សហព័ន្ធ​ MMAកម្ពុជា​បង្ហាញ​គោលដៅ​សំខាន់ចំពោះមុខ​

  • 2018-10-26 07:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្តាហ៍​នេះ​ក្បាច់​គុន​ចម្រុះ​​នៅ​កម្ពុជា​បាន​បោះ​ជំហាន​ដើរ​ទៅ​មួយ​ដំណាក់​កាល​ហើយ​គឺ​បង្កើត​​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​ជា​ផ្លូវ​ការ​ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

មហាសន្និបាត​បង្កើត​សហព័ន្ធ​ជា​ផ្លូវ​ការ

មហា​សន្និបាត​លើក​ទី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រកាស​សុពលភាព​សហព័ន្ធ​ MMA កម្ពុជា​​​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា ឆ្នាំ​២០១៨​នៅ​ទី​ស្នាក់​ការ​នៃ​គណៈកម្មារធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​មាន​វត្តមាន​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​ NOCC ជា​អធិបតី​ និង​ស្ថាបនិក​ក្លឹប​ Cambodian Top Team លោក​ ហ៊ុន ច័ន្ទរាជ​ ព្រម​ទាំង​កីឡាករ​ កីឡា​ការិនី​យ៉ាង​ច្រើន​កុះករ។ លោក​ ហ៊ុន ច័ន្ទរាជ​ ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​​ឲ្យ​កីឡា​ MMA ដុះដាល​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ការ​បញ្ជូន​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។

បន្ទាប់​ពី​សហព័ន្ធ​ត្រូវ​បាន​ចាប់​បដិសន្ធិ​ឡើង លោក ហ៊ុន ច័ន្ទរាជ បាន​ទទួល​​ការងារ​ជា​អគ្គលេខាធិការ​​សហព័ន្ធ​ក្នុង​នាម​ជា​ស្ថាបនិក​ម្នាក់។ លោក​ប្រាប់​ថា ៖ «នេះ​ជា​ជំហាន​ថ្មី​មួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កីឡា​ MMA ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ»។

«យើង​មាន​កីឡាករ​ជា​ច្រើន ប៉ុន្តែ​​មិន​មាន​ខ្សែ​បណ្តាញ​ណា​សម្រាប់​ពួកគាត់​បង្ហាញ​ទេពកោសល្យ​ សមត្ថភាព​​នោះ​ទេ។ ឥឡូវ​នេះ​ យើង​ចង់​បន្ថែម​មួយ​ជំហាន​ទៀត​ ដោយ​បង្កើត​ជា​សហព័ន្ធ​សិល្បៈ​យុទ្ធ​គុន​ចម្រុះ​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ក្លឹប​ហ្វឹកហាត់​MMA ទាំង​អស់​នៅ​កម្ពុជា»។

លោក ហ៊ុន ច័ន្ទរាជ

ដោយ​ឡែក​លោក​​ កែបិន​ សូរស្មី អនុប្រធាន​ បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រឹង​ប្រែង​រួម​គ្នា​របស់​ប្រទេស​មួយ។ លោក​ថា៖ «អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​ គឺ​វាយ​តម្លៃ​ស្ថានភាព​​ជា​មុន​សិន​ ថា​ តើ​មាន​ក្លឹប​ប៉ុន្មាន​ ដែល​យើង​អាច​ទុក​ចិត្ត​បាន ហើយ​មាន​កីឡាករ​ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស។

យើង​ត្រូវ​តែ​ប្រមូល​ផ្តុំ​កម្លាំង​​ឲ្យ​អស់​ដើម្បី​ខិត​ខំ​លើក​ទង់​ជាតិ​កម្ពុជា​របស់​យើង​​ឲ្យ​ខ្ពស់​ជាង​មុន​លើ​ឆាក​សិល្បៈ​ក្បាច់​គុន​ចម្រុះ​យើង។ មាន​រឿង​ច្រើន​ដែល​យើង​បាន​ឆ្លង​កាត់​រួច​ហើយ​ ប៉ុន្តែ​ទាំង​អស់​គ្នា​យើង​អាច​ធ្វើ​បាន​ ​យើង​នឹង​ធ្វើ​ ហើយ​ធ្វើ​ឲ្យ​កាន់​តែ​ល្អ»។

លោក​បន្ត​ថា ៖«តាំង​ពី​ប្រវត្តិសាស្ត្រ​​មក​ កម្ពុជា​មាន​សង្គ្រាម​ជា​ច្រើន​ហូរហែ​ ដូច្នេះ​ប្រជាជន​ខ្មែរ​យើង​ក៏​បាន​បង្កើត​ក្បាច់​គុន​ធំ​ៗ និង​មាន​បែប​បទ​ច្រើន​ខុស​ៗ​គ្នា។ សិល្បៈ​ក្បាច់​គុន​ចម្រុះ​គឺ​ជា​ទម្រង់​ក្បាច់​មួយ​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​ពី​ប្រពៃណី​នៃ​ក្បាច់​ទាំង​នោះ។ ចាប់​ពី​ពេល​នេះ​ទៅ​ កីឡាករ​ប្រដាល់​ក្នុង​ស្រុក​នឹង​មាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ ហើយ​សហព័ន្ធ​មាន​ភាព​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ អនាគត​របស់​កីឡាករ​យើង​នឹង​មាន​ភាព​ភ្លឺ​ស្វាង​ និង​រីក​ចម្រើន​ជា​គ្រឹះ​សម្រាប់​ក្បាច់​គុន​ចម្រុះ​ទៅ​ថ្ងៃ​អនាគត»។

លោក​ សូរស្មី​ បន្ថែម​ទៀត​ថា ៖«យើង​ចង់​ឱ្យ​កីឡាករ​ក្បាច់​គុន​ចម្រុះ​ជំនាន់​មុន​ និង​ជំនាន់​ក្រោយ​ទទួល​បាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ហើយ​ដូច្នេះ​គាត់​នឹង​អាច​ហ្វឹតហាត់​បាន​ល្អ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។ ឥឡូវ​ហ្នឹង​យើង​នៅ​តូច​ហើយ​ក្មេង​ណាស់​ មិន​គួរ​ប្រកួត​ប្រជែង​ ឬ​ប្រយុទ្ធ​គ្នា​ឡើយ​។ មាន​តែ​ត្រូវ​សាមគ្គី​គ្នា និង​ត្រូវ​តែ​រួម​គ្នា​ដើម្បី​កសាង​សិល្បៈ​កីឡា​នេះ​ឱ្យ​បាន​ជោគជ័យ​ត្រឹមត្រូវ»៕

មហាសន្និបាត​បង្កើត​សហព័ន្ធ​ជា​ផ្លូវ​ការ

អត្ថបទ៖ Matias Andres