ផ្ទះ​ស្នាក់ អូរសោម ទីឋាន​ធម្មជាតិ មិន​ចាំបាច់​មាន​ ម៉ាស៊ីនត្រជាក់

  • 2017-11-10 05:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​ស្នាក់​ អូរសោម (Home Stay) កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​ឃុំ​អូរសោម ស្រុក​វាលវែង ដោយ​មាន​ចម្ងាយ​ប្រមាណ​ជាង​ ១០០គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់។ ផ្ទះ​ស្នាក់​នេះ ផ្ដួចផ្ដើម​គំនិត​ឡើង​ដោយ​ ​លោក នួន លីម មន្ត្រី​កិច្ចសន្យា​របស់​មន្ទីរ​ទេសចរណ៍​ នៅ​ខេត្ត​ពោធិ៍សាត់។

លោក នួន លីម អតីត​មន្ត្រី​បរិស្ថាន​បាន​ចំណាយ​ទុន​ដំបូង ៤ពាន់​ដុល្លារ ដើម្បី​ធ្វើ​ផ្ទះ​ស្នាក់ (Home Stay) ដែល​មាន​ ៥បន្ទប់ ក្នុង​គោល​បំណង​ផ្ដល់​កន្លែង​ស្នាក់​ដល់​ជនបរទេស ដែល​មក​កម្សាន្ត​នៅ​សហគមន៍​អូរសោម និង​ចង់​ផ្សព្វផ្សាយ​ អំពី​វប្បធម៌​ខ្មែរ​ ដល់​ពួកគេ​ផង។ លក្ខណៈពិសេស​ នៃ​ផ្ទះ​ស្នាក់​នៅ​ទី​នេះ គឺ​មាន​ខ្យល់​អាកាស​បរិសុទ្ធ ធានា​ថា ត្រជាក់​ មិន​ចាំបាច់​មាន​ម៉ាស៊ីន​ត្រជាក់ ក៏​ត្រជាក់​ស្រួល​បែប​ធម្មជាតិ និង សម្រស់​ធម្មជាតិ​ស្រស់ស្អាត នៅ​សហគមន៍​អូរសោម ទាំង​មូល។

លោក លីម ដែល​បាន​ចំណាយ​ពេល​១០ឆ្នាំ លើ​ការ​ថែរក្សា​ធនធាន​ធម្មជាតិ ការពារ​សត្វព្រៃ និង ព្រៃឈើ នៅ​សហគមន៍​អូរសោម បាន​លើកឡើង​ថា មុន​ដំបូង​លោក​មិន​មាន​បំណង​បង្កើត​ជា​ផ្ទះ​ស្នាក់​នោះ​ទេ ប៉ុន្តែ ដោយ​បាន​ក្លាយ​ជា​តំណាង​ផង និង​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ទេសចរ​នៅ​ស្រុក​វាលវែង ហើយ​ភ្ញៀវ​ទេសចរ​​បរទេស ដែល​មក​ស្នាក់​ផ្ទះ​របស់​លោក​តែងតែ​ជំរុញ​លើក​ទឹក​ចិត្ត​ ឲ្យ​លោក​បង្កើត​ជា​ផ្ទះ​ស្នាក់ ក៏​សម្រេច​បង្កើត​វា​ឡើង​ទៅ។

«អស់​រយៈពេល​ ១០ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ជា​មន្រ្តី​អភិរក្ស​ធនធាន​ធម្មជាតិ ការពារ​សត្វព្រៃ និង ព្រៃ​ឈើ ក្រោយ​មក​ខ្ញុំ​ចេញ​ចូល​ៗ នៅ​ស្រុក​នេះ ជា​ស្រុក​កំណើត​ខ្ញុំ​ផង ចឹង! ខ្ញុំ​មាន​គំនិត​ចង់​ជួយ​បងប្អូន​នៅ​តំបន់​នេះ ដោយសារ​ប្រជាជន​នៅ​តំបន់​នេះ ការ​អប់រំ​នៅ​មាន​កម្រិត ចឹង​! ខ្ញុំ​មាន​គំនិត​ផ្ដួចផ្ដើម​នាំ​ក្មេងៗ បង្កើត​សាលារៀន​ភាសា​អង់គ្លេស។ ក្រោយ​មក​ទៀត​មាន​ជនបរទេស​ ពួកគេ​លើក​ទឹក​ចិត្ត​ពួកខ្ញុំ​ឲ្យ​បង្កើត​ជា​ផ្ទះ​ស្នាក់ ហើយ​ណាមួយ​ពួកគេ​ឃើញ​ភរិយា​ខ្ញុំ​ធ្វើ​ម្ហូប​ឆ្ងាញ់​ទៀត ក៏​បង្កើត​ជា​កន្លែង​ផ្ទះ​ស្នាក់​ផង និង លក់​ម្ហូប​ផង។»

លោក នួន​ លីម បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរជាតិ និង អន្ដរជាតិ មក​ស្នាក់​នៅ និង​ កម្សាន្ត​នៅ​សហគមន៍​អូរសោម ជាផ្នែក​មួយ​សំខាន់​នៅ​ក្នុង​ការ​ជួយជីវភាព​ប្រជាជន​ផង និង ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរ​ នៅ​សហគមន៍​អូរសោម ហើយ​ជាពិសេស ចូលរួម​ផ្ដល់​ចំណេះដឹង​ដល់​ពួកគេ កាត់​បន្ថយ​ការប្រកប​របរ​បរបាញ់​សត្វ និង ងាក​មក​ចូលរួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ និង អភិរក្ស​សត្វព្រៃ ផងដែរ។

សហគមន៍​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ សព្វថ្ងៃ​នេះ មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជា ២ ០០០ នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ជង និង ពណ៌ ហើយ​នៅ​តំបន់​នេះ មាន​រមណីយដ្ឋាន​ជាច្រើន​ ដូចជា ទឹកជ្រោះ​ ឆាយ​ប្រុយ, ល្អាង​ក្រពើ​ភ្នំ, ភូមិ​ជនជាតិ និង ភ្នំ​សំកុះ ជា​ដែន​ជម្រក​សត្វព្រៃ៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា