ឆាយ វីរៈយុទ្ធ បង្ហើប​​រឿង​​​សំខាន់​​​​ពីរ​យ៉ាង ដែល​ចងចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត

  • 2014-11-10 15:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆាក​ជីវិត​មនុស្ស​ម្នាក់​ៗ​រមែង​មាន​រឿង​ចងចាំ​ទាំង​សប្បាយ​ និង ទុក្ខ យ៉ាង​ហោច​មួយ​។ ចំពោះ​ លោក ឆាយ វីរៈយុទ្ធ តារា​ចម្រៀង​​លំដាប់​ជួរ​មុខ​មក​ពី​ផលិត​កម្ម​សាន់ដេ មាន​រឿង​ពីរ​ដែល​ធ្វើ​ឲ្យ​លោក​ចងចាំ​មិន​អាច​បំភ្លេច​បាន​ គឺ​ទី ១ ការចេញ​អាល់​ប៊ុម CD លើក​ដំបូង​របស់​ខ្លួន និង ហេតុ​ការណ៍​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ កាល​ពី​អំឡុង​ឆ្នាំ ២០១០។ ទន្ទឹម​នឹង​ការ​ឆ្លងកាត់​រឿង​ចងចាំ​ទាំង​នេះ ឆាយ​ វីរៈយុទ្ធ បាន​ហែល​ឆ្លង​នៅ​ការ​លំបាក​នៅ​ក្នុង​ជីវិត​ជាច្រើន​ទម្រាំ​បាន​​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​មហាជន​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ខាង​ក្រោម​នេះ គឺ​ជា​ប្រវត្តិ​ពិត​ដែល Sabay លម្អិត​ជូន​ទស្សនិកជន​ជ្រាប​ពី​ជីវិត​របស់ ​លោក ឆាយ វីរៈយុទ្ធ តាំង​ពី​តូច​រហូត​មក​ទល់​​នឹង​ការ​ឈរ​ជើង​ក្នុង​ផលិតកម្ម​សាន់ដេ​សព្វថ្ងៃ។

 

សូមចុចអាន៖ ខេម ពី​អ្នក​រត់​ម៉ូតូឌុប​មក​ជា​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​នាពេល​បច្ចុប្បន្ន​

 

 

 

ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទីកន្លែងកំណើត កម្ពស់ ទម្ងន់ ឈ្មោះ Facebook
ឈ្មោះ​ដើមឆាយ ចាន់ឆោម

ឈ្មោះ​ក្នុង​សិល្បៈ

ឆាយ វីរៈយុទ្ធ

Chhay Vireakyuth

១២ កញ្ញា ១៩៨៧ កំពង់ចាម ១៦៥ សង់ទីម៉ែត្រ ៦០ គីឡូក្រាម https://www.facebook.com/C.Virakyuth
 

 

ប្រវត្តិ​រូប​សង្ខេប

 

លោក ឆាយ វីរៈយុទ្ធ ជា ​កូន​ទី៦ ក្នុង​ចំណោម​បងប្អូន​៧​នាក់ ដែល​មាន​ស្រី​២​នាក់ និង​ប្រុស​៥​នាក់។ បង​ប្អូន​ទាំង​៧​នាក់​របស់​លោក​មាន​ឈ្មោះ​ដូច​ជា ទី​១ ឆាយ ស្រី​ពេជ្រ ទី​២ ឆាយ សំណាង ទី​៣ ឆាយ ពៅ ទី៤ ឆាយ ចាន់​ម៉ៅ ទី៥ ឆាយ ចាន់ឆាន ទី៦​​ រូប​លោក​ផ្ទាល់​ ឆាយ វីរៈយុទ្ធ និង​ទី៧ ឆាយ សុវណ្ណារី។

 

តារា ​ចម្រៀង​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​ ១៩៨៧ ក្នុង​ភូមិ ពោធិ​សាលា​ទី២ ឃុំ​ព្រែក​ក្របៅ ស្រុក កង​មាស ខេត្ត​កំពង់ចាម។ លោក​មាន​ឪពុក​ឈ្មោះ ឆយ គឹម​ឆាយ ជា​អតីត​មន្ត្រី​យោធា និង​ម្ដាយ​មាន​ឈ្មោះ គង់ ឡៃ​ស៊ឹង ជា​អតីត​គ្រូ​បង្រៀន។

 

ប្រវត្តិ​ការ​សិក្សា

 

លោក ឆាយ វីរៈយុទ្ធ ចាប់​ផ្ដើម​ចូល​រៀន​ក្នុង​សាលា ​បឋមសិក្សា ពាម​ក្នុង ពី​​ថ្នាក់​ទី១ ដល់​ទី​២​ក្នុង​ឆ្នាំ​១៩៩៣ នា​ខេត្ត​កំពង់​ចាម។ សិក្សា​បាន​រយៈ​ពេល​តែ​ពីរ​ឆ្នាំ​តារា​ចម្រៀង​រូប​នេះ​បាន​ប្ដូរ​មក​​ក្នុង​ សាលា​បឋម​​សិក្សា នគរ​បា​ជ័យ​វិញ ​ពី​ថ្នាក់​ទី៣ ដល់​ទី​៦។ ក្រោយ​បញ្ចប់​ថ្នាក់​បឋម​សិក្សា​​​លោក​​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ ព្រះសីហនុ ក្នុង​ខេត្ត​ដដែល។

 

ក៏ប៉ុន្តែ​រៀន​ក្នុង​វិទ្យាល័យ​ខាង​លើ​ បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ តារា​ចម្រៀង​ផ្ដើម​អាជីព​ច្រៀង​តាម​បៀរហ្គាឌិន​រូប​នេះ​ប្ដូរ​ទៅ​រៀន​នៅ​ វិទ្យាល័យ​ កំពង់ធំ ក្នុង​ខេត្ត​កំពង់ធំ​វិញ ព្រោះ​មាន​បង​បង្កើត​របស់​ខ្លួន​មាន​ទី​លំនៅ​នៅ​ទី​នោះ។

 

យ៉ាង​ណា​ក៏​ ដោយ​ការ​សិក្សា​​ក្នុង​វិទ្យាល័យ​នេះ​បាន​តែ​មួយ​ឆ្នាំ​ដូច​គ្នា​លោក​ ក៏​ប្ដូរ​​ទៅ​រៀន​នៅ​​​វិទ្យាល័យ ឥន្ទ្រទេវី ​នា​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ឆ្នាំ​២០០២។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ក្នុង​ឆ្នាំ​ ២០០៥។

 

នៅ​ពេល​បញ្ចប់​បាក់ឌុប​ភ្លាម​លោក ឆាយ វីរៈយុទ្ធ ក៏​ប្រញាប់ប្រញាល់​ដើម្បី​បន្ត​ថ្នាក់​មហាវិទ្យាល័យ​បន្ត​ទៀត ដោយ​លោក​បាន​ទៅ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង ផ្នែក​​ សេដ្ឋកិច្ច​ពាណិជ្ជកម្ម។

 

ការ​សិក្សា​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ ពោល​គឺ​ក្នុង​ឆ្នាំ​ ២០០៧ ​លោក ឆាយ វីរៈយុទ្ធ បាន​ព្យួរ​ការ​សិក្សា​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​មិន​ទាន់​ចូល​រៀន​ វិញ​នៅ​ឡើយ​ទេ។ លោក​បាន​លើក​ឡើង​ថា​នឹង​មាន​គម្រោង​ចូល​រៀន​វិញ​ដើម្បី​បញ្ចប់​ជំនាញ​ដែល​ ខ្លួន​ពេញ​ចិត្ត​ខាង​លើ។ ក្រៅ​តែ​ពី​​គម្រោង​បញ្ចប់​ជំនាញ​ផ្នែក​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​​លោក​ក៏​មាន​គម្រោង​បន្ត​ការ​សិក្សា​ផ្នែក​ដឹក​នាំ​ផង​ដែរ​​នា​ ពេល​ខាង​មុខ។ លោក​ ឆាយ វីរៈយុទ្ធ និយាយ​ថា​ សិង្ហបុរី ជា​ប្រទេស​​ដែល​លោក​ចង់​បន្ត​ការ​សិក្សា​បំផុត​សម្រាប់​ជំនាញ​ខ្លួន​ចង់​រៀន ​នា​ពេល​អនាគត។

 

សូមចុចអាន៖ មុន​ក្លាយ​ជា ឯកឧត្ដម តើ នាយ ឃ្លោក មាន​ប្រវត្តិ​បែប​ណា?

