សំណើព្យួរពន្ធ១០ឆ្នាំ របស់​ក្រុម​ផលិតករ ទំនង​មិនទទួលបាន​ផ្លែផ្កា

  • 2017-11-21 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទូច​សុំ​ពី​សំណាក់​ក្រុម​ផលិតករ​ទៅ​កាន់​រដ្ឋាភិបាល ដោយ​សុំ​ព្យួរ​ពន្ធ​រយៈពេល​១០​ឆ្នាំ ដើម្បី​ឱ្យ​ផលិត​ក​រឹង​ដៃ​ជើង ស្រប​ពេល​វិស័យ​ភាពយន្ត កំពុង​តែ​ស្ទុះ​ឡើងវិញ ទំនង​ជា​មិន​អាច​ទៅ​រួច​ ព្រោះ​​នេះ​ជា​កាតព្វកិច្ច​ ដែល​ក្រុម​ផលិតករ ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ប៉ុក បូរក្ស ប្រធាន​ស្ដី​ទី ​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ វប្បធម៌ នៃ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ ក្រោយ​បាន​ចូល​រួម​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល និង​ការ​ជួយ​ជ្រោមជ្រែង​នានា ដើម្បី​ជួយ​ដល់​ផលិតករ។

លោក ប៉ុក បូរក្ស ប្រធាន​ស្ដី​ទី ​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ វប្បធម៌

លោក​បន្ត​ថា សំណើ​បាន​ដាក់​ជូន​រដ្ឋាភិបាល​រួច​ហើយ ចំពោះ​កង្វល់​របស់​ក្រុម​ផលិតករ​ ជា​ពិសេស​សំណើ​សុំ​ព្យួរ​ពន្ធ​រយៈ​ពេល​ ១០​ឆ្នាំ​នេះ​។ យ៉ាង​ណា​គោលការណ៍​រដ្ឋាភិបាល​ គឺ​តម្រូវ​ឲ្យ​បណ្ដា​ផលិតកម្ម​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​ជា​ដាច់​ខាត​ ដែល​ធ្វើ​ឲ្យ​នាយក​ស្ដី​ទី​រូប​នេះ ហាក់​មិន​សូវ​មាន​សង្ឃឹម។

យ៉ាង​ណា​ក៏​ដោយ​លោក ប៉ុក បូរក្ស នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ រាជ​រដ្ឋាភិបាល​អាច​ពិចារណា​លើ​បញ្ហា​​នេះ ដើម្បី​សម្រួល​ដល់​បណ្ដា​ផលិតកម្ម​ក្នុង​ស្រុក​នា​នា។ ទន្ទឹម​នឹង​ការ​សង្ឃឹម​នេះ លោក​បាន​អះអាង​ថា ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល បាន​ខ្នះខ្នែងជួយ​ដល់​ផលិតករ​ជា​ច្រើន​មក​ហើយ។ ក្នុង​នោះ ដោយចាប់ពីឆ្នាំ២០១៨ តម្លៃ​សំបុត្រ​នៅ​តាម​រោង​ភាពយន្ត​នានា នឹង​ត្រូវ​ដំឡើង ដើម្បី​ឲ្យ​ផលិតករ​មាន​ចំណូល​ថែម​មួយ​កម្រិត​ទៀត​។

មួយ​វិញ​ទៀត​ រាល់​ឧបករណ៍​ដែល​ផលិតករ​ទិញ​មក​ពី​បរទេស មិន​ត្រូវ​បង់ពន្ធ​នោះ​ទេ ហើយ​អ្វី​ដែល​ពិសេស​ គឺ​ទីតាំង​ថត​ផ្សេងៗ ដែល​ក្រុម​ផលិតករ​តែង​ត្អូញត្អែរ​ពី​ផល​លំបាក​ក្នុង​ការ​ស្នើ​សុំ ​ក្រសួង និង​រដ្ឋាភិបាល បាន​ជួយ​សម្រួល​អស់​ហើយ​ដែរ ដោយ​មិន​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ត​ទៀត​ទេ។

លោក ចាន់ណា រ៉ូណាន់

ទាក់​ទង​បញ្ហា​នេះ ផលិតករ​វ័យ​ក្មេង​លោក ចាន់ណា រ៉ូណាន់ ធ្លាប់​ប្រកាស​ថា លោក​នឹង​ឈប់​ផលិត​កុន​ ប្រសិន​បើ​ក្រសួង​នៅ​តែ​មាន​វិធានការ​​ឲ្យ​បង់​ពន្ធ​ដ៏​ច្រើន​បែប​នេះ។ លោក​លើក​ឡើង​ថា លោក​ហាក់​មិន​ជំទាស់​នោះ​ទេ ប្រសិន​បើ​រដ្ឋ​តម្រូវ​ដាច់​ខាត​ត្រូវ​តែ​បង់ពន្ធ​បែប​នេះ។ លោក​បន្ត​ថា គោលការណ៍​រដ្ឋាភិបាល បាន​ដាក់​ចេញ​បែប​នេះ​ហើយ ក្នុង​នាម​ផលិតករ​ដូច​លោក គឺ​ត្រូវ​តែ​អនុវត្តន៍​តាម។ យ៉ាង​ណា​លោក​ស្នើ​ឲ្យ​ក្រសួង និង​រដ្ឋាភិបាល ពិចារណា ឬ​អាច​បន្ធូរ​បន្ថយ​បន្ថែម​ទៀត​ ខណៈ​ការ​ផលិត​ភាពយន្ត​នេះ ផលិតករ​ទើប​តែ​រឹង​ដៃ​រឹង​ជើង​តិច​មួយ​ប៉ុណ្ណោះ។

រូបតំណាង

សំណើ​សុំ​ព្យួរ​ពន្ធ​រយៈ​ពេល ១០ឆ្នាំនេះ ត្រូវ​ក្រុម​ផលិតករ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​យូរ​ណាស់​មក​ហើយ​ ប៉ុន្តែ​សំណើ​នេះ ហាក់​មិន​ទទួល​ផ្លែ​ផ្កា​នោះ​ទេ​។ យ៉ាង​ណា​ ក្រសួង និង​រដ្ឋាភិបាល ​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ជា​ច្រើន ដើម្បី​ឲ្យ​ផលិតករ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ​ក្នុង​ការ​ផលិត​ភាពយន្ត៕

ចុចអាន៖

អត្ថបទ៖ ចរិយា

អត្ថបទថ្មី