចម្រៀង​ពី​មុនៗ​មក​ទៀត។

 

ក្នុង​ឆ្នាំ​ ២០១៤ ​កន្លង​ទៅ ផលិតកម្ម Town គឺ​ជា ​អ្នក​លក់​បំបែក​កំណត់ត្រា​នៃ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រហូត​ជាង​ ៣០ ​ម៉ឺន​បន្ទះ។ ដោយ​ឡែក​ឆ្នាំ​នេះ​ ចាំមើល​ថា Town ឬ សាន់ដេ ជា​អ្នក​លក់​​បំបែក​កំណត់ត្រា​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ៕

 

អានអត្ថបទបន្ត៖ កែវ សីហា រូប​រាង​ប៉ុណ្ណឹង មាន​អ្នក​ហ៊ាន​ថា​មិន​ស្អាត​ទេ?

អានអត្ថបទបន្ត៖ ថតរឿង “Furious 7” ​​​ចប់ ​​​​​ខ្ទេច​​ឡាន​អស់​​ជាង​ ២០០​​​​

អានអត្ថបទបន្ត៖Mario Maurer ចូល​បម្រើ​ទ័ព?

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី