Smart ចេញ​មុខ​​​ជម្រះ​ការ​ចោទ​ប្រកាន់​​​នាំ​ iPhone ​ថៃ​មក​លក់​

  • 2014-11-25 22:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​មួយ​ចំនួន​បាន​សំដែង​ការ​ខកចិត្ត ក្រោយ​ពេល​ក្រុមហ៊ុន Smart បាន​នាំ iPhone 6/6Plus មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយ​ចម្រូងចម្រាស។ ពួកគេ​មិន​សប្បាយ​ចិត្ត មិន​ត្រឹមតែ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​ទូរសព្ទ​ដែល​ពួកគេ​ចាំ​យ៉ាង​អន្ទះសា តែ​​ក៏​​មាន​ការ​​ចោទ​ប្រកាន់​ក្រុមហ៊ុន​​ថា​បាន​បោកប្រាស់​ក្នុង​ការ​នាំ iPhone 6/6 Plus ពី​ថៃ​ ខុស​ពី​ការ​អះអាង​​​​ដំបូង​​ពេល​ដែល​​ក្រុមហ៊ុន​​​បើក​ឲ្យ​អតិថិជន​ចុះឈ្មោះ​ទិញ​មុន​។

 

 

ជុំវិញ​បញ្ហា​នេះ Sabay បាន​ជួប​សម្ភាសន៍​ជាមួយ​លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart ជុំវិញ​ភាព​យឺតយ៉ាវ និង​ការ​ចោទ​ប្រកាន់​នានា​ដើម្បី​ស្រាយ​ចម្ងល់​ដល់​អតិថិជន​ក៏​ដូចជា​ប្រិយមិត្ត​អស់​មន្ទិល​សង្ស័យ។

 

Sabay៖ ពិត​ទេ ដែល iPhone ដែល Smart ដាក់​លក់​គឺ​នាំ​មក​ពី​ថៃ ខុស​ពី​ការ​សន្យា​​តាម​ចោទ​ប្រកាន់​របស់​អតិថិជន​ថា នឹង​ជា​ផលិតផល​ពី​សិង្ហបុរី?

 

Thomas Hundt៖ មិន​ពិត​នោះ​ទេ Smart បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ក្រុមហ៊ុន​មេ Apple ក្នុង​ការ​នាំ iPhone មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ iPhone 6/6 Plus ដែល​ក្រុមហ៊ុន​នាំ​មក​គឺ​នាំ​ចូល​ផ្ទាល់​ពី​រោងចក្រ Foxconn ដែល​ជា​ទីតាំង​ផលិត iPhone ចែកចាយ​នៅ​ទូទាំង​ពី​ពិភពលោក។ យើង​មិន​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ឬ​ពី​ប្រទេស​ណា​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ចំណែក​ការ​ចោទ​ប្រកាន់​ទៀត​ថា ក្រុមហ៊ុន​ធ្លាប់​បាន​សន្យា​នាំ​ iPhoneពី​សិង្ហបុរី​ក៏​មិន​ពិត​ដែរ។ អ្វី​ដែល​ក្រុមហ៊ុន​សន្យា​និង​ធានា​ដល់​អតិថិជន​គឺ​ក្រុមហ៊ុន​នឹង​នាំ​ផលិតផល​ iPhone ពិតៗ​ពី​ក្រុម​ហ៊ុន​មេ​ដោយ​ផ្ទាល់ រួម​ទាំង​ការ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អតិថិជន ដែល​ទិញ​ផលិតផល iPhone ពី​ក្រុមហ៊ុន Smart។

 

Sabay៖ អតិថិជន​បាន​លើក​ពី​លេខ​កូដ​សម្គាល់ TH ដែល​បង្ហាញ​ថា​ជា​លេខ​កូដ​សម្គាល់​សម្រាប់​ទូរសព្ទ​របស់​ថៃ នោះ​យ៉ាង​ម៉េច​វិញ?

 

Thomas Hundt៖ នោះ​គ្រាន់​តែ​ជា​ការ​សម្គាល់​ទីផ្សារ​សម្រាប់​បែងចែក​របស់ Apple នៅ​តាម​ប្រទេស​នានា​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​យើង​អាច​និយាយ​បាន រាល់​ផលិតផល​ដែល​ក្រុមហ៊ុន​ផលិតផល​គឺ​ទាំង​គុណភាព បច្ចេកវិទ្យា​មិន​ខុស​គ្នា​នោះ​ទេ។

 

Sabay៖ ហេតុ​អ្វី Smart សម្រេចចិត្ត​ដើម្បី​នាំ​យក​ទី​ទូរសព្ទ iPhone 6 របស់​ថៃ សម្រាប់​អតិថិជន​កម្ពុជា?

