ជំពាក់លុយមិនសង នាំហានិភ័យច្រើនយ៉ាងដែលអ្នកគិតមិនដល់
- 2016-12-30 01:19:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំពាក់លុយមិនសង នាំហានិភ័យច្រើនយ៉ាងដែលអ្នកគិតមិនដល់
ចន្លោះមិនឃើញ
ពាក្យថាការរាប់អាន តែងមានការពឹងពាក់គ្នាទៅវិញទៅមកជៀសមិនផុត ជាពិសេសរឿងលុយកាក់នេះតែម្ដង។ មនុស្សមួយចំនួននៅពេលដាច់លុយចាយ តែងរកនឹកមនុស្សណាដែលអាចខ្ចីលុយបាន បន្ទាប់មកតែងរកហេតុផលរាប់រយជំពូក ដើម្បីឱ្យគេទន់ចិត្តយល់ព្រមឱ្យខ្ចីលុយ។ ប៉ុន្តែមនុស្សមួយចំនួនខ្ចីលុយគេហើយ ដល់ថ្ងៃសងបែរជាមិនសងហើយធ្វើភ្លេច ខណៈភាគីម្ខាងទៀតរង់ចាំយ៉ាងអន្ទះសាថ្ងៃណាគេសងលុយ។ ដូចនេះតើអ្នកជំពាក់លុយគេមិនព្រមសងមានហានិភ័យអ្វីខ្លះ?
១. បាត់បង់ទំនុកចិត្ត
លោក ហ៊ុយ ចំរើន បុគ្គលិកនៅក្រុមហ៊ុនឯកជនក្នុងខេត្តកំពង់ស្ពឺ បាននិយាយថា អ្នកដែលចូលចិត្តជំពាក់លុយគេហើយមិនព្រមសងនឹងធ្វើឱ្យគេបាត់បង់ទំនុកចិត្ត។ លោកបន្ថែមទៀតថា ទំនុកចិត្តផ្ដល់ឱ្យគ្នាទៅវិញទៅមកគឺជារឿងសំខាន់ណាស់ មិនមែនទំនុកចិត្តតែរឿងខ្ចីលុយនេះទេ គឺគ្រប់រឿងទាំងអស់ប្រសិនបើធ្វើឱ្យគេអស់ការទុកចិត្តហើយនោះ ប្រៀបដូចជាមនុស្សមានតែសំបកខ្លួន ប៉ុន្តែគ្មានតម្លៃនោះទេ។ ដូចនេះការដែលគេឱ្យខ្ចីលុយមកពីគេទុកចិត្តម្នាក់នោះ ប៉ុន្តែបើមិនព្រមសងទេ នោះលើកក្រោយគ្មាននរណាព្រមឱ្យខ្ចីទៀតទេ។
២. មានឈ្មោះមិនល្អ
លោក ហ៊ុយ ចំរើន បន្តទៀតថា កាលណាធ្វើឱ្យគេអស់ទំនុកចិត្តហើយ គឺនឹងធ្វើឱ្យអសោចដល់កេរ្តិ៍ឈ្មោះ។ លោកនិយាយថា៖ "ហ្នឹងហើយប្អូនប្រាកដណាស់ជំពាក់លុយគេមិនសង គេប្រាកដជាយកទៅនិយាយដើម ឬនិយាយមិនល្អ ដូចនេះដោយសារតែលុយធ្វើឱ្យខូចឈ្មោះធ្វើអី មានលុយហើយគួរតែសងគេទៅ"។
៣. បាត់បង់ទំនាក់ទំនង
និស្សិតរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កញ្ញា ស៊ីថា បានលើកឡើងថា ទំនាក់ទំនងគឺជារឿងសំខាន់ កុំព្រោះតែលុយតិចតួចមិនព្រមសងគេ សុខចិត្តផ្ដាច់ទំនាក់ទំនងជាមួយគេនោះ។ កញ្ញា បន្តទៀតថា មិត្តភាពជិតស្និទ្ធយ៉ាងណាក៏ដោយតែរឿងលុយកាក់នៅតែសំខាន់ ត្រូវចាំថាមនុស្សមួម៉ៅបំផុតពេលអត់លុយចាយ ហើយមានអ្នកជំពាក់លុយអត់សងទៀតកាន់តែក្ដៅក្រហាយ។ ដូចនេះទោះចង់មិនចង់ គេប្រាកដជាជះកំហឹងទៅអ្នកជំពាក់លុយមិនព្រមសងនោះ នាំឱ្យមានជម្លោះបែកបាក់មិត្តភាព។
៤. អាចត្រូវគេប្ដឹង
កញ្ញា ស៊ីថា ដដែលនិយាយទៀតថា ក្រៅពីបាត់បង់មិត្តភាពហើយជួនកាលប្រសិនបើលុយដែលជំពាក់គេមិនព្រមសងមានចំនួនច្រើនដែរ គេប្រាកដជាដាក់ពាក្យបណ្ដឹងឡើងទៅតុលាការនាំរឿងកាន់តែវែងឆ្ងាយ។ កាលណាឡើងដល់តុលាការហើយ ទោះចង់មិនចង់ប្រាកដជាល្បីឈ្មោះថា ជំពាក់លុយគេមិនសងគេប្ដឹងឡើងតុលាការ ស្អុយឈ្មោះមួយសារទៀត។ ដូចនេះហើយគួរតែសងលុយគេទៅ មានតិចសងតាមតិច មានច្រើនសងតាមច្រើន កុំលេងមិនសងគេទាំងដុលបែបនេះ។
៥. អាចកើតជំងឺផ្លូវចិត្ត
នៅត្រង់ចំណុចនេះ លោក សីហា អ្នកលក់សាច់កាប់នៅបេនឡានផ្សារកំពង់ស្ពឺ និយាយថា អ្នកជំពាក់លុយគេមិនព្រមសង គេងមិនលក់ទេ ព្រោះភ័យខ្លាចគេប្ដឹង ខ្លាចគេយកទៅនិយាយដើម និយាយរួមគឺខ្លាចសព្វគ្រប់។ អារម្មណ៍ភ័យខ្លាចគេងមិនលក់ នៅមិនសុខទាំងនេះហើយធ្វើឱ្យចិត្តមិនស្កប់ អារម្មណ៍មិននៅនឹងខ្លួន ធ្វើការរកស៊ីអ្វីក៏ចេះតែរវើរវាយ។ ដូចនេះបើមិនចង់ជួបអារម្មណ៍បែបនេះទេ មានលុយគួរលៃលកសងគេទៅ ព្រោះអ្នកដែលត្រូវបានគេខ្ចីក៏នៅមិនសុខដូចគ្នា៕