Mourinho​ ថា Chelsea ​នឹង​មិន​ទិញ​កីឡាករ​ថែម​​ទេ​

  • 2014-12-13 17:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​​Jose Mourinho​ អ្នក​ចាត់ការ​ក្រុម Chelsea បាន​និយាយ​ថា​លោក​គ្មាន​​គម្រោង​ទិញ​កីឡាករ​ថ្មី​​ថែម​ទេ ​នា​រដូវ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា​ខាង​​មុខ​នេះ។​

 

អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ជឿ​ជាក់​ថា​កីឡាករ​របស់​តោ​ខៀវ​បច្ចុប្បន្ន​ ​ល្មម​គ្រាប់​គ្រាន់​អាច​អុក​ឡុក​ក្នុង​ពាន​រង្វាន់​ទាំង​បួន ​បាន​ពេញ​ជើង​តែ​ម្ដង។

 

ក្នុង​ន័យ​នេះ លោក Mourinho និយាយ​ប្រាប់ BBC ថា៖​ "​យើង​មិន​អាច​ធ្វើ​ឲ្យ​ល្អ​ជាង​ការ​នៅ​កំពូល​តារាង League ក៏​ឈរ​លើ​គេ​ក្នុង​ពូល​នៅ Champions League និង​ការ​ឡើង​ដល់​វគ្គ​៨ក្រុម​ចុង​ក្រោយ Capital One Cup នោះ​ទៀត​ទេ"។

 

 

Chelsea នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ចាប់​ពី​យប់​នេះ​ទៅ ដោយ​លេង​៦​ប្រកួត​ក្នុង​ចន្លោះ​ពេល​២០ថ្ងៃ។ យប់​នេះតោ​ខៀវ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Hull City។ ដោយ​សារ​តែ​កាល​វិភាគ​ប្រកួត​ញឹក​ពេក Mourinho នឹង​ដាក់​ឲ្យ​កីឡាករ​ឈុត​ធំ​ខ្លះ​សម្រាក។

 

"ខ្ញុំ​គិត​ថា​គ្មាន​កីឡាករ​ណា​ម្នាក់​ដែល​ត្រូវ​លេង​ពេញ​៦ប្រកួត​នោះ​ទេ។ កីឡាករ​ណា​ដែល​ត្រូវ​លេង​គ្រប់​ប្រកួត នឹង​ត្រូវ​បន្ថយ​សល់​៥ ដូច្នេះ​ពួក​គេ​អាច​សម្រាក​បាន​១ប្រកួត"។

 

អតីត​អ្នក​ចាត់​ការ​​ក្រុម​ Porto, Inter Milan និងReal Madrid រូប​នេះ​​ នឹង​អនុញ្ញាតិ​ឲ្យ​កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​អឺរ៉ុប សម្រាក​២ថ្ងៃ​សប្ដាហ៍​ក្រោយ ក្រោយ​ពេល​ចប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ Capital One Cup ទល់​នឹង QPR នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ៕

 

ប្រែ​សម្រួល៖ ​អូន សៅណាត ប្រភព៖ ​BBC