 

Thomas Hundt៖ វា​មិនមែន​ជា​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន Smart ទេ ប៉ុន្តែ​ជា​ការសម្រេច​ចិត្ត​របស់​ក្រុមហ៊ុន Apple ដើម្បី​ផ្តល់​ជូន Smart ផលិតផល​ដែល​សមស្រប​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា។ ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា មាន​ភូមិសាស្ត្រ​ក្បែរ​គ្នា​ដូច្នេះ​លក្ខណៈ​ការ​ប្រើប្រាស់​មិន​ខុស​គ្នា​នោះ​ទេ។ មិន​ថា​កម្ពុជា​នោះ​ទេ ភូមា ឡាវ ក៏ Apple តម្រូវ​ឲ្យ​ប្រើ Version ប្រទេស​នេះ​ដែរ។

 

Sabay៖ តើ​រវាង iPhone ថៃ និង​សិង្ហបុរី​ខុសគ្នា​យ៉ាង​ណា​ខ្លះ?

 

Thomas Hundt៖ និយាយ​ពី​បច្ចេកវិទ្យា និង​គុណភាព​មិន​មាន​អ្វី​ខុសគ្នា​នោះ​ទេ ពីព្រោះ Apple ផលិត​ឡើង​ជាមួយ​ស្តង់ដា​តែ​មួយ។ ប៉ុន្តែ​មាន​ខុស​គ្នា​មួយ​ចំនួន​ដូចជា iPhone សិង្ហបុរី​ប្រើ​ឌុយសាក​​ជើង ៣ ចំណែក​នៅ​ថៃ​ប្រើ​ឌុយសាក​​ជើង​ពីរ​ដូច​នៅ​​កម្ពុជា​នោះ​ដែរ។

 

Sabay៖ តើ​លោក​អាច​បញ្ជាក់បាន​ទេ មូលហេតុ​ដែល​ iPhone ដែល​ Smart ដាក់​លក់​ដល់​អតិថិជន​ទាប​ជាង​​​ទីផ្សារ​ខាង​ក្រៅ?

 

Thomas Hundt៖ ក្រុមហ៊ុន Smart ទិញ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន Apple ដូច្នេះ​ក្រុមហ៊ុន​អាច​ផ្ដល់​នូវ​តម្លៃ​ដែល​ល្អ​ប្រសើរ​ទៅ​ឱ្យ​អតិថិជន ខុស​ពី​ទីផ្សារ​ខាង​ក្រៅ​ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ដែល​លក់​ក្នុង​តម្លៃ​ខ្ពស់។ ជាមួយ​គ្នានេះ​ ​អតិថិជន​ទិញ​ពី​ក្រុមហ៊ុន Smart ​បាន​ភ្ជាប់​ជាមួយ​ការ​ធានា​ផ្លូវការ​ពី​ក្រុមហ៊ុន Apple ហើយ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​។

 

Sabay៖ ចុះ​ចំណែក​ភាព​យឺតយ៉ាវ​យ៉ាង​ម៉េច​ដែរ?

 

Thomas Hundtle៖ Apple មាន​ការ​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​ក្នុង​ការ​បញ្ចេញ​លក់​ផលិតផល​របស់​ខ្លួន នៅ​តាម​ទីផ្សារ​ប្រទេស​នានា។ ជាក់ស្ដែង​ ថ្ងៃ​ ២១ នេះ​ Apple បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា។ ទោះ​បី​ការ​រង់ចាំ​របស់​យើង​ដូច​យឺត​បន្តិច ប៉ុន្តែ​ក៏​អាច​និយាយ​បាន​ថា​ទីផ្សារ​​ប្រទេស​យើង​លឿន​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ផង ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ទីផ្សារ​ប្រើប្រាស់​ច្រើន​ជាង​យើង Apple នៅ​មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ។

 

អាន៖ Smart អះអាង​តម្លៃ​លក់​ iPhone ​របស់​ខ្លួន​ស្តង់ដា​ចេញ​ពី Apple

អាន៖ ចប់​យុទ្ធនាការ​លក់​អាវយឺត និស្សិត​ខ្មែ​រ​រៀន​នៅ​ជប៉ុនចាប់​ធ្វើ​ក្ដារ​ចុច​ឆ្លាត​វៃ​លើ​ប្រព័ន្ធ​​ Android

អាន​៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

អាន​៖ N-Gage ​ទូរសព្ទ​​ល្បី​​​ជំនាន់​ឆ្នាំ ២០០៤ លេច​មុខ​ជា​ថ្មី​​នាំ​ឲ្យ​សង្ស័យ​ទីផ្សារ​ប្រើប្រាស់​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា