៥យ៉ាង បុរស​គួរ​ធ្វើ​ឲ្យ​អស់​ចិត្ត មុន​សម្រេច​បញ្ចប់​ជីវិត​នៅ​លីវ​ក្នុង​រោងការ

  • 2017-08-31 08:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាពាហ៍ពិពាហ៍ គឺ​ជា​ការ​ចាប់​ផ្ដើម​អនាគត ដោយ​មនុស្យ ២​នាក់​ដើរ​រួម​ផ្លូវ​គ្នា ហើយ​មាន​ទំនួល​ខុស​ត្រូវ​ជា​ច្រើន មិន​ដូច​ជីវិត​​នៅ​លីវ​ឡើយ។ មនុស្ស​ប្រុស ខ្លាច​បំផុត គឺ​បាត់​បង់​សេរីភាព​នៅ​ពេល​រៀប​ការ​រួច ខណៈ​អ្នក​ខ្លះ​ទៀត មិន​ទាន់​សម្រេច​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ក៏​ចាប់​ផ្ដើម​ជីវិត​មាន​គូ​បាត់ ទាំង​​ស្ដាយ​ភាព​យុវវ័យ។

បើ​មិន​ចង់​ស្ដាយ​ក្រោយ គួរ​ធ្វើ​រឿង​ទាំង​៥ ខាង​ក្រោម​នេះ ឲ្យ​អស់​ចិត្ត​សិន៖

១. ដើរ​លេង​ផ្សង​ព្រេង​ជាមួយ​មិត្តភ័ក្ដិ៖ មនុស្ស​ប្រុស​ចូល​ចិត្ត​ដំណើរ​ផ្សង​ព្រេង​ណាស់ ជា​ពិសេស​ដើរ​លេង​ជាមួយ​មិត្ត​ភក្ដិ​ជិតដិត​ផ្សង​គ្រោះ​ថ្នាក់​ចូល​ព្រៃ ឆ្លង​សមុទ្រ​ជា​ដើម។ យ៉ាង​ណា​មិញ ពេល​រៀប​ការ​រួច មិន​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ឡើយ ហើយ​កម្រ​ណាស់ ដែល​អាច​ទៅ​ដើរ​លេង​សប្បាយ ចោល​ប្រពន្ធ​នោះ។

ដូច​នេះ មុន​ពេល​សម្រេច​ចិត្ត​ចូល​រោង​ការ កសាង​អនាគត​ជា​មួយ​នារី​ម្នាក់​ហើយ ត្រូវ​ដើរ​លេង​ក្នុង​នាម​ជា​មនុស្ស​នៅ​លីវ​ឲ្យ​ឆ្អែត​អស់​ចិត្ត​សិន។ ម្យ៉ាង​វិញ​ទៀត ការ​ដើរ​លេង​ស្គាល់​គ្រប់​កន្លែង ក៏​ជា​ប្រយោជន៍ ក្រោយ​រៀប​ការ​រួច​នាំ​មនុស្ស​ជា​ទី​ស្រលាញ់ ទៅ​កន្លែង​ដែល​ខ្លួន​ធ្លាប់​ទៅ ធ្វើ​ជា​មគ្គទេសក៍​ខ្លួន​ឯង​តែ​ម្ដង។

២. ទិញ​របស់​ដែល​ចង់​ទិញ​ឲ្យ​គ្រប់​សិន៖ ចង់​បាន​របស់​អ្វី​ដែល​ខ្លួន​ស្រលាញ់ ដូច​ជា​សម្ភារៈ​បច្ចេកវិទ្យា សំលៀក​បំពាក់​ទាន់​សម័យ របស់​ថ្លៃៗ​លំអ​ជីវិត ឬ​ប្ដូរ​ម៉ូតូ-ឡាន​ជា​ដើម អាច​ចាប់​ផ្ដើម​មុន​ពេល​រៀប​ការ ប្រសិន​បើ​មាន​លុយ​ផ្ទាល់​ខ្លួន ព្រោះ​អ្នក​មិន​អាច​ស្មាន​ចិត្ត​ត្រូវ​ទេ ថា​មនុស្ស​ដែល​អ្នក​ស្រលាញ់ ដៃ​ទូលាយ​ដូច​អ្នក។

