Gabriel Jesus ពី​ក្មេង​ធ្លាប់​ដើរ​លាប​ពណ៌​តាម​ផ្លូវ ក្លាយ​ជា​កីឡាករ​ល្បី​​​នៅ​អង់គ្លេស

  • 2017-05-31 04:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gabriel Jesus បច្ចុប្បន្ន​កំពុង​តែ​រស់​នៅ​សោយសុខ​ បន្ទាប់​អភិវឌ្ឍន៍​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​ម្នាក់​ក្នុង​ពិភពលោក ប៉ុន្តែ​​គេ​នៅ​តែ​មិន​អាច​បំភ្លេច​ពី​រឿង​អតីត​កាល​របស់​ខ្លួន​ដ៏​កម្សត់​​ឡើយ។

ដើរ​លើ​ផ្លូវ​ដោយ​គ្មាន​ស្បែកជើង​ក្នុង​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល​ គ្រា​អាយុ​១៧​ឆ្នាំ Jesus គ្រាន់​​តែ​ជា​ក្មេង​​ប្រុស​ម្នាក់​​​មាន​ក្ដី​ស្រមៃ​ចង់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។ គេ​ក៏​ធ្លាប់​​ជួយ​ប្រទេស​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ព្រឹត្តិការណ៍ World Cup ផង​ដែរ។

ក្នុង​រូប​មួយ​ចំនួន​​បង្ហោះ​លើ​បណ្ដាញ​សង្គម Gabriel បាន​បង្ហាញ​ពី​សកម្មភាព​​ជួយ​លាប​ពណ៌​តាម​ដង​ផ្លូវ​ក្នុង​តំបន់​​ជា​ពណ៌​តំណាង​ឲ្យ​ជាតិ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍  World Cup កាល​ពី​៣​ឆ្នាំ​មុន។ កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ត្រឹម​​អង្គុយ​មើល​​ការ​ប្រកួត World Cup តាម​ទូរទស្សន៍​ប៉ុណ្ណោះ ​ពេល​ដែល​ប្រេស៊ីល​ប្រឹង​លេង​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ តែ​អភ័ព្វ​ចាញ់​អាល្លឺម៉ង់ ៧-១។

អ្វីៗ​បាន​ផ្លាស់​ប្ដូរ​​ខ្លាំង ពី​ក្នុង​រូប​ភាព​ដើរ​អត់​ស្បែក​ជើង និង​ពេល​បច្ចុប្បន្ន។ កាល​​នៅ​យុវជន Gabriel លេង​ឲ្យ​ក្លឹប​ក្នុង​ស្រុក Palmeiras ទទួល​បាន​ចំណូល​៣ ៥០០​​ផោន​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ជីវិត​របស់ Gabriel ​ចាប់​​ផ្ដើម​ប្រែប្រួល តាំង​ពី​​យល់​ព្រម​ផ្ទេរ​មក​ Manchester City ក្នុង​តម្លៃ​២៧​លាន​ផោន កាល​ពី​ខែ សីហា ឆ្នាំ ២០១៦ និង​មក​លេង​ជា​ផ្លូវ​ការ​កាល​ពី​ខែ មករា ឆ្នាំ ២០១៧។ ក្នុង​កិច្ចសន្យា​​៥​ឆ្នាំ Gabriel ទទួល​​បាន​ចំណូល​៧៥ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍ ក្លាយ​ជា​អ្នក​មាន​ដោយ​មិន​ដឹង​ខ្លួន៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