បញ្ហា​ប្រឈម​ក្នុង​ការ​សិក្សា

 

​និយាយ​ពី​រឿង​ការ​សិក្សា​​​តាំង​ពី​​បឋមសិក្សា​រហូត​ដល់​មហាវិទ្យាល័យ​តារា​ ចម្រៀង​ល្បី​ឈ្មោះ​លោក ឆាយ វីរៈយុទ្ធ តែ​តែង​ជួប​ឧបសគ្គ​ជា​ញឹកញាប់ ពោល​គឺ​មិន​បាន​រៀន​ជាប់​លាប់ ឬ​ពូកែ​ដូច​ជា​សិស្ស​ដទៃ​​ទេ។ ការ​មិន​​រៀន​ជាប់​លាប់ ឬ​ខ្លាំង​ដូច​ជា​សិស្ស​ដទៃ​ដោយសារ​តែ​តារា​ចម្រៀង​រូប​នេះ​ត្រូវ​ជួយ​រក​ ប្រាក់​ជួយ​ទំនុក​បម្រុង​គ្រួសារ​ដែល​ជួប​បញ្ហា​ខ្វះខាត។

 

ម្ចាស់​បទ “សង្សារ​លួច​លាក់” និយាយ​ថា៖”ខ្ញុំ​ចង់​រៀន​ឱ្យ​ពូកែ​ដូច​ជា​សិស្ស​ដទៃ​ទៀត​ចឹង​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ព្រោះ​អី​គ្រួសារ​របស់​ខ្ញុំ​ជួប​ការ​ ខ្វះខាត​ច្រើន​ពេក​ដូច្នេះ​ហើយ​ខ្ញុំ​តែងតែ​​លួច​ម៉ោង​ការសិក្សា​ខ្លះ​ទៅ​រក​ប្រាក់​ជួយ​ឪពុក​ម្ដាយ”។

 

លោក ឆាយ វីរៈយុទ្ធ បាន​រំលឹក​ភាព​ជូរចត់​របស់​ខ្លួន​អំឡុង​ពេល​រៀន​ថ្នាក់​ទី​៩ ដែល​ជា​ឆ្នាំ​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋមភូមិ(ឌីប្លូម) ថា៖”ថ្នាក់​ទី​៩​ហ្នឹង​ជា​ឆ្នាំ​ប្រឡង ពេល​ព្រឹក និង​ពេល​រសៀល​ខ្ញុំ​ទៅ​រៀន តែ​ពេល​ចេញ​ពី​រៀន​ម៉ោង៥​ល្ងាច​ ខ្ញុំ​ឆ្លៀត​​ទៅ​ច្រៀង​តាម​ភោជនីយដ្ឋាន​នានា​ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ ជីវភាព​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​គ្រួសារ​ទាំង​មូល”។

 

តារា ​ចម្រៀង​រូប​នេះ​បន្ត​ថា​ការ​​ទៅ​ច្រៀង​ឆ្ងាយ​ពី​ផ្ទះ ហើយ​ត្រឡប់​មក​វិញ​យប់​ជ្រៅ​ដល់​ថ្នាក់​ម៉ោង​មួយ ឬ​ពីរ​យប់​ធ្វើ​ឱ្យ​លោក​អស់​កម្លាំង​ មិន​អាច​មាន​ពេល​មើល​សៀវភៅ​ដើម្បី​ត្រៀម​ប្រឡង​បាន។ ម្យ៉ាង​ទៀត​​លោក​ថា​ពេល​រៀន​ក្នុង​ថ្នាក់​ម្ដងៗ​​ងក់ ឬ​មួយ​ក៏​ដេក​លក់​ក្នុង​ថ្នាក់​ក៏​មាន​ដែរ។ ប្រការ​បែប​នេះ​ហើយ​ធ្វើ​ឱ្យ​ពិន្ទុ​ក្នុង​ថ្នាក់​រៀន​របស់​លោក​មិន​សូវ​ជា​ ប្រសើរ​ដូច​ជា​សិស្ស​មួយ​ចំនួន​ទេ។

 

តារា​ចម្រៀង​ដែល​ទស្សនិកជន​ដាក់​ រហស្ស​​នាម​ថា​ជា​តារា​ចម្រៀង​ពូកែ​ដាក់​មនោសញ្ចេតនា​​បាន​រំលឹក​ពី​ភាព​អស់ ​សំណើច​របស់​ខ្លួន​ពេល​រៀន​ថ្នាក់​ទី ៩ ​ថា៖”ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អី​ខ្ញុំ​ ប្រឡង​ឌីប្លូម​ជាប់​ដែរ ព្រោះ​កាល​ឆ្នាំ​នោះ​ឱ្យ​តែ​ដល់​ពេល​ប្រឡង​ឆមាស ឬ​ប្រចាំ​ខែ​ខ្ញុំ​តែងតែ​គ្រុន​ក្ដៅ​ឈឺ​រហូត ថា​ភ័យ​ទៅ​មិន​ភ័យ​ទេ តែ​មិន​ដឹង​យ៉ាង​ម៉េច”។

 

ការ​ច្រៀង​ដោយ​ទទួល​បាន​ចំណូល ២៥​ ដុល្លារ​ ក្នុង​មួយ​​ខែ​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​មាន​ឈ្មោះ​ដើម​ថា ឆាយ ចាន់​ឆោម សប្បាយ​រីករាយ​ជា​ខ្លាំង​សម្រាប់​ការ​ងារ​លើក​ដំបូង។ ទោះ​​ជា​ប្រាក់​ខែ​២៥​ដុល្លារ​ច្រើន​​យ៉ាង​ណា​ក្ដី​​លោក និង គ្រួសារ​នៅ​តែ​ជួប​ការ​ខ្វះខាត​ដដែល​គឺ​មាន​ធ្វើ​ឱ្យ​ជីវភាព​​ប្រសើរ​ ឡើង​នោះ​ទេ។

 

ដោយ​មើល​ឃើញ​ពី​ជីវភាព​គ្រួសារ​ចេះ​តែ​ចុះ​ដុនដាបៗ នៅ​ក្នុង​ឆ្នាំ​២០០៧​លោក ឆាយ វីរៈយុទ្ធ សម្រេចចិត្ត​ព្យួរ​ការសិក្សា​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ដើម្បី​ជួយ​​ រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​កំពុង​ជួប​ប្រទះ។ មក​ទល់​នឹង​ពេល​នេះ​ក្រុម​គ្រួសារ​របស់​​លោក រួម​ទាំង​ខ្លួន​ផ្ទាល់​លែង​មាន​ការ​លំបាក​ដូច​មុន​ទៀត​ហើយ ដោយ​បងប្អូន​ម្នាក់ៗ​មាន​គ្រួសារ និង​ការងារ​រៀងៗ​ខ្លួន។

 

សូមចុចអាន៖ ជីវិត​ពិត​នាយវីតាមីន​សេ ​ចូល​សិល្បៈ ​ព្រោះ​ក្រីក្រ​ពេក

​​

ការ​​បោះ​ជំហាន​លើ​វិថី​សិល្បៈ

 