៣. ហៅ​មិត្ត​ភក្ដិ​ធ្លាប់​រៀន​ជាមួយ ជួប​ជុំ​គ្នា​ឲ្យ​បាន​ច្រើន​ដង៖ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​រៀង​ខ្លួន ម្នាក់​ៗ​ប្រាកដ​ជា​នៅ​ឆ្ងាយ​ពី​គ្នា គ្មាន​ភាព​ជិត​ស្និទ្ធ​ឡើយ ហើយ​ពេល​រៀប​ការ​រួច រឹត​តែ​ឆ្ងាយ​ទៅ​ទៀត ព្រោះ​រវល់​រឿង​គ្រួសារ។ មុន​ពេល​ចូល​រោង​ការ គួរ​ឧស្សាហ៍​ជួប​ជុំ ណាត់​ជាមួយ​មិត្ត​ភក្តិ​ជជែក​គ្នា​លេង​ឲ្យ​អស់​ចិត្ត រំឭក​រឿង​ចាស់​ៗ​ឡើង​វិញ។ ម្យ៉ាង​វិញ​ទៀត វា​ជា​រឿង​ល្អ ដែល​ជួប​ច្រើន​ដង មុន​ពេល​ហៅ​ការ។ ចៀសវាង ណាត់​ជួប​លើក​ទី១ ដើម្បី​អញ្ជើញ​ចូល​រួម​ពិធី​មង្គល​ការ​តែ​ម្ដង គឺ​មិន​ល្អ​ទេ។

៤. រៀន​គ្រប់​វគ្គ​តាម​ចិត្ត​ចង់៖ រៀន​លេង​ហ្គីតា រៀន​ថត​រូប រៀន​ឧបករណ៍​តន្រ្តី គួរ​រៀន​ឲ្យ​អស់​មុន​ពេល​រៀបការ ព្រោះ​ពេល​រៀប​ការ​រួច អ្នក​មាន​ទំនួល​ខុស​ត្រូវ​ជា​ច្រើន មិន​អាច​យក​ពេល​ទៅ​ធ្វើ​រឿង​ទាំង​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ពេល​អ្នក​នៅ​លីវ មាន​សេរីភាព មាន​ពេល​វេលា និង​មិន​សូវ​ជា​ឆ្គង​ឡើយ ក្នុង​ការ​ធ្វើ​រឿង​ទាំង​នោះ។ ប៉ុន្តែ​បើ​រៀប​ការ​រួច ប្រាកដ​ជា​មើល​ទៅ ហាក់​ឆ្គង​បន្តិច ដែល​ទៅ​រៀន​លេង​ហ្គីតា ឬ​ឧបករណ៍​តន្ត្រី​នានា​នោះ។

៥. ជ្រើសរើស​ការងារ​ដែល​ពេញ​ចិត្ត៖ មុន​ពេល​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ គួរ​ធ្វើ​តាម​ចិត្ត ជ្រើស​រើស​ការងារ​សម្រាប់​ជីវិត​ឲ្យ​ប្រសើរ​មួយ​សិន។ ត្រូវ​មើល​ថា ការងារ​នោះ​មាន​លំនឹង​ឬ​ទេ? មាន​ប្រាក់​ខែ​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ​មួយ​ឬ​ទេ? បើ​មិន​ទាន់​អាច​ទប់​ទល់​រួច កុំ​ទាន់​ចូល​រោងការ ព្រោះ​អាច​នាំ​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ។ នៅ​ពេល​គ្មាន​ការងារ​ជាប់​លាប់ អ្នក​ប្រាកដ​ជា​បង្ខំ​ចិត្ត​ប្ដូរ​ពី​មួយ​ទៅ​មួយ ទាំង​ខ្លួន​មិន​ស្រលាញ់ ដើម្បី​បំពេញ​ចំណូល​គ្រួសារ ខុស​ពី​ពេល​នៅ​លីវ៕

ចុចអានអត្ថបទ៖

ប្រភព៖ Mensxp   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី