​កីឡាករ​ថ្មី​ Man Utd ៣​នាក់ បង្ហាញ​ពី​​អារម្មណ៍ ក្រោយ​ឃើញ​លទ្ធផល​ចាប់​ឆ្នោត​ UCL

  • 2015-08-29 14:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ៣​​នាក់​ ដែល​មាន​ Memphis Depay, Daley Blind និង​ Bastian Schweinsteiger បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​រៀងៗ​ខ្លួន បន្ទាប់​ពី​ឃើញ​លទ្ធផល​ នៃ​ការ​ចាប់​ឆ្នោត​ វគ្គ​ចែក​ពូលUEFA Champions League ​កាល​ពី​យប់​ម្សិល​​មិញ។

 

Memphis Depay (ឆ្វេង), Daley Blind (កណ្តាល) និង​ Bastian Schweinsteiger (ស្តាំ)

 

Man Utd  បាន​ឡើង​លេង​នៅ​វគ្គ​ចែក​ពូល​ UEFA Champions League ឡើង​វិញ បន្ទាប់​ពី​​ខក​ខាន​កាល​ពី​ឆ្នាំ​មុន ​ខណៈ​ដែល​លទ្ធផល​ចាប់​ឆ្នោត​​កាល​ពី​យប់​ម្សិល​​មិញ ក្រុម​របស់​លោក​ Louis van Gaal ​នឹង​ត្រូវ​ជួប​ក្រុម​ PSV Eindhoven របស់​ហុល្លង់​, CSKA Moscow របស់​រុស្សី​ និង​ Wolfsburg របស់​អាល្លឺម៉ង់ ក្នុង​ពូល​ B។

 

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នេះ មាន​ន័យ​ថា Depay ​នឹង​ត្រូវ​ប៉ះ​ក្រុម​ចាស់​របស់​ខ្លួន​ PSV ​បន្ទាប់​ពី​រូប​គេ​ ចាក​ចេញ​​ទៅ Old Trafford រដូវ​ក្ដៅ​នេះ។ កីឡាករ​វ័យ​២១​ឆ្នាំ បាន​និយាយ​ថា៖ "ល្អ​ណាស់ PSV, យើង​នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ"។

 

រីឯ​ខ្សែ​ការពារ​​ហុល្លង់​ Blind ​ដែល​ចាក​ចេញ​ពី​ Ajax ​ឆ្នាំ​មុន ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ផង​ដែរ ព្រោះ​បាន​ទៅ​ស្រុក​កំណើត​របស់​ខ្លួន។ កីឡាករ​វ័យ​២៥​ឆ្នាំ បាន​និយាយ​ថា៖​ "នេះ​ជា​ការ​ចាប់​ឆ្នោត​ដ៏​ល្អ។ បាន​ត្រឡប់​ទៅ​ហុល្លង់​វិញ​ហើយ ល្អ​ណាស់!!”។

 

ចំណែក​ឯ​កីឡាករ​ជើង​ចាស់​អាល្លឺម៉ង់​ Schweinsteiger ​ដែល​ផ្ទេរ​ពី​ Bayern Munich ​​​​រដូវ​ក្ដៅ​នេះ​​ក៏​យល់​ថា នេះ​ជា​ការ​ចាប់​ឆ្នោត​ដ៏​ល្អ​ដូច​គ្នា ដោយ​និយាយ​ថា៖​ "នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ ​ដែល​ប៉ះ​ Eindhoven, Moscow និង​ Wolfsburg!!!”។

 

​ក្រុម​ជើង​ឯក​អឺរ៉ុប​៣​សម័យ​កាល​ Man Utd នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហុល្លង់​​ប៉ះ​ PSV ​ដំបូង​គេ នា​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ខាង​មុខ មុន​នឹង​ស្វាគមន៍​ក្រុម​ Wolfsburg នៅ​ Old Trafford នា​ថ្ងៃ​ទី​៣០ ខែ​កញ្ញា៕

 

ចុះ​ប្រិយមិត្ត​ជឿ​ថា Man Utd ​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​នេះ​ដែរ​ទេ?

 

-ចុចអាន៖ លទ្ធផល​ចាប់​ពូល UCL រដូវ​កាល​ថ្មី​ចេញ​ហើយ ​តើ​ពូល​ណា​ជា​ពូល​មរណៈ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ express​