ហេតុ​ផល​ ​១១​ ​យ៉ាង​ ​អ្នក​គួរ​ឈប់​គិត​ពី​ ​iPhone 8​ ​ហើយ​មក​បេតី​ ​iPhone 6s

  • 2017-10-16 03:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ ​iPhone 6s បង្ហាញ​ខ្លួន​អស់​រយៈ​កាល​ ​២​ ​ឆ្នាំ​មក​ហើយ​ក្ដី តែ​ម៉ូដែល​នេះ​មិន​ទាន់​បាត់​ឈ្មោះ​ពី​ទីផ្សារ Online នៃ Apple Store នៅ​ឡើយ។ Sabay បង្ហាញ​នូវ​ហេតុផល ១១ យ៉ាង ដែល​អ្នក​គួរ​ងាក​មក​ចាប់​អារម្មណ៍​លើ iPhone 6s ឬ 6s Plus ជា​ជាង​ចំណាយ​លុយ​លើ iPhone 8 ឬ iPhone X។​

១.តម្លៃ:

​ជា​ស្មាតហ្វូន​ដែល​មិន​ហួស​សម័យ​ពេក​ ​ហើយ​ក៏​បង្កប់​ទៅ​ដោយ​គុណភាព​កាមេរ៉ា​ ​និង​មុខងារ​ប្រើប្រាស់​ជា​ច្រើន។ តម្លៃ iPhone 6s ខុស​គ្នា​ប្រហែល ២៥០ ដុល្លារ​ធៀប​នឹង iPhone 8 និង​ខុស​គ្នា​ដល់​ជាង ៥៥០ ដុល្លារ​ធៀប​នឹង iPhone X។

តម្លៃ iPhone ម៉ូដែល​ថ្មី: (ទីផ្សារ​ក្រៅ​ស្រុក)

  • iPhone 8 ទំហំ 64 GB ថ្លៃ ៧០០​ ​ដុល្លារ
  • iPhone 8 Plus ទំហំ 64 GB ថ្លៃ ៨០០​ ​ដុល្លារ
  • iPhone X ទំហំ 64 GB ថ្លៃ ១ ០០០​ ​ដុល្លារ

តម្លៃ iPhone ម៉ូដែល​ចាស់: (ទីផ្សារ​ក្រៅ​ស្រុក)

  • iPhone 6S ទំហំ 32 GB ថ្លៃ ៤៥០​ ​ដុល្លារ
  • iPhone 6S Plus ទំហំ 32 GB ថ្លៃ ៥៥០​ ​ដុល្លារ

២.មាន​ជម្រើស​ពណ៌​ដែល iPhone 8 និង iPhone X មិន​មាន:

ការ​ជ្រើសរើស​ពណ៌​នៃ​ស្មាតហ្វូន ជា​ចំណង់​ចំណូល​ចិត្ត​ដ៏​សំខាន់​នៃ​ការ​ប្រើប្រាស់​របស់​បុគ្គល​ម្នាក់ៗ។​ ខណៈ iPhone 8 មាន​ត្រឹម ៣ ពណ៌ រួម​មាន Silver, Gold និង Space Gray ហើយ iPhone X មាន ២ ពណ៌​គត់ រវាង Silver និង Space Gray។

ក្រឡេក​ទៅ​ iPhone ឆ្នាំ ២០១៥ មាន​ដល់​ទៅ ៤ ពណ៌​ឯ​ណោះ រួម​មាន Silver, Gold, Space Gray និង Rose Gold ដែល​នារី​ភាគ​ច្រើន​​បេតី​លើ​ពណ៌​នេះ។​

៣.គ្មាន​ផ្លាស់ប្ដូរ​ការ​រចនា:

បើ​អ្នក​ផ្ដោត​លើ​ការ​រចនា​ជា​ធំ អ្នក​អាច​ចំណាយ​ថវិកា ១ ពាន់​ដុល្លារ​ទិញ​យក iPhone X ប៉ុន្តែ​បើ​មិន​ដូច្នោះ​ទេ ត្រឹម iPhone 6s/6s Plus គឺ​ល្អ​បំផុត ទាំង​កម្រិត​បង្ហាញ​នៃ​អេក្រង់, ទំហំ​អេក្រង់, កម្រាស់​ខ្លួន និង​រូបរាង សឹង​តែ​ដូច iPhone 8/8 Plus ១០០%​ ​ទៅ​ហើយ។

