ស្ទើរមិនជឿ! ឆ្កែ​​ក្លាហាន​មួយ​ក្បាល​ធ្វើដំណើរ​ជាង ១ ៥០០ គីឡូម៉ែត្រ​ ដើម្បី​ស្វែង​រក​ម្ចាស់

  • 2018-01-20 03:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពស្មោះត្រង់​គឺជា​លក្ខណៈ​មួយ​ដែល​បាន​ផ្សារភ្ជាប់​ជាមួយ​សត្វ​ឆ្កែ​ជា​យូរយារ​មក​ហើយ។ យ៉ាងណាមិញ កូន​ឆ្កែ​មួយ​ក្បាល​មាន​អាយុ​៣​ឆ្នាំ បាន​ធ្វើ​ដំណើរ​គ្រប់​ច្រកល្ហក​ក្នុង​ប្រទេស​អូស្ត្រាលី ចម្ងាយ​ប្រមាណ ១ ៥០០ គីឡូម៉ែត្រ ដើម្បី​ស្វែង​រក​ម្ចាស់​នៅ​ពេល​ដែល​គ្រួសារ​របស់​​សត្វ​ចិញ្ចឹម​នេះ ទៅ​ដើរ​លេង​សម្រាប់​វិស្សមកាល ហើយ​ទុក​កូន​ឆ្កែ​​ឲ្យ​នៅ​ផ្ទះ​តែ​ឯង។ នេះ​បើ​តាម​ ទស្សនាវដ្តី​ Time ចុះ​ផ្សាយ​ថ្មីៗ​នេះ។

បើ​តាម​ប្រភព​ព័ត៌មាន​​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​អូស្រ្តាលី 7 Adelaide ហើយ​ត្រូវ​បាន​ដកស្រង់​ដោយ Time កូន​ឆ្កែ​ក្លាហាន​មួយ​ក្បាល បាន​ធ្វើ​ដំណើរ​​ពី រដ្ឋ Queensland ភាគ​អាគ្នេយ៍ រហូត​ដល់ ទីក្រុង Snowtown ភាគ​ខាងត្បូង​ប្រទេស អូស្រ្តាលី ដើម្បី​ស្វែង​រក​ម្ចាស់ ដោយ​កូន​ឆ្កែ​បាន​ បាន​​ទៅ​ចាំ​នៅ​ផ្លូវ​ជាតិ​ហើយ​បាន​​លាក់​ខ្លួន​ក្នុង​ឡាន​ដឹកឥវ៉ាន់​មួយ។

ធ្វើ​ដំណើរ​បាន​ជាង ៦០០ គីឡូម៉ែត្រ​ទើប​ម្ចាស់​ឡាន​ដឹក​ឥវ៉ាន់​ខាង​លើ​ដឹង​ថា​មាន​ឆ្កែ​មួយ​នៅ​ខាង​ក្រោយ​ឡាន​របស់​ខ្លួន រួច​ហើយ​ម្ចាស់​ឡាន​បាន​យក​ឆ្កែ​នោះ​មក​អង្គុយ​មុខ​ជា​មួយ​គ្នា​ធ្វើ​ដំណើរ​ដល់​ទីក្រុង Snowtown ភាគ​ខាង​ត្បូង​ប្រទេស​អូស្រ្តាលី មុន​នឹង​បញ្ជូន​​អ្នកក្លាហាន​តូច​ត្រលប់​ទៅ​ផ្ទះ​វា​វិញ​នៅ​រដ្ឋ Queensland។

គ្រួសារ​របស់​កូន​ឆ្កែ​នេះ​បាន​ប្រាប់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​កូន​ឆ្កែ​ឈ្មោះ Rusty នេះ​បាន​​ចេញ​តាម​រក​ពួកគេ។ លើក​មុន សុនក​៣​ខួប​នេះ ធ្លាប់​បាន​ធ្វើ​ដំណើរ​ជាង ២៥០ គីឡូម៉ែត្រ​រួច​ម្តង​ហើយ​ដើម្បី​តាម​រក​ពួកគេ ដែល​ចេញ​បាត់​ពី​ផ្ទះ​មិន​បាន​យក​វា​ទៅ​ជាមួយ។ ប្រភព​ខាងលើ​បន្ត៕

ប្រភព៖ Time   ប្រែ​សម្រួល៖ សុខ លាងហ៊ត