មិត្តភ័ក្ដិ​ជំពាក់​លុយ​មិន​ព្រម​សង គួរ​ប្រើ​វិធី​សាស្ត្រ​បែប​ណា?

  • 2016-11-03 16:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​កំពុង​ពិបាក​ចិត្ត​រឿង​លុយ​ឱ្យ​គេ​ខ្ចី​ហើយ​ បែរ​ជា​មិន​សង ហើយ​ក៏​មិន​ហ៊ាន​ទារ​ និង​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច ព្រោះ​ខ្លាច​គេ​អន់​ចិត្ត​។ ពេល​នេះ អ្នក​ត្រូវ​បាន​គេ​ខ្ចី​លុយ​ជា​ញឹកញាប់​ស្ម័គ្រ​ចិត្ត​បង្ហើប​ពី​របៀប​ទារ​លុយ​ពី​អ្នក​ជំពាក់​ហើយ​ធ្វើ​ភ្លេច ដោយ​ប្រើ​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

 

១. ​បង្ហោះ​ Status ន័យ​បញ្ឆិត​បញ្ឆៀង​តាម​ Facebook៖

លឹម ងួន ដែល​ជា​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ ហើយ​ក៏​ជា​អ្នក​ត្រូវ​បាន​គេ​ឧស្សាហ៍​ខ្ចី​លុយ​មាន​ទាំង​អ្នក​សង​ និង អ្នក​មិន​ទាន់​សង​បាន​និយាយ​ថា៖ "បាទ​បង​ហ្នឹង​ហើយ​ បង​សួរ​រឿង​គេ​ជំពាក់​ហើយ​ធ្វើ​ភ្លេច​នឹង​ត្រូវ​រឿង​ហ្មង"។

 

យុវជន​រូប​នេះ​បន្ត​ទៀត​ថា៖ "អ្នក​ខ្លះ​គេ​អោយ​ខ្ចី​លុយ​ហើយ​ ដល់​ថ្ងៃ​ត្រូវ​សង​ស្ងាត់​អោយ​ឈឹង​ ពេល​ជួប​មុខ​យើង​ធ្វើ​ធម្មតា​ដូច​អត់​ខ្វល់​អី​តិច ចឹង​បើ​សម្រាប់​ខ្ញុំ post status តាម​ហ្វេស​បុក​ សរសេរ​ន័យ​បញ្ឆិត​បញ្ឆៀង​ដើម្បី​អោយ​គេ​ដឹង​ខ្លួន​ខ្លះ"។ លីម ងួន ប្រាប់​ថា​មាន​អ្នក​ជំពាក់​ជិត​ 300$ ដែរ​មិន​ដឹង​ថ្ងៃ​ណា​​​សង​អស់​ទេ​ទារ​បាន​ម្ដង​បន្តិចៗ​។

 

២. ត្អូញត្អែរ​នៅ​មុខ​អ្នក​ជំពាក់​លុយ​៖ ​ នៅ​ត្រង់​ចំណុច​នេះ​គឺ​ជា​តិកនិក​ទី​២​របស់​យុវជន លឹម ងួន ដោយ​គាត់​បាន​បន្ត​ទៀត​ថា៖ "មួយ​ទៀត​បង​ បើ​យើង​បង្ហោះ​ពាក្យ​បញ្ឆិត​បញ្ឆៀង​ហើយ​អ្នក​ជំពាក់​ហ្នឹង​មិន​អើពើ ​ថ្ងៃ​ណា​ជួប​គេ​យើង​ត្អូញត្អែរ​នៅ​មុខ​ចំៗ​ទៅ​ថា ហឹម... អស់​លុយ​ចាយ​អាលីង ​ពិបាក​ចិត្ត​ណាស់​មើល​ទៅ​ទាល់​តែ​ទៅ​​រក​ទៅ​ចង​ការ​ប្រាក់​គេ​ចាយ​សិន​ហើយ​"។

 

យុវជន​ដែល​គ្រាំ​ចិត្ត​ដោយ​សារ​គេ​ខ្ចី​លុយ​ក្រ​សង​រូប​នេះ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​គាត់​ធ្វើ​ដូចនេះ​គឺ​មាន​ប្រសិទ្ធភាព​ដែរ​ដោយ​ពួកគាត់​និយាយ​ថា៖ "អូរ​និយាយ​ចឹង​ភ្លេច​អោយ​ឈឹង​ជំពាក់​លុយ ​ងួន ​ឯង​អត់​ទាន់​សង"។

