ស្ម័គ្រ​អៀវ​មិត្តភ័ក្ដិ​​ពិការ​ទៅ​រៀន​រាប់​ឆ្នាំ​ សង្ឃឹម​​បាន​​រៀន​ដល់​វិទ្យាល័យ​ជាមួយ​គ្នា​

  • 2016-04-15 19:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wang Xiaohu និង Feng Yichong គឺ​ជា​មិត្ត​អង្គុយ​តុ​ជាមួយ​គ្នា​នៅ​អនុវិទ្យាល័យ ក្នុង​ប្រទេស​ចិន។ មិត្តភាព​របស់​ពួក​គេ​បាន​ចាប់​ផ្ដើម​ដោយ​សារ​ពាក្យ​សន្យា​មួយ។

 

 

Feng មាន​ជំងឺ​ខ្វិន​តំណ​ពូជ​តាំង​ពី​កំណើត។ ដំបូង​ជំងឺ​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​ដើរ​មិន​បាន​លឿន​ដូច​ក្មេង​ដទៃ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក អាការៈ​កាន់​តែ​ធ្ងន់​ធ្វើ​ឲ្យ Feng មិន​អាច​ដើរ​បាន​តែ​ម្ដង ប្រសិន​បើ​គ្មាន​ជំនួយ។ Wang បាន​ផ្ទេរ​មក​រៀន​នៅ​សាលា​បឋម​ជាមួយ Feng នៅ​ឆ្នាំ​២០១៤ ហើយ​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​ក៏​បាន​ក្លាយ​ជា​មិត្ត​អង្គុយ​រួម​តុ​ជាមួយ​គ្នា។ ដោយ​ឃើញ​ពី​បញ្ហា​របស់​មិត្តភ័ក្ដិ Wang បាន​ស្ម័គ្រ​ចិត្ត​ជួយ​គ្រាហ៍​គេ​ដើរ​មក​ថ្នាក់​រៀន​រាល់​ថ្ងៃ ហើយ​អ្នក​ទាំង​ពីរ​ក៏​ក្លាយ​ជា​មិត្ត​ដ៏​ស្និទ្ធស្នាល។

 

នៅ​ឆ្នាំ​២០១៥ Feng និង Wang នៅ​តែ​រៀន​ថ្នាក់​ជាមួយ​គ្នា នៅ​សាលា​មធ្យម​សិក្សា។ ស្ថានភាព​របស់ Feng កាន់​តែ​អាក្រក់ ហើយ​គេ​មិន​អាច​សូម្បី​តែ​ក្រោក​ឈរ​ខ្លួន​ឯង។ Wang បាន​សន្យា​ជួយ Feng មក​ថ្នាក់រៀន​ដដែល ហើយ​មិន​យូរ​ប៉ុន្មាន​គេ​ក៏​អៀវ​ Feng ទៅ​សាលា​រាល់​ថ្ងៃ។ បើ​ទោះ​ជា Wang លែង​ស្នាក់​នៅ​ក្នុង​សាលា គេ​នៅ​តែ​ចូល​ទៅ​យក Feng ពី​បន្ទប់​ស្នាក់​នៅ ទៅ​ថ្នាក់​រៀន​រាល់​ព្រឹក និង​ល្ងាច។ នៅ​ចុង​ឆ្នាំ​២០១៥ គ្រូ​ពេទ្យ​របស់ Feng បាន​ប្រាប់​គេ​ថា គេ​ប្រហែល​ជា​មិន​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​រៀង​រហូត។ ឮ​ដូច្នេះ Feng បាន​គិត​ចង់​ឈប់​រៀន។ Wang បាន​ជំរុញ​និង​លួងលោម​មិត្ត ដោយ​សន្យា​ថា៖ "ដរាប​ណា​យើង​នៅ​រៀន​សាលា​ជាមួយ​គ្នា ខ្ញុំ​នឹង​នៅ​តែ​អៀវ​ឯង​ជានិច្ច"។

 

មក​ដល់​ពេល​នេះ​គឺ​ពីរ​ឆ្នាំ​ហើយ​ដែល Wang បាន​ស្ម័គ្រ​ចិត្ត​ជួយ Feng។ Wang នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​​ក្នុង​ការ​ជួយ​មិត្ត និង​និយាយ​ថា៖ "ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​រៀន​វិទ្យាល័យ​ និង​មហាវិទ្យាល័យ​ជាមួយ​គ្នា ដូច្នេះ​ខ្ញុំ​នឹង​អាច​នៅ​ជួយ​គេ​រហូត" ៕​​​​​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ people