ចិន​វ៉ា​ដាច់​ជប៉ុន​ក្លាយ​ជា​ទីផ្សារ​ភាគ​ហ៊ុន​ធំ​ជាង​គេ​ទី២ លើ​លោក

  • 2014-11-29 16:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ មហា​យក្ស​កុម្មុយនិស្ត​អាស៊ី​ចិន កំពុង​បង្ក​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​លើ​ឆាក​អន្តរជាតិ និង​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នានា។ បន្ទាប់​ពី​គ្រង​តំណែង​សេដ្ឋកិច្ច​​កំពូល​លើ​លោក ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នេះ បាន​ប្រឹង​ប្រែង​អភិវឌ្ឍ​ខ្លួន​ឥត​ឈប់ឈរ។ កាល​ពី​មុន​នេះ​បន្តិច មាន​របាយការណ៍​ថ្មី​មួយ​​បាន​បង្ហាញ​ថា ចិន​ហក់​មក​ឈរ​នៅ​លេខ២ ក្នុង​ចំណោម​ប្រទេស​មាន​ទីផ្សារ​ភាគ​ហ៊ុន​ធំ​ជាង​គេ​លើ​លោក ដោយ​ទម្លាក់​ជប៉ុន​ទៅ​លេខ​៣ ​វិញ។

 

 

ព័ត៌មាន​ដ៏​គួរ​ទុក​ចិត្ត​​នេះ ត្រូវ​ចេញ​ផ្សាយ​ដោយ​កាសែត​ជប៉ុន The Japan Times ដែល​មាន​ទីតាំង​នៅ​ទីក្រុង​តូក្យូ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តម្លៃ​ទីផ្សារ​ភាគ​ហ៊ុន​ចិន​កើន​ឡើង​ដល់​ទំហំ​ទឹក​ប្រាក់ ៤៤៨០​ពាន់​​លាន​ដុល្លារ បន្ទាប់​​ពី​មាន​ការ​ស្ទុះ​ឡើង ៣៣% ក្នុង​ឆ្នាំ​នេះ។ ចំណែក​ទីផ្សារ​ភាគ​ហ៊ុន​​ជប៉ុន​វិញ បាន​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម ៤៤៦០​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ ៣,២% តាំង​ពី​ចុង​ខែ​ធ្នូ។ នេះ​បើ​តាម​ទិន្នន័យ​ដែល​រៀបរៀង​ឡើង​ដោយ គេហទំព័រ Bloomberg របស់​សហរដ្ឋអាមេរិក។

 

ការ​ដណ្ដើម​យក​តំណែង​ពី​ជប៉ុន​នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​ចិន​ឈរ​នៅ​លំដាប់​ទី២ ក្នុង​ចំណោម​ប្រទេស​មាន​ទីផ្សារ​ភាគហ៊ុន​ធំជាង​លើ​លោក តាម​ពី​ក្រោយ​សហរដ្ឋអាមេរិក។ នេះ​គឺ​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ ដែល​ចិន​បាន​ហក់​មក​ឈរ​លើ​ជប៉ុន​វិញ។

 

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជប៉ុន​ចុះ​ខ្សោយ​រហូត​ចិន​ឆក់​បាន​តំណែង​នេះ គឺ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​​ប្រាក់​យេន​ធៀប​នឹង​ដុល្លារ​អាមេរិក ចំណែក​ឯ​ចិន​វិញ​មាន​សន្ទស្សន៍​កើន​ឡើង ៣​ដង​បើ​ប្រៀប​ធៀប​នឹង​ជប៉ុន។ ក្រៅ​ពី​នេះ នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត ដូច​ជា​កើន​ឡើង​ទំហំ​សេដ្ឋកិច្ច​ និង​គោល​ការណ៍​បើកចំហ​ចំពោះ​វិនិយោគិន​ជា​ដើម។

 

នេះ​គឺ​ជា​លើក​ទី២ ហើយ​ ដែល​ចិន​ធ្វើ​ឲ្យ​ជប៉ុន​ខក​ចិត្ត និង​ធ្លាក់​លេខ​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ប្រទេស​កុម្មុយនិស្ត​អាស៊ី ឆក់​យក​តំណែង​សេដ្ឋកិច្ច​លេខ​២ លើ​លោក ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ​កាល​ពី​ឆ្នាំ២០១០ កន្លង​ទៅ៕ ​​

 

ចុចអាន៖ ចិន​វ៉ា​ដាច់​អាមេរិក​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំជាង​គេ​លើ​លោក

 

ចុចអាន៖ អាវុធ​នុយក្លេអ៊ែរ​ចិន​កាន់​តែ​ខ្លាំង ពេល​គ្រង​តំណែង​មហា​អំណាច​សេដ្ឋកិច្ច

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ japantimes

អត្ថបទថ្មី