 

៣. សួរ​ត្រង់ៗ​តែ​ម្ដង៖

រតន យុវជន​សម្បូរ​សាច់ នៅ​ខេត្ត​កំពង់ចាម​ ដែល​មាន​អ្នក​ជំពាក់​លុយ​ហើយ​មិន​ព្រម​សង​ម្នាក់​ដែរ​បាន​ត្អូញត្អែរ​ថា "ហឹម...បង​អើយ​និយាយ​រឿង​គេ​ជំពាក់​លុយ​អីចឹង ខ្ញុំ​​ពិបាក​ចិត្ត​ទៀត​ហើយ គេ​ជំពាក់​ខ្ទង់​ពាន់​ដុល្លារ​​ដែរ​នៅ​មិន​ទាន់​សង​អស់​ទេ បាន​ម្ដង​តិចៗ​ កុំ​តែ​យើង​ណាស់​ហ្នឹង​កុំ​អី​គ្មាន​សង​ទេ" ។

 

យុវជន​ខាង​លើ​បន្ត​ទៀត​ថា៖ "ដល់​ដំណាក់​កាល​ហើយ​បើ​យើង​នៅ​តែ​ខ្លាច​គេ​អន់​ចិត្ត​ទៀត​ អត់​កើត​ទេ បើ​គាត់​អ្នក​ជំពាក់​យើង​គាត់​មិន​ទាំង​ខ្លាច​ចិត្ត​យើង​ផង មាន​តែ​សួរ​ត្រង់ៗ​ទៅ​ថា ម៉េច​ហើយ​មាន​លុយ​នៅ ខ្ញុំ​អស់​លុយ​ចាយ​ហើយ​ណា យើង​មក​ខ្ចី​លុយ​ខ្ញុំ​ឡើង​ស្រួល​ដល់​សង​ពិបាក​ម៉េស...។

 

រតន​បាន​ប្រាប់​ទៀត​ថា​ធ្វើ​បែប​នេះ​អ្នក​ជំពាក់​លុយ​គាត់​អាច​ភ្ញាក់​ខ្លួន​ខ្លះ​ហើយ​សង​បណ្ដាក់​ម្ដង​បន្តិចៗ​មក​ដល់​ថ្ងៃ​នេះ​នៅ​មិន​ទាន់​គ្រប់​ទេ​ ហើយ​រឿង​ដែល​គាត់​ក្ដៅ​ចិត្ត​នោះ​គឺ​អ្នក​ជំពាក់​លុយ​គាត់​ហ៊ឺហា​ជាង​គាត់​ទៅ​ទៀត។

 

៤. និយាយ​ឱ្យ​មិត្តភ័ក្ដិ និង​គ្រួសារ​​គាត់​ឮ៖ ​ ស្រីនិច ដែល​ជា​យុវតី​ធ្វើ​ការ​នៅ​ផ្សារ​ទំនើប​មួយ​ ក៏​បាន​ត្អូញត្អែរ​ពី​អ្នក​ជំពាក់​លុយ​នេះ​ដែរ​ថា៖ "អ្នក​ជំពាក់​លុយ​ខ្ញុំ​ហៅ​លែង​ឮ​ហើយ​បង​អើយ.. គ្រាន់​តែ​ញ៉ុម​តេ​សួរ​គេ​​រឿង​លុយ​គេ​ប្លុក​លេខ ប្លុក​ហ្វេសបុក​អស់​បាត់ ​ដល់​ចឹង​អត់​ដឹង​និយាយ​ថា​ម៉េច"។

 

ស្រីនិច ​ប្រាប់​ពី​តិកនិក​របស់​ខ្លួន​ទៀត​ថា៖ "បើ​គាត់​ធ្វើ​ចឹង​មាន​តែ​ប្រាប់​មិត្តភ័ក្ដិ​គាត់ ឬ​បើ​ស្គាល់​គ្រួសារ​គាត់​ យើង​និយាយ​ប្រាប់​គាត់​តែ​ម្ដង ថា​យើង​ខំ​អោយ​លុយ​គាត់​ខ្ចី​មិន​ព្រម​សង​ទេ​ថែម​ទាំង​ប្លុក​លេខ​ចោល​ទៀត" ។ ស្រីនិច​ប្រាប់​ថា​វិធី​នេះ​អាច​ជួយ​គាត់​យក​លុយ​មក​វិញ​បាន​​ខ្លះ​ដែរ​។

 

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ​​​​​​​