៤.មិន​បារម្ភ​បញ្ហា​នៃ​ខ្នង​ក្រោយ:

iPhone 8 និង iPhone X បាន​វិវត្ត​ខ្លួន​ត្រឡប់​មក​កាត់​តាម iPhone 4 ដែល​មាន​កញ្ចក់​ស្រោប​ខ្នង​ក្រោយ ព្រោះ​ធ្វើ​បែប​នេះ ដើម្បី​គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Qi Wireless។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​តួ​ខ្លួន​អាលុយមីញ៉ូម​លើ iPhone 6s មិន​ងាយ​ប្រេះស្រាំ​ ដូច​ស្រោប​កញ្ចក់​ឡើយ ណា​មួយ​បើ​ប្ដូរ​ក៏​មិន​អស់​ថ្លៃ ដូច​ប្ដូរ​កញ្ចក់​ជាង ១០០ ដុល្លារ​ដែរ។

៥.សាក​ថ្ម​បាន​លឿន​ដូច​គ្នា:

បើ​និយាយ​ពី​ល្បឿន​សាក​នៃ​ដុំ​ធម្មតា​ចេញ​ពី​ប្រអប់ គ្រប់​ស្មាតហ្វូន​ទាំង iPhone 7/8/X សាក​បាន​លឿន​ដូច​គ្នា នេះ​មិន​រាប់​បញ្ចូល​មុខងារ​សាក​ថ្ម​រហ័ស។ បើ​អ្នក​ចង់​ប្រើ​មុខងារ​នោះ លុះ​ត្រា​តែ​អ្នក​ហ៊ាន​ចំណាយ​ខ្ទង់ ៧០ ដុល្លារ​ ​លើ​ការ​ទិញ​ដុំ​មាន​កម្លាំង​អំពែ​ធំ និង​ខ្សែ​សាក USB-C ក៏​មិន​ខុស​​ពី​មុខងារ​សាក​ថ្ម​ឥត​ខ្សែ ត្រូវ​ទិញ​ឧបករណ៍​ពី​ក្រៅ​ថ្លៃ​ប្រហែល ៥០ ដុល្លារ។​

៦.នៅ​ដំណើរការ​បាន​រលូន:

ម៉ាស៊ីន iPhone 6s បំពាក់​ឈីប A9 មិន​ធ្វើ​ឲ្យ​ដំណើរការ​យឺត លើ iOS 11 ដូច​ម៉ាស៊ីន iPhone 5s ឡើយ។ ទៀត​សោត​វា​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ មុខងារ​នេះ​បន្ត​ពេញ​និយម​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ភាគ​ច្រើន ដែល​មិន​ចង់​ទម្លាប់​វែង​ឆ្ងាយ​លើ​ការ​ប្រើ​មុខងារ​ស្កេន​ផ្ទៃ​មុខ FaceID។​

៧.កាមេរ៉ា​នៅ​តែ​ខ្លាំង:

ទទួល​ស្គាល់ iPhone 6s/6s Plus មិន​មាន​មុខងារ​ថត Portrait Mode ដូច iPhone 8 Plus ឬ iPhone X ឡើយ ប៉ុន្តែ​គុណភាព​កាមេរ៉ា​ប៉ុន​នេះ យើង​នៅ​តែ​ទទួល​ស្គាល់​ថា​ល្អ ទោះ​មាន​អាយុ​កាល ២ ឆ្នាំ​មក​ហើយ​ក្ដី។ ទៀត​សោត​ការ​ថត​រូប ក៏​មិន​ប្រាកដ​ថា​តម្រូវ​ទាល់​តែ​រូប​ប្រភេទ Depth Effects ទើប​ស្រស់​ស្អាត​នោះ​ឡើយ។

៨.មាន​រន្ធ​ដោត​កាស:

តម្រូវ​ការ​នៃ​រន្ធ​ដោត​កាស​ទំហំ 3.5mm សម្រាប់​មនុស្ស​ភាគ​ច្រើន​ អាច​ថា​ចាំ​បាច់ ព្រោះ​ពួក​គេ​មិន​ចូលចិត្ត​ប្រើ​កាស Bluetooth រញ៉េរញ៉ៃ​ឡើយ។ ចាប់​ពី iPhone 7 ឡើង​ទៅ Apple បាន​ដក​ចោល​នូវ​រន្ធ​ដោត​កាស​ទាំង​អស់។

៩.គុណភាព​អេក្រង់​នៅ​ល្អ:

មិន​ចាញ់ iPhone 8 ទូរសព្ទ iPhone 6s រក្សា​គុណភាព​អេក្រង់ កម្រិត​ច្បាស់​នៃ​រូបភាព ស្មើ​គ្នា លុះ​ត្រា​តែ​យើង​មិន​ធៀប​ជាមួយ​​ iPhone X ដែល​ពង្រឹង​ទាំង​ទំហំ​អេក្រង់​ឡើង​ដល់ ៥.៨ អ៊ីញ និង​គុណភាព​បង្ហាញ​ខ្ពស់​ជាង។ ទៀត​សោត​លើ iPhone ជំនាន់​ថ្មី មាន​មុខងារ​ពិសេស​ម្យ៉ាង True Tone Display អាច​ប្ដូរ​ពណ៌​អេក្រង់ ផ្អែក​លើ​បរិយាកាស​ខាង​ក្រៅ ស្រដៀង​នឹង​មុខងារ Auto-Brightness អ៊ីចឹង​ដែរ។ ប៉ុន្តែ​បើ​អ្នក​កាន់ iPhone 6s នៅ​ក្នុង​ដៃ អ្នក​សឹង​តែ​មិន​ចាប់​អារម្មណ៍​ពី​ចំណុច​ខ្សោយ​នៃ​អេក្រង់​របស់​វា​ឡើយ។

១០.ប្រើ​ iOS ជំនាន់​ខ្ពស់​ដូច iPhone 8:

​​​​ក្រៅ​ពី​មុខងារ Portrait Mode ដែល​បញ្ចូល​លើ iPhone X បើ​យើង​គិត​ឲ្យ​ដល់​មុខងារ​ថ្មី​នៃ iOS 11 អ្វី​ដែល​មាន​លើ iPhone ឆ្នាំ ២០១៧ ក៏​មាន​លើ iPhone ឆ្នាំ ២០១៥ ដូច​គ្នា។ សម្រាប់ 6s យើង​គួរ​ទទួល​ស្គាល់ មិន​ទាន់​ហួស​ស៊េរី​ដូច iPhone 5s ឡើយ ដោយ​យ៉ាង​ហោច​ណាស់​អាច​ប្រើ​បាន​ជាង ២ ឆ្នាំ​ទៀត​ឯណោះ។

១១.មុខងារ AR មិន​ជា​ពិសេស​ខ្លាំង:

AR ជា​មុខងារ​ថ្មី ដែល Apple ខំ​ផ្សព្វផ្សាយ​យ៉ាង​ចាស់​ដៃ ប៉ុន្តែ​មិន​ប្រាកដ​ថា iPhone ស៊េរី​ចាស់​ប្រើ​មិន​បាន​ឯ​ណា បច្ចុប្បន្ន​មាន​ដូច​ជា SnapChat ក៏​ខំ​ប្រឹង​ពង្រឹង​បច្ចេកវិទ្យា AR ទៅ​ក្នុង​កម្មវិធី​ខ្លួន ដែល​នេះ​អាច​ផ្ដល់​សិទ្ធ​ឲ្យ​ iPhone ស៊េរី​ចាស់ អាច​សាកល្បង​មុខងារ​មួយ​ចំនួន​បាន​មិន​ចាញ់ iPhone ឆ្នាំ ២០១៧។

សរុប​ជា​រួម​សូម​ពិចារណា​លើ ៦ ចំណុច​ដ៏​ប្រសើរ​ខាង​ក្រោម:

  • ល្បឿន​លឿន​ជាង​មុន
  • កាមេរ៉ា​ល្អ​ជាង​មុន
  • រចនា​អេក្រង់​ថ្មី​លើ iPhone X
  • មុខងារ​ថ្មី​ដូច​ជា​សាក​ថ្ម​រហ័ស, សាក​ថ្ម​ឥត​ខ្សែ ប៉ុន្តែ​ត្រូវ​ចំណាយ​ថែម
  • មុខងារ AR
  • មុខងារ​ការពារ​ទឹក។

បើ​អ្នក​គិត​ថា​ ៦ ចំណុច​ខាង​លើ​នេះ ពិត​ជា​ចាំ​បាច់​សម្រាប់​អ្នក នោះ​អ្នក​អាច​បោះបង់ iPhone 6s ហើយ​ចំណាយ​ថវិកា​បន្ថែម​ខ្ទង់ ២៥០ ដុល្លារ ដល់​ជាង ៦៥០ ដុល្លារ (បូក​ការ​ទិញ​ឧបករណ៍​ក្រៅ) សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​នៃ​ទូរសព្ទ iPhone 8 ឬ iPhone X។ ប៉ុន្តែ​បើ​អ្នក​ទិញ​ត្រឹម iPhone 6s ធម្មតា ម្ល៉ោះ​អ្នក​អាច​សល់​លុយ​ជាង ៦០០ ដុល្លារ​ទៅ​ទិញ​កាមេរ៉ា DSLR កម្រិត​មធ្យម​មួយ ឬ​ទិញ​កុំព្យូទ័រ​ម៉ាស៊ីន​ខ្លាំង​មួយ និង​ចុង​ក្រោយ​អាច​ទិញ​ស្មាតហ្វូន​ម៉ូដែល​ផ្សេង​បាន​មួយ​គ្រឿង​ប្រើ​ថែម​ទៀត​ផង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Businessinsider   ប្រែសម្រួល៖ កៅ រក្សា