សុនខ​របស់ Siwon ខាំ​ថៅកែ​ភោជនីយ​ដ្ឋាន​​​ម្នាក់​​ស្លាប់

  • 2017-10-21 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ស្មាន​មិន​ដល់​មួយ​បាន​កើត​ឡើង​កាល​ពី​ទី​ ២០​ខែ​ តុលា​ម្សិលមិញ​ ដែល​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ពេញ​សារព័ត៌មាន​កូរ៉េ​ ក្រោយ​ពេល​សុនខ​របស់​ Siwon តារា​ចម្រៀង​ប្រចាំ​ក្រុម​ Super Junior ខាំ​មនុស្ស​រហូត​ស្លាប់។

តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ Kim ដែល​មាន​អាយុ​ ៥៣​ឆ្នាំ​ បាន​ត្រូវ​ឆ្កែ​បារាំង ពូជ​ Bulldog ខាំ​ នៅ​ក្នុង​អាគារ​ស្នាក់​នៅ​ (Apartment)។ ជាអកុសល​ ៤​ថ្ងៃ​ក្រោយ​ ស្ត្រី​រូប​នេះ​ក៏​បាន​ទទួល​មរណភាព ដោយសារ​មេរោគ​ជ្រាប​ចូល​ក្នុង​ឈាម។

ទាក់ទង​នឹង​រឿងរ៉ាវ​នេះ​ ខាង​គ្រួសារ​របស់​តារា​ចម្រៀង​ Choi Siwon ក៏​បាន​ចេញ​មុខ​ទទួល​ស្គាល់​ដែរ​ថា​ សុនខ​នោះ​ជា​របស់​ខ្លួន។ ជាមួយ​គ្នា​នោះ​កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​តុលា​ ប្អូន​ស្រី​របស់​ Siwon បាន​បង្ហោះ​សារ​សុំទោស​ដ៏​វែង​មួយ​លើ​គណនី​ Instagram របស់​នាង។ សារ​នោះ​ផង​ដែរ​ ក៏​ជា​លិខិត​សុំទោស​ដោយ​ផ្ទាល់​របស់​ឪពុក​របស់​នាង​លោក​ Choi Ki Ho ដោយ​មានសេចក្ដី​ថា៖

“វា​ជា​ការ​ពិត​ដែល​អ្នក​ជិត​ខាង​ម្នាក់​បាន​រង​គ្រោះ​ ដោយសារ​សុនខ​ចិញ្ចឹម​របស់​យើង​ខាំ ខណៈ​ទ្វារ​ផ្ទះ​របស់​យើង​ចំហ​ នា​ពេល​នោះ ហើយ​ក្រោយ​មក​គាត់​ (អ្នក​ស្រី​ Kim) ក៏​បាន​លា​ចាក​លោក​ ដោយសារ​មេរោគ​ចូល​ក្នុង​ឈាម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​បាន​ឮ​ថា​ ក្រោយ​ការ​ស៊ើប​អង្កេត​បន្ថែម​​ករណី​នេះ​អាច​ទាក់ទង​នឹង​ការ​ឆ្លង​មេរោគ​ ឫ​មាន​បញ្ហា​កើត​ឡើង​ អំឡុង​ពេល​នៃ​ការ​ព្យាបាល​ ដូចនេះ​ វា​នៅ​តែ​ជា​បញ្ហា​ក្នុង​ការ​កំណត់​មូលហេតុ​ពិត​ប្រាកដ​ ដែល​ឈាន​ដល់​ការ​ស្លាប់”។​

ផ្អែក​តាម​ការ​បញ្ជាក់​របស់​លោក​ Choi បាន​អះអាង​ថា​ គ្រួសារ​របស់​លោក​នឹង​ ទៅ​គោរព​គ្រួសារ​របស់​អ្នក​ស្រី​ Kim ដោយ​ស្មោះ​អស់​ពី​ចិត្ត​ និង​ធ្វើ​ការ​សុំទោស​ចំពោះ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​នេះ។ ឪពុក​តារា​ចម្រៀង​មក​ពី​ក្រុម​ Super Junior ក៏​បាន​បន្ថែម​ទៀត​ថា៖ "ពួក​យើង​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ ចំពោះ​ព័ត៌មាន​ខ្លះ​ដែល​លើក​ឡើង​ខុស​ពី​ការ​ពិត​ ដែល​អាច​ធ្វើ​ឲ្យ​គ្រួសារ​ អ្នក​ស្រី​ Kim រឹត​តែ​មាន​ការ​ឈឺចាប់។ ពួកយើង​ សុំ​សំណូម​ពរ​ សូម​កុំ​បង្ក​ឲ្យ​រឿង​រ៉ាវ​នេះ​ កាន់​តែ​វែង​ឆ្ងាយ។ ម្យ៉ាង​វិញ​ទៀត​ ពួក​យើង​ នឹង​មើល​ការ​ខុស​ត្រូវ​សុនខ​របស់​យើង​ឲ្យ​បាន​ល្អ​បំផុត​ និង​មិន​ឲ្យ​មាន​រឿង​អាក្រក​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ”។

សារបង្ហោះ​លើគណនី Twitter របស់ Siwon

ចំំណែក​ តារា​ប្រុស​ Siwon វិញ​ក៏​បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​ លើ​គណនី​ Twitter របស់​លោក​ដែរ។ ក្នុង​សារ​នោះ​ លោក​បាន​ធ្វើ​ការ​គោរព​សុំទោស​ចំពោះ​គ្រួសារ​នៃ​សព ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​មួយ​ពព្រិច​ភ្នែក។ ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​ប្ដេជ្ញា​ មើល​ខុស​ត្រូវ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ និង​មិន​បណ្ដោយ​ឲ្យ​រឿង​នេះ​ កើត​ឡើង​ទៀត​ឡើយ។

សូម​ជម្រាប​ផង​ដែរ​ថា​ លោក​ស្រី​ Kim ដែល​បាន​ទទួល​មរណភាព​នេះ​ ត្រូវ​បាន​ស្គាល់​ថា​ជា​ម្ចាស់​ភោជនីយដ្ឋាន​លំដាប់​ដ៏​ល្បី​ បែប​ប្រពៃណី​មួយ​ដែរ​នៅ​ប្រទេស​កូរ៉េ៕

អត្ថបទ៖ យី សុធារី