សិប្បកម្ម​​កញ្ឆេរ ជាមុខរបរ​ប្រពៃណី អ្នកភូមិអូរតូច ឃុំ​អណ្ដូងខ្មែរ ស្រុកកំពត

  • 2018-03-12 03:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ២ នឹង​បង្ហាញ​សកម្មភាព​របស់​អ្នក​ភូមិ​អូរតូច ឃុំអណ្ដូង​ខ្មែរ ស្រុកកំពត ដែល​បាន​ចាប់របរ​ធ្វើ​​កញ្ជោរ ឬ​ហៅថាលួ ជាច្រើន​ឆ្នាំមកហើយ ដែលរបរ​នេះ​ជួយជីវភាព​ប្រចាំថ្ងៃ​របស់​អ្នកភូមិ។ ចង់ដឹងវិធីធ្វើកញ្ជោរ របៀបម៉េចខ្លះ​នោះ សូមទស្សនា​រូបភាព និង ការ​អត្ថាធិប្បាយ​ ខាងក្រោម​នេះ​៖

១. អ្នកស្រី ហូង ណាត អាយុ៤៣ឆ្នាំ ប្រកបរបរធ្វើកញ្ឆេរលក់ (អ្នកកំពតហៅថា លួ) នៅភូមិអូរតូច ឃុំអណ្ដូងខ្មែរ ស្រុកកំពត ខេត្តកំពត។ អ្នកស្រីប្រកបរបរនេះ ជាង២០ឆ្នាំមកហើយ គឺតាំងពីនៅលីវរហូតដល់មានគ្រួសារ។ អ្នកស្រីចេះធ្វើកញ្ឆេរ តាមរយៈការមើលអ្នកដទៃត្បាញតែប៉ុណ្ណោះ។ ដោយសារការឧស្សាហ៍ព្យាយាម អ្នកស្រី ហូង ណាត បានក្លាយជាអ្នកត្បាញកញ្ឆេរដ៏ស្អាតល្អ និង មានទីផ្សារ។

២. ប្ញស្សី និង ផ្តៅ គឺជាវត្ថុធាតុដើមសំខាន់ក្នុងការធ្វើកញ្ឆេរ។ នៅមុនពេលមិនទាន់ មានប្តី អ្នកស្រី ហូង ណាត ត្រូវឡើងភ្នំដើម្បីទៅកាប់ប្ញស្សីដោយខ្លួនឯង។ តែបច្ចុប្បន្ននេះ ប្តីអ្នកស្រីជាអ្នករ៉ាប់រងទៅកាប់ប្ញស្សីជំនួស។ ហើយពេលខ្លះ អ្នកស្រី ត្រូវទិញប្ញស្សីពីអ្នកជិតខាងដែលឡើងទៅកាប់នៅលើភ្នំចម្ងាយ ៧ ទៅ ១០គីឡូម៉ែត្រពីភូមិ។ នៅក្នុងរូបនេះ អ្នកភូមិម្នាក់ដឹកប្ញស្សីមកលក់ឱ្យអ្នកស្រី ហូង ណាត។

៣. ប្ញស្សីដែលកាប់រួចហើយ ត្រូវទម្លាក់មកជើងភ្នំ ហើយត្រូវពុះច្រៀកជាបន្ទះតូចៗ រួចដឹកជញ្ជូនតាមកង់ ឬម៉ូតូ មកកន្លែងធ្វើកញ្ឆេរ។ នៅមុនពេលត្បាញកញ្ឆេរ បន្ទះប្ញស្សីទាំងនោះ ត្រូវហាលថ្ងៃឱ្យស្រពាប់បន្តិច និង ត្រូវបិតឱ្យស្អាតតាមទំហំ ដែលគេចង់បាន។ នៅក្នុងរូបនេះ អ្នកស៊ីឈ្នួលរបស់អ្នកស្រី ហូង ណាត កំពុងបិតបន្ទោះប្ញស្សី នៅក្រោមដើមឈើនាកន្លែងធ្វើកញ្ឆេរ។

៤. អ្នកស្រី ហូង ណាត កំពុងត្បាញកញ្ឆេរដោយចាប់ផ្តើមពីផ្នែកគូទទៅមុន (ក-គូទ)។ដោយមានជំនួយពីអ្នកជិតខាង បច្ចុប្បន្នអ្នកស្រី ហូង ណាត ត្បាញកញ្ឆេរបាន ចំនួនពី ៧ ទៅ ៨ ក្នុងមួយថ្ងៃៗ។ ប៉ុន្តែកាលត្បាញតែម្នាក់ឯង អ្នកស្រីអាចត្បាញបានពី ៣ ទៅ ៥ ក្នុងមួយថ្ងៃៗ។

៥. អ្នកស្រី ហូង ណាត មានសមត្ថភាពអាចត្បាញកញ្ឆេរបានគ្រប់ទំហំទៅតាមការបញ្ជាទិញពីឈ្មួញកណ្តាល។ ភាគច្រើន កញ្ឆេររបស់អ្នកស្រី លក់មួយក្នុងតម្លៃពី១ម៉ឺនរៀលទៅ ៣ម៉ឺនរៀល។ ហើយយ៉ាងហោចណាស់ អ្នកស្រីអាចរកប្រាក់ចំណូលបាន ១០០ដុល្លារ ក្នុងរយៈពេល៥ថ្ងៃ។ ប្រាក់ចំណូលនេះ ក៏នឹងត្រូវចែកចាយទៅអ្នកស៊ីឈ្នួលរបស់អ្នកស្រី ទៅតាមការងារដែលពួកគេធ្វើផងដែរ៕

សូមចុចអាន៖

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម