ណាហ្កាវើល​បង្កើត​កម្មវិធី​ច្រើន​ជំរុញ​ទឹក​ចិត្ត​អត្តពលិក​កម្ពុជា​យក​មេដាយ​មាស​នៅ​ស៊ីហ្គេម

  • 2017-08-08 08:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​ លើក​ទី២៩​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​សណ្ឋាគារ​ណាហ្គាវើល​ នឹង​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​ដែល​បាន​មេដាយ​មាស​ ចំនួន​ ៣០០០$​ សម្រាប់​ឯកត្តជន​ និង​៥០០០$​ ប្រភេទ​កីឡា​ជា​ក្រុម​ និង​សម្ភារ​សម្រាប់​ចេញ​ទៅ​ប្រកួត​មួយ​ចំនួន​ទៀត។​

លោក​ Per Chen

លោក​ Per Chen​ នាយ​ប្រតិបត្តិ​ក្រុមហ៊ុន​ណាហ្គាវើល​ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បង្ហាញ​ឈុត​កីឡា​សម្រាប់​អត្តពលិក​ប្រើ​នៅ​ស៊ីហ្គេម​ឯ​ប្រទេស​ម៉ាឡេស៊ី​ព្រឹក​មិញ​នេះ​ថា​ ក្រុម​ហ៊ុន​របស់​លោក​ឧបត្ថម្ភ​ដល់​កម្ពុជា​ក្នុង​ព្រឹត្តិការ​ធំ​ៗ​ជា​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​ មក​ម្ល៉េះ។​ ណាហ្គាវើល​ ពិត​ជា​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ និង​គាំទ្រ​ដល់​ NOCC​ ក៏​ដូច​ជា​ក្រុម​កីឡា​ទាំង​មូល​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ។​ ចំពោះ​សម្ភារ​ដែល​ ឧបត្ថម្ភ​ដល់​អត្តពលិក​ មន្ត្រី​ដឹកនាំ​ និង​គ្រូ​បង្វឹក​ចេញ​ទៅ​នេះ​រួម​មាន​ អាវ​យឺត​ អាវ​យឺត​ប៉ូឡូ​ អាវ​ក្រៅ​ ខោ​កីឡា​ខ្លី​​ ខោ​កីឡា​វែង​ និង​កាតាប​ជា​ដើម។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ បាន​ឲ្យ​ដឹង​ថា​ លោក​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ណាហ្គាវើល​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​គាំទ្រ​ក៏​ដូច​ជា​ឧបត្ថម្ភ​រាល់​ចលនា​កីឡា​របស់​កម្ពុជា​ និង​ជា​ពិសេស​ការ​ចេញ​ទៅ​ស៊ីហ្គេម​នេះ។​ កម្មវិធី​នេះ​ជា​ការ​ជួបជុំ​របស់​អត្តពលិក​ចុង​ក្រោយ​ហើយ​ ដែល​រៀបចំ​ដោយ​ NOCC។​ NOCC​ និង​ណាហ្គាវើល​ រួម​បង្កើត​កម្មវិធី​ទាំង​នេះ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ឲ្យ​ខំប្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​មាស​ឲ្យ​បាន ​ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន​មក​ហើយ​ ដូច​ជា​បាន​មេដាយ​ប្រាក់​ឬ​ សំរឹទ្ធ​ ជា​ដើម​ដូច្នេះ​ត្រូវ​ខំប្រឹង​ថែម​ទៀត​ក្នុង​ការ​យក​មេដាយ​មាស។​

អត្តពលិក​កម្ពុជា

កម្មវិធី​ជួបជុំ​ និង​បង្ហាញ​ឯកសណ្ឋាន​សម្រាប់​អត្តពលិក​ប្រើ​ក្នុង​ស៊ីហ្គេម​ លើក​ទី២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ​នេះ​ ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​ក្រោម​ដី​សណ្ឋាគារ​ណាហ្គាវើល​ស៊ីធីវ៉ក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​២០១៧​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​