លោក ឆាយ វីរៈយុទ្ធ បាន​ឈាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​តាំង​ពី​ឆ្នាំ​២០០២ ​មក​ម្ល៉េះ ពោល​គឺ​ក្នុង​ពេល​ដែល​លោក​រៀន​នៅ​ថ្នាក់​ទី៩​នៃ​វិទ្យាល័យ ឥន្ទ្រទេវី តែ​ម្ដង។ លោក​​និយាយ​ថា​ការ​បោះ​ជំហាន​ចូល​សិល្បៈ​របស់​ខ្លួន​កើត​ឡើង​ពី​ការ​ស្រលាញ់ ​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​មាន​ការ​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ខ្លះៗ​បងប្អូន និង​ឪពុក​ម្ដាយ។

 

តារា​ចម្រៀង​រូប​នេះ​និយាយ​ថា៖”អាជីព​ជា​អ្នក​ចម្រៀង ​ហ្នឹង​ខ្ញុំ​ស្រលាញ់​តាំង​ពី​តូច​មក​ម្ល៉េះ។ កាល​នៅ​ក្មេង​ឱ្យ​តែ​ដល់​ម៉ោង​សិល្បៈ​គ្រូ​​តែងតែ​ឱ្យ​អ្នក​ណា​ស្ម័គ្រចិត្ត ​ច្រៀង​គាត់​នឹង​ផ្ទល់​ពិន្ទុ​ឱ្យ។ ខ្ញុំ​តែង​លើក​ដៃ​មុន​គេ​ជា​និច្ច ព្រោះ​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ចូលចិត្ត”។

 

បាក់​ទឹក​ចិត្ត​ពេល​មិន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន

 

ក្រោយ ​ពី​នៅ​ក្រៅ​រង្វង់​សិល្បៈ​ជាង​បី​ឆ្នាំ ដោយ​ដើរ​តែ​ច្រៀង​តាម​ភោជនីយដ្ឋាន និង​តាម​បៀរហ្គាឌិន​នានា​លោក ឆាយ វីរៈយុទ្ធ បាន​ចេញ​​ជា CD លើក​ដំបូង​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សែន​ក្នុង​ឆ្នាំ​ ២០០៥។ បទ​ចម្រៀង​ដំបូង​របស់​លោក​ក្នុង​ផលិតកម្ម​នេះ​គឺ​បទ ”ត្រឹម​មួយ​នាទី”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ចេញ​ជា​ CD ផ្ទាល់​ខ្លួន​លើក​ដំបូង​នេះ​មិន​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង​វ័យ​ក្មេង​ខាង​លើ ​សប្បាយ​រីករាយ​​ឡើយ​ ព្រោះ​មិន​ទទួល​​​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​មហាជន។

 

តារា ​ចម្រៀង​ទទួល​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​មិត្តៗ​យុវវ័យ​និយាយ​ថា៖”ខ្ញុំ​ បាក់​ទឹក​ចិត្ត និង​គ្មាន​កម្លាំង​ចិត្ត​បន្ត​ការ​ច្រៀង​ទៀត​ទេ​នៅ​ពេល​បទ​ចម្រៀង​ចេញ​ហើយ​ មិន​មាន​អ្នក​គាំទ្រ។ ខ្ញុំ​ចង់​ឈប់​ពី​អាជីព​ជា​អ្នក​ចម្រៀង​នេះ តែ​ដោយសារ​ឪពុក​ម្ដាយ​ចេះ​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ធ្វើ​ឱ្យ​ ព្យាយាម​ថែម​ទៀត​រហូត​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍”។

 

លោក ឆាយ វីរៈយុទ្ធ បន្ត​ទៀត​ថា​ការ​ចេញ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា”កិច្ច​សន្យា​ស្នេហ៍” ក្នុង​ផលិតកម្ម​ Blue Diamond ទាក់ទាញ​ការ​គាំទ្រ​ជា​ខ្លាំង​​ពី​សំណាក់​ទស្សនិកជន។ ប្រការ​នេះ​ធ្វើ​ឱ្យ​មាន​កម្លាំង​ចិត្ត​លោក​​ពុះ​ពារ​ខ្លាំង​ជាង​មុន​ថែម​ ទៀត​ក្នុង​ការ​បោះ​ជំហាន​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​សិល្បៈ។

 

សូមចុចអាន៖ ថន លក្ខិណា៖ “ចំណេះដឹង​សំខាន់​ជា​ពន្លឺ​នៃ​ជីវិត”

 

 

ការ​ផ្លាស់​ប្ដូរ​ផលិតកម្ម​ច្រៀង

 

លោក ឆាយ វីរៈយុទ្ធ បាន​ចេញ​ជា​ CD ផ្ទាល់​ខ្លួន​ដំបូង​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សែន នា​ឆ្នាំ​២០០៥ បន្ទាប់​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បុរស​ម្នាក់​អំឡុង​ពេល​ខ្លួន​ច្រៀង​ តាម​ភោជនីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ។

 

ក្នុង​ឆ្នាំ​២០០៧ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​បាន​ប្ដូរ​ពី​ផលិតកម្ម​ រស្មី​ស្ទឹង​សែន មក​ច្រៀង​ក្នុង​ផលិតកម្ម Blue Diamond។ ការ​ចាក​ចេញ​ពី រស្មី​ស្ទឹង​សែន ដោយសារ​តែ​ការ​ជាប់​គាំទ្រ CD មិន​អាច​ចរាចរ​នៅ​លើ​ទីផ្សារ​បាន។ ក្នុង​ផលិតកម្ម​ Blue Diamond នេះ​ហើយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក ឆាយ វីរៈយុទ្ធ ចាប់​ផ្ដើម​ល្បី​ទទួល​ស្គាល់​ពី​ទស្សនិកជន​ក្នុង​បទ​ចម្រៀង”កិច្ច​សន្យា​ ស្នេហ៍”។

 

ក្នុង​ឆ្នាំ​២០០៨ តារា​ចម្រៀង​វ័យ​២៧​ឆ្នាំ​រូប​នេះ​ប្ដូរ​មក​ច្រៀង​ក្នុង​ផលិតកម្ម M វិញ​ម្ដង។ ការ​ចាក​ចេញ​ពី Blue Diamond មិន​ខុស​​ពី​កាល​លោក​ចេញ​ពី រស្មី​ស្ទឹង​សែន​នោះ​ទេ គឺ​ដោយសារ​តែ​ការ​ជាប់​គាំង​មិន​អាច​ចេញ​ CD លក់​លើ​ទីផ្សារ​បាន។

 

ក្នុង​ឆ្នាំ​២០១០​លោក ឆាយ វីរៈយុទ្ធ ចាក​ចេញ​ពី​ផលិតកម្ម​ M មក​ច្រៀង​ឱ្យ​ផលិតកម្ម Bigman វិញ។ ការ​ចាកចេញ​ពី​ផលិតកម្ម M មិន​​មែន​ជាប់​គាំង CDS ដូច​ផលិតកម្ម​មុនៗ​​ទេ។ ការ​ចាក​ចេញ​ម្ដង​នេះ​គឺ​ដោយសារ​តែ​​ផុត​កុងត្រា។

 

បាន​រយៈ​ពេល​តែ​ពីរ ​ឆ្នាំ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ​បាន​​បោះ​ជំហាន​ទៅ​កាន់​ផលិតកម្ម​ ថ្មី​មួយ​ទៀត​គឺ​ផលិតកម្ម សាន់ដេ​ក្នុង​ឆ្នាំ​២០១២។ លោក ឆាយ វីរៈយុទ្ធ បញ្ជាក់​ថា​ការ​បោះ​ជំហាន​ទៅ​កាន់​សាន់ដេ ដោយសារ​តែ​លោក​ផុត​កុងត្រា​ជា​មួយ Bigman ពោល​គឺ​មិន​មាន​បញ្ហា​អ្វី​ចោទ​ទេ។

 

បទ​ចម្រៀង​ល្បីៗ​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន

 

បទ​ចម្រៀង​ល្បីៗ​របស់​លោក​ ឆាយ វីរៈយុទ្ធ ចាប់​តាំង​ពី​ប្រឡូក​សិល្បៈ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​មាន​ដូច​ជា៖

-ផលិតកម្ម រស្មី​ស្ទឹង​សែន ត្រឹម​មួយ​នាទី

  • ផលិតកម្ម Blue Diamond បទ កិច្ចសន្យាស្នេហ៍

-ផលិតកម្ម M នឹក​ដូច​គ្នា, កុំ​ឱ្យ​គេ​ឈឺ​ចាប់​ដោយសារ​បង, ផ្ញើ​ចិត្ត​នឹក, នរណា​ជា​ម្ចាស់​បេះ​ដូង​អូន, ខូច​ចិត្ត​ទុក​មុន

-ផលិតកម្ម Bigmanកុំ​ភ្លេច​ប្រាប់​គេ​ថា​អូន​ជា​សង្សារ​បង, ទឹក​ចិត្ត​បង​ស្រី, មុន​បង​ស្គាល់​គេ​អូន​នៅ​ឯណា, ដក​ដង្ហើម​ហូរ​ទឹក​ភ្នែក, សុខៗ​សង្សារ​សុំ​បែក, ខ្លាច​ការ​ពិត​ត្បិត​មិន​ចង់​បែក។

-ផលិតកម្ម សាន់ដេ សង្សារ​លួច​លាក់, ស្អប់​ខ្លួន​ឯង​ដែល​ស្រលាញ់​អូន, លុយ​បង​មិន​ដល់​គេ, លឺ​ឈ្មោះ​អូន​បង​ឆ្អែត​បាយ, បង​ពី​មុន​ឆ្កួត​បាត់​ហើយ។

 

ស្នាដៃ​ថត​ខ្សែ​ភាពយន្ត

 

ចាប់ ​តាំង​ពី​បោះ​ជំហាន​ចូល​សិល្បៈ​មក​ទល់​នឹង​ពេល​នេះ​លោក ឆាយ វីរៈយុទ្ធ បាន​សម្ដែង​ខ្សែ​ភាពយន្ត​ពីរ​រឿង​មក​ហើយ​គឺ​រឿង វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម ក្នុង​ឆ្នាំ​២០១២ និង​រឿង”ព្រាយ​ក្បាល​ប្រាំ​បី” ក្នុង​ឆ្នាំ​២០១៣។ ខ្សែ​ភាពយន្ត​ទាំង​​ពីរ​នេះ​​គឺ​ថត​ក្នុង​ផលិតកម្ម​សាន់ដេ។ លោក​បាន​និយាយ​ថា​នៅ​ពេល​ខាង​មុខ​លោក​ត្រៀម​នឹង​បង្ហាញ​ស្នាដៃ​ខ្សែ​ភាពយន្ត ​ផ្សេង​ទៀត ប៉ុន្តែ​លោក​មិន​ទាន់​បង្ហើប​ចំណង​ជើង​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។

 

ការ​ចេញ​សម្ដែង​នៅ​ក្រៅ​​ប្រទេស

 

លោក ឆាយ វីរៈយុទ្ធ ទើប​តែ​បាន​ចេញ​ទៅ​សម្ដែង​នៅ​​ប្រទេស​អូស្ត្រាលី​មួយ​ប៉ុណ្ណោះ​ចាប់​តាំង​ពី ​ឈាន​ចាប់​​អាជីព​ជា​អ្នក​សិល្បៈ​មក។ ការ​ចេញ​ទៅ​សម្ដែង​ក្នុង​ឆ្នាំ​២០១២ តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត កំពង់ចាម​រូប​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ជា​​ខ្លាំង​ពី​ទស្សនិកជន។

រឿង​ចង​ចាំ​​បំផុត​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត

 

មាន ​រឿង​ពីរ​យ៉ាង​​​ដែល​ធ្វើ​ឱ្យ​លោក ឆាយ វីរៈយុទ្ធ មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត។ រឿង​ទាំង​ពីរ​នោះ​គឺ​ទី​មួយ ការ​ចេញ​ជា CD បទ​ចម្រៀង​ និង​ រឿង​មួយ​ទៀត​គឺ​ ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​កាល​ពី​ឆ្នាំ​២០១០។

 

តារា​ ចម្រៀង​រូប​នេះ​និយាយ​ថា​ អំឡុង​ការ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ ពេល​ចេញ​ទៅ​ច្រៀង​តាម​ភោជនីយដ្ឋាន​ម្ដងៗ​លោក​បាន​និយាយ​ជា​មួយ​បង​ប្រុស​ ខ្លួន​ថា​ថ្ងៃ​ណា​​មួយ​បាន​ចេញ​ជា CD ចម្រៀង​ផ្ទាល់​នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​លោក​រីករាយ​បំផុត។ ការ​គិត​នេះ​គឺ​​បាន​ដូច​បំណង​ពិត​​មែន​ដោយ​លោក​បាន​ចេញ​ជា​អាល់ប៊ុម CD ចម្រៀង​ក្នុង​ផលិតកម្ម​ រស្មី​ស្ទឹង​សែន។ ដោយ​ឡែក​និយាយ​ពី​រឿង​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ចាត់​ទុក​ថា​ជា​រឿង​ធ្វើ​ឱ្យ​លោក​​ភ្លេច​មិន​បាន។

 

សូមចុចអាន៖ អ្នក​គ្រប់​គ្រង​ការ​ផលិត​នៅ Rock ធ្លាប់​ជា​កុមារ​លក់​ទឹក​កក​ឈូស​​តាមកំពង់​ចម្លង

 

គោល​បំណង​ទៅ​ថ្ងៃ​អនាគត

 

និយាយ​ពី​រឿង​គម្រោង​ទៅ​ថ្ងៃ​​អនាគត​តារា​ចម្រៀង​និយម​ច្រៀង​បទ​មនោសញ្ចេតនា ​ខាង​លើ​ប្រាប់​ឱ្យ​ដឹង​ថា​​ លោក​ត្រៀម​នឹង​ស្វែង​រក​ស្ទិល​ច្រៀង​ថ្មី ក៏​ដូច​ជា​ស្ទិល​នៃ​ការ​តុបតែង​ខ្លួន​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​បន្ថែម​ទៀត ​ពី​ទស្សនិកជន​នា​ពេល​ខាង​មុខ។ មួយ​វិញ​ទៀត​តារា​ចម្រៀង​រូប​នេះ​ត្រៀម​នឹង​រៀប​ចំ​ព្រឹត្តិការណ៍ គួរ​ឱ្យ​ ភ្ញាក់​ផ្អើល​មួយ​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ក៏ប៉ុន្តែ​តារា​ចម្រៀង​ឈាន​មុខ​របស់​ សាន់ដេ​រូប​នេះ​មិន​ទាន់​ប្រាប់​ពី​គម្រោង​នោះ​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។

 

គូស្រករ​ទៅ​ថ្ងៃ​អនាគត

 

មក ​ទល់​នឹង​ពេល​នេះ​លោក ឆាយ វីរៈយុទ្ធ មិន​ទាន់​រក​ឃើញ​គូអនាគត​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ដែល​លេច​លឺ​ថា​តារា​ចម្រៀង​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហ៍​នឹង​ នារី​ណា​ម្នាក់​នោះ​ទេ។ លោក​បាន​និយាយ​ថា​ពេល​នេះ​លោក​មិន​ទាន់​គិត​ពី​បញ្ហា​ហ្នឹង​នៅ​ឡើយ​ទេ ដោយ​ទុក​ពេល​រក​ប្រាក់​ឱ្យ​បាន​ច្រើន​សិន។

 

ចំពោះ​នារី​ក្នុង​ក្ដី​ សុបិន​​នា​ថ្ងៃ​អនាគត​លោក ឆាយ វីរៈយុទ្ធ ប្រាប់​ថា​មិន​ប្រកាន់​ពណ៌សម្បុរ​ មាន​ក្រ​ឡើយ សំខាន់​ចេះ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​ក្រុម​គ្រួសារ​លោក​ផ្ទាល់​តែ​ម្ដង។ លោកថា​បើ​បាន​តាម​​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​​​​មាន​សុភមង្គល៕

 

 

អត្ថបទ៖ អ៊ីង សុឡា