​ភាពយន្ត​ខ្មែរ ៥​រឿង ​ចំណូល​​​​​ខ្ពស់​​បំផុត​ប្រចាំ​ឆ្នាំ​២០១៤ ​​(វីដេអូ)

  • 2014-12-25 13:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្មែរ​ចំនួន ៥​រឿង មក​ពី​ផលិតកម្ម​ ៤​​ផ្សេង​គ្នា ​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​នៅ​ឆ្នាំ​២០១៤។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

 

​លោក ស៊ិន ចន្ទសាយ៉ា និយាយ​ថា​មក​ទល់​នឹង​ពេល​នេះ​លោក​ទទួល​បាន​ទិន្នន័យ​រឿង​បី​រក​ចំណូល​បាន​ខ្ពស់​ក្នុង​ឆ្នាំ​២០១៤ គឺ​រឿង 2brothers ស្បែក​គង់ និង​រឿង​ ក្រឡ​អី​ហ្នឹង។

 

ដោយ​ឡែក​រឿង អា​ព្រឿង​ងាប់​ហើយ​ កំពុង​ដាក់​បញ្ចាំង​ត្រូវ​ប្រភព​ពី​រោង​ភាពយន្ត និង​ផលិតករ​ផលិត​រឿង​នេះ​ថា​ឈរ​នៅ​លំដាប់​ទី៤ ហើយ​លំដាប់​ទី៥ បាន​ទៅ​លើ​រឿង ខ្មោច​អាសង្ហា ក្នុង​ការ​រក​ចំណូល​បាន​ខ្ពស់​ក្នុង​ឆ្នាំ​២០១៤។

 

រឿង ក្រឡអីហ្នឹង របស់​ផលិតកម្ម LD Picture ជាប់​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ការ​រក​ចំណូលបាន​ឆ្នាំ​២០១៤

 

លោក ស៊ិន ចន្ទ​សាយ៉ា បញ្ជាក់​ដូច្នេះ​ថា៖"ទិន្នន័យ​នាយកដ្ឋាន​របស់​ខ្ញុំ​ទទួល​បាន​​ពេល​នេះ​មាន​តែ​ 2brothers ស្បែក​គង់ និង​រឿង ក្រឡ​អី​ហ្នឹង ហើយ​ទី៤ និង​ទី៥​អូន​អាច​សួរ​​ទៅ​រោង​កុន ឬ​ផលិតករ​​ថែម​ទៀត"។

 

ចំនួន​ទឹក​ប្រាក់ ដែល​ខ្សែ​ភាពយន្ត​​ខ្មែរ​ទាំង ៥​រឿង​រក​ចំណូល​បាន​ខ្ពស់​ក្នុង​ឆ្នាំ​២០១៤ មាន​ដូច​​ជា៖

 

១. រឿង2brothers៖ ជា​ស្នាដៃ​ផលិត​​របស់​ផលិតកម្ម LD Picture រក​ចំណូល​បាន​ចន្លោះ​ពី ២៥​​ ទៅ​ជាង​៣០​ម៉ឺន​ដុល្លារ ខណៈ​ដើម​ទុន​ក្នុង​ការ​ផលិត​ពី ២​ម៉ឺន​ដុល្លារ​ទៅ ៥​ម៉ឺន​ដុល្លារ។

 

២. រឿង ស្បែក​គង់៖ ជា​ស្នាដៃ​ផលិត​​របស់​ផលិតកម្ម Angkor Picture រក​ចំណូល​បាន​ជិត ៣០​ម៉ឺន​ដុល្លារ ខណៈ​​ដើម​ទុន​ក្នុង​ការ​ផលិត ៦៨​ម៉ឺន​ដុល្លារ។ ចំណូល​នេះ​មិន​​ទាន់​រាប់​បញ្ជូន​ការ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ កាល​ពី​ពេល​កន្លង​ទៅ​ទេ។

 

៣. រឿង ក្រឡ​អី​ហ្នឹង៖ ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម LD Picture ​រក​ចំណូល​បាន​ចន្លោះ​ពី​ ២៥​ ​ទៅ ២៨​ម៉ឺន​ដុល្លារ​ ឯ​ដើម​ទុន​ក្នុង​ការ​ផលិតកម្ម ពី​២​ម៉ឺន​​ទៅ ៥​ម៉ឺន​ដុល្លារ។

 

​៤. រឿង​ អា​ព្រឿង​ងាប់​ហើយ៖ ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម មាតុចក្រ​ហ្វីលម៍ សហការ​នឹង​ផលិតកម្ម មហាហង្ស រក​ចំណូល​បាន​​ជាង​ ១០​ម៉ឺន​ដុល្លារ តាម​ការ​គិត​ត្រួសៗ មិន​ទាន់​បញ្ចប់​ការ​បញ្ចាំង​នៅ​ឡើយ​ទេ។ ចំណែក​ដើម​ទុន​ក្នុង​ការ​ផលិត ចន្លោះ​ពី ២​​ម៉ឺន​ដុល្លារ​ទៅ ៥​ម៉ឺន​ដុល្លារ។

 

៥. រឿង ខ្មោច​អា​សង្ហា៖ ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម ភូមិ​ពេជ្រ​ភាពយន្ត រក​ចំណូល​បាន​ចន្លោះ​ពី ៦​-៧​ម៉ឺន​ដុល្លារ ខណៈ​ការ​ផលិត​ជាង ២​ម៉ឺន​ដុល្លារ​ទៅ ៣​ម៉ឺន​ដុល្លារ។

 

ខ្សែ​ភាពយន្ត​ខ្មែរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ មាន​សន្ទុះ​ខ្លាំង​លើ​ទីផ្សារ បន្ទាប់​ពី​ទស្សនិកជន​ខ្មែរ​ងាកមក​ចាប់​អារម្មណ៍​ឡើង​វិញ​លើ​ការ​ផលិត​ជា​ស្នាដៃ​កូន​ខ្មែរ។ ខ្សែ​ភាពយន្ត​ដែល​ផលិតករ​នានា​បាន​ផលិត​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា គឺ​ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​រឿង​ខ្មោច៕

 

http://youtu.be/PrLb4gW1HhU

រឿង 2 brothers ជាប់​ចំណាត់​ថ្នាក់​លេខ១ http://youtu.be/Q6QEoqtV9Gc

រឿង ស្បែកគង់ ជាប់​ចំណាត់​ថ្នាក់​លេខ២

http://youtu.be/qhMnsuz6AHY

រឿង ក្រឡអីហ្នឹង ជាប់​ចំណាត់​ថ្នាក់​លេខ៣ http://youtu.be/A9AOXLuHDUc

រឿង អា​ព្រឿង​ងាប់​ហើយ ជាប់​​​លេខ៤

 

http://youtu.be/IU8ob9u2kqI

រឿង ខ្មោច​អាសង្ហា ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៥

អត្ថបទ៖ អ៊ីង សុឡា