៣ ចំណុច​​និយាយ​ពី​តិចនិក​ហ្វឹកហាត់​របស់​ជម្រើស​ជាតិ​ម្សិល​មិញ

  • 2018-10-05 03:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រមូល​ផ្ដុំ​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​ក្រុម​ទីម័រខាងកើត នា​ថ្ងៃ​ទី​១២ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

ក្នុង​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​មួយ​​លោក ​Felix Agustin Gonzalez Dalmas ដៃ​ស្ដាំ​របស់​ Honda ​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​​៣​ចំណុច​ ដែល​ពេល​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន៖

១​-ចង្វាក់​លេង៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ការ​ហ្វឹកហាត់​ជា​មួយ​​ចង្វាក់​លេង​ខ្លី​ និង​លឿន​ ដែល​ទទួល​បាន​ការ​ប្រាប់​ពី​លោក Felix Agustin Gonzalez Dalmas ប្រាប់​ទៅ​កាន់​កូន​ក្រុម​ក្នុង​ពេល​ហ្វឹកហាត់​។ ចង្វាក់​លង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុម​កម្ពុជា​បាន​ប្រើ​​ក្នុង​អំឡុង​​ប្រកួត​មិត្ត​ភាព​ទល់​ក្រុម​ម៉ាឡេស៊ី​​កាល​ពី​ពេល​កន្លង​ទៅ​។ ជា​មួយ​គ្នា​នោះ​កីឡាករ​ទាំង​អស់​​បាន​ប្រឹង​រត់​ដេញ​បាល់​ម្ដង​២​ឬ​៣ នាក់​នៅ​ពេល​បាត់​បាល់​ ដោយ​ល្បឿន​លឿន​ៗ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

២-​ចាន់​ វឌ្ឍនាកា ៖ សកម្មភាព​ហ្វឹកហាត់​កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ចាន់​ វឌ្ឍនាកា ​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​នៅ​តំបន់​បម្រើ។ តួនាទី​នេះ​គឺ​ដូច​ទៅ​​នឹង​តួនាទី​ដែល​ វឌ្ឍនាកា លេង​នៅ​​ក្លឹប Pahang FA របស់​ម៉ាឡេស៊ី។ តំបន់​បម្រើ​ដែល​គ្រូ​រៀប​ឲ្យ​ វឌ្ឍនាកា លេង​នេះ​​គឺ​ខុស​ពី​កន្លែង​ដែល​រូប​គេ​លេង​នៅ​បឹង​កេត​រាល់​ដង ដោយ​លេង​ជា​ខ្សែ​ប្រយុទ្ធ​។

ចាន់ វឌ្ឍនាកា (ស្ដាំ)

៣-​មាន​កីឡាករ​ម្នាក់​ពាក់​អាវ​កាក់​ខុស​គេ ​​ក្រោយ​ពេល​​បែង​ចែក​កីឡាករ​ជា​ពីរ​ក្រុម​៖ ក្នុង​ក្រុម​ជម្រើស​ជាតិ​កាល​ពី​ម្សិល​មិញ​នេះ​មាន​កីឡាករ​តែ ១៧ នាក់​ប៉ុណ្ណោះ​ ដែល​បាន​​ប្រមូល​ផ្ដុំ ដោយ​សារ​អ្នក​ខ្លះ​ជាប់​ភារកិច្ច​ជួយ​ក្លឹបរៀង​ៗ​ខ្លួន​។ ក្នុង​ចំណោម​១៧ នាក់​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ ដើម្បី​ចែក​ក្រុម​លេង​​ ប៉ុន្តែ​ដោយសារ​ចំនួន​សេស​ដូច្នេះ​តម្រូវ​ឲ្យ​មាន​ម្នាក់​ពាក់​អាវ​​កាក់​ពណ៌ទឹក​ក្រូច​ខុស​គេ ដើម្បី​រៀប​ចំ​ប្រពន្ធ​លេង​តាម​ក្បួន​គ្រូ​ប្រាប់ ដោយ​អ្នក​ដែល​មាន​ចំនួន​លើស​នោះ​ត្រូវ​​ប្ដូរ​ជួ​យ​ក្រុម​ម្ដង​ម្នាក់​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​