មន្ត្រីជំនាញ៖ ខេត្តមណ្ឌលគិរី អាចដាំដំឡូងបារាំង បានផលរាប់តោនក្នុងមួយហិចតា
- 2019-01-24 07:50:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីជំនាញ៖ ខេត្តមណ្ឌលគិរី អាចដាំដំឡូងបារាំង បានផលរាប់តោនក្នុងមួយហិចតា
ចន្លោះមិនឃើញ
លទ្ធផលពិសោធន៍រយៈពេល៣ឆ្នាំជាប់ៗគ្នាបានបង្ហាញថា ខេត្តមណ្ឌលគិរីអាចដាំដំឡូងបារាំងបាន ហើយទទួលទិន្នផលល្អប្រសើរថែមទៀតផង។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយមហាវិទ្យាល័យកសិកម្មចម្ការដួង បានធ្វើការពិសោធន៍លើការដាំដុះនេះនៅលើផ្ទៃដីក្នុងក្រុងសែនមនោរម្យ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថា ដំឡូងបារាំងពិតជាអាចដាំបាននៅក្នុងខេត្តមណ្ឌលគិរី ប្រាកដមែន។ លោកកថា ការជ្រើសរើសពូជសមស្របនឹងអាកាសធាតុនៅខេត្តមណ្ឌលគិរីជាមូលហេតុនាំឱ្យការដាំដំឡូងបារាំងទទួលទិន្នផលខ្ពស់។ លោកសង្ឃឹមថា ឆ្នាំក្រោយ ការដាំដំឡូងបារាំងនេះ នឹងអាចសាយភាយដល់កសិករ ហើយមានចំណាប់អារម្មណ៍ដាំដុះច្រើនឡើង។
លោក សាស្ត្រាចារ្យ ជាង ហុង ព្រឹទ្ធបុរស នៃមហាវិទ្យាល័យ វិទ្យាសាស្ត្រកសិកម្ម បានឱ្យដឹងថា សម្រាប់កម្ពុជា ការដាំដំឡូងបារាំង ក្នុង១ហិកតា អាចបានទិន្នផល១៧តោន ទៅ ២០តោន និងអាចលក់បានក្នុង១គីឡូក្រាម ៤ ០០០រៀល។ ដូច្នេះបើ ១ហិកតាបានទិន្នផល ១៧តោន យ៉ាងតិចកសិករ ក៏អាចលក់បានជាង ១ម៉ឺនដុល្លារដែរ។
ទោះកម្ពុជាអាចបានទិន្នផលខ្ពស់ក៏ពិតមែន តែនៅមិនទាន់អាចប្រៀបនឹងបណ្ដាប្រទេសមួយចំនួននៅ អ៊ឺរ៉ុបបានឡើយ។ នេះបើតាមលោក សាស្ត្រាចារ្យ ជាង ហុង ព្រឹទ្ធបុរស នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម។
ចំណែក លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃវិទ្យាល័យភូមិន្ទកសិកម្ម បានបន្ថែមថា ភារកិច្ចរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានធ្វើការបណ្ដុះបណ្ដាលដល់និស្សិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកសិកម្ម ក្រៅពីបណ្ដុះបណ្ដាលគឺសាកលវិទ្យាល័យបន្តផ្សព្វផ្សាយនូវរបបគំហើញថ្មីៗដូចគ្នាទៅនឹងការពិសោធន៍បច្ចេកទេសដាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរីក្នុងពេលបីឆ្នាំកន្លងមកនេះ។ លោកបានស្នើឱ្យមានកិច្ចសហការគ្នាបន្ថែមទៀតរវាងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីជួយដល់កសិករដែលមានចំណាប់អារម្មណ៍ដាំដំឡូងបារាំងនេះ៕
រូបភាពផ្ដល់ឲ្យ