ឌុយបៃ ​នឹង​ប្រើ​ Drone​ រត់​តាក់​ស៊ី​លើ​អាកាស​​ចុង​ឆ្នាំ​នេះ​ តម្លៃ​ថោក​ស្មាន​មិន​ដល់​​

  • 2017-09-02 02:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​ឌុយបៃ​កំពុង​ប្រណាំង​ប្រជែង ​ដើម្បី​ក្លាយ​ជា​ ប្រទេស​ទី​មួយ​​លើ​លោក​នឹង​បើក​បម្រើ​សេវាកម្ម​តាក់ស៊ី​លើ​អាកាស​នៅ​ចុង​ឆ្នាំ​នេះ​ ដោយ​ប្រើ​ Droneដឹក​អ្នកដំណើរ​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC កាល​ពី​ម្សិល​មិញ។

ប្រទេស​អារ៉ាប់រួម ដែល​ទើប​​​បោះ​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា​​អាឡឺម៉ង់​ បារាំង និង​ ចិន ជា​ដើម ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ នឹង​ធ្វើការ​សាកល្បង​​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ​ដើម្បី​ប្រើប្រាស់​ជា​តាក់ស៊ី​​នៅ​ឌុយបៃ នៅ​ចុង​ឆ្នាំ​២០១៧ រត់​លើ​គន្លង​ចំនួន​១៨​ខ្សែ។ ​យន្តហោះ​ Volocopter របស់​អាឡឺម៉ង់​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​២នាក់ City Airbus របស់​បារាំង ដែល​មាន​រាង​ដូច​ឡាន​បន្តិច ដូច​ថាស​ហោះ​បន្តិច ដាក់​មនុស្ស​បាន​​ដល់​ទៅ​៦នាក់ ខណៈ​ដ្រូន Ehang របស់​ចិន​បាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​។

Drone ខ្នាត​យក្ស​នេះ មាន​ល្បឿន​អតិបរមា​ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហោះ​ហើរ​បាន​៣០​នាទី រាល់​ការ​សាក​ថ្ម​មួយ​លើក​ៗ ​និង​ដើម្បី​សុវត្ថិភាព យន្តហោះ​តាក់ស៊ី​នេះ​ បាន​ប្រើ​​ប្រព័ន្ធ​ថ្ម​៩​គ្រាប់​​ផ្សេង​ទៀត​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​ ក្នុង​ករណី​ថ្ម​យន្តហោះ​ណាមួយ​មិន​ដំណើរការ​។

ចំពោះ​តម្លៃ​​​សម្រាប់​ជិះ​តាក់ស៊ី​លើ​អាកាស​​នេះ​វិញ​ មិន​ខុស​គ្នា​ប៉ុន្មាន​នឹង​ការ​ជិះ​ឡាន​ឈ្នួល លើ​ដី​នោះ​ទេ។ នេះ​បើ​តាម​លោក​​ ​Mark Moore ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ Uber ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​របស់​អាមេរិក បាន​និយាយ​៕​

ប្រភព៖ BBC   អត្ថបទ៖ សុខ លាងហ៊ត