ថៃ​ជាប់​លេខ​១ មាន​ចរាចរណ៍​កក​ស្ទះ​បំផុត លើ​ពិភពលោក

  • 2017-02-21 08:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ចរាចរណ៍​កក​ស្ទះ​បំផុត នៅ​ក្នុង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត និង​កម្មវិធី​ទូរសព្ទ​ទាក់ទង​ទៅ​នឹង​ចរាចរណ៍ និង​អ្នកបើកបរ INRIX។

អ្នក​បើកបរ​នៅ​ក្នុង​ប្រទេស​ថៃ ជា​មធ្យម​បាន​ចំណាយ​ពេល​ ចំនួន​៦១​ម៉ោង ជាប់​គាំង​នៅ​លើ​ដង​ផ្លូវ កាល​ពី​ឆ្នាំ​មុន តាម​ពី​ក្រោយ​ដោយ​អ្នក​បើកបរ នៅ​ក្នុង​ប្រទេស​កូឡុំប៊ី និង​ឥណ្ឌូនេស៊ី ដែល​ជា​មធ្យម​ចំណាយ​ពេល ៤៧​ម៉ោង។

ក្រុមហ៊ុន INRIX ដែល​មាន​មូលដ្ឋាន នៅ​ក្នុង​ទីក្រុង Kirkland រដ្ឋ Washington សហរដ្ឋអាមេរិក បាន​ប្រមូលផ្ដុំ និង​វិភាគ​ទិន្នន័យ ដែល​ប្រមូល​បាន​ពី​ហេដ្ឋារចនាសម្ព័ន្ធ​រថយន្ត និង​ផ្លូវ។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា របាយការណ៍​ចុង​ក្រោយ​បង្អស់ គឺ​ពឹង​ផ្អែក​លើ​ទិន្នន័យ ចំនួន​៥០០​តេរ៉ាបៃ (Terabyte) មក​ពី​ជាង​៣០០​លាន​ប្រភព។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីក្រុង​ចំនួន​១ ០៦៤​ មក​ពី ៣៨​ប្រទេស នៅ​ជុំវិញ​ពិភពលោក ត្រូវ​បាន​គេ​យក​មក​សិក្សា និង​ផ្ដល់​ចំណាត់​ថ្នាក់។

ក្នុង​ចំណោម​ទីក្រុង នៅ​ក្នុង​ប្រទេស​ថៃ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​នៅ​ក្នុង​ទីក្រុង​បាងកក បាន​ចំណាយ​ពេល​ជា​មធ្យម ចំនួន​៦៤,១​ម៉ោង កក​ស្ទះ​ចរាចរណ៍ ដោយ​ក្នុង​នោះ មាន​២៣​ភាគរយ កក​ស្ទះ​គ្រប់​ពេល និង ជាមធ្យម ៣៣​ភាគរយ កក​ស្ទះ​នៅ​ពេល​ព្រឹក (៦ ដល់ ១០ព្រឹក) និង ល្ងាច (៤ ដល់ ៨យប់) ដោយ​បាន​ខ្ជះខ្ជាយ​សាំង​ជាច្រើន​ឥត​ប្រយោជន៍៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង