៣ ចំណុច ផលិត​ភាព​យន្តឲ្យជោគជ័យ​របស់​ផលិតករ​ជប៉ុន​

  • 2017-11-12 00:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​លោក Hayato Kawei អ្នក​ដឹក​នាំ​រឿង​ Let's go Jet ​បាន​រៀប​រាប់​ពី​ស្ថាន​ភាព​ខ្សែ​ភាព​យន្ត​នៅ​ប្រទេស​ជប៉ុន​ថា​ ក៏​ធ្លាប់​ស្ថិត​ក្នុង​ភាព​លំបាក​ ដោយ​សារ​ជប៉ុន​ក៏​ធ្លាប់​ខ្វះ​ខាត់​ធនធាន​ រង​ឥទ្ធិពល​បរទេស​ និង​ការ​នាំ​ចូល​កុន​ពី​បរទេស​យ៉ាង​គំហុក​ កាល​ពី​ជាង​ ២០​ឆ្នាំ​មុន តែ​បន្ចុប្បន្ន​ ការ​ផលិត​ខ្សែ​ភាព​យន្ត​ជប៉ុន​មាន​ការ​រីក​ចម្រើន​ខ្លាំង​ និង​មាន​ការ​ទទួល​ស្គាល់​ច្រើន​នៅ​លើ​អន្តរ​ជាតិ​។

ដើម្បីជោគជ័យលើការផលិត​ខ្សែភាពយន្ត អ្នកដឹកនាំដ៏​ល្បី​រូប​នេះ​ក៏​ លើក​ឡើង​ទៀត​ថា​៖ «ការ​ផលិត​ខ្សែ​ភាព​យន្ត​ឲ្យ​មាន​ការ​គាំទ្រ​ ទាម​ទារ​ឲ្យ​យើង​មាន​អត្ថ​បទ​កុន​ល្អ​ អត្ថបទ​កុន​ល្អ​ ហើយ​ទើប​ត្រូវ​ការ​អ្នក​សម្តែង​ដ៏​ល្អ​និង​ឲ្យ​សម​ជាមួយ​តួរ​អង្គ​ បន្ត​ទៀត​អ្នក​អាច​គិត​គួរ​លើ​បច្ចេក​ទេស​ថត​ ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ខ្សែ​ភាព​យន្ត​របស់​អ្នក​មាន​ការ​ទាក់​ទាញ​»។ អ្នកដឹកនាំរឿង ជនជាតិជប៉ុន រូបនេះ ក៏បន្តទៀតថា អ្នកដឹកនាំ ត្រូវតែធ្វើការឱ្យស្និតស្នាលជាមួយផលិតករ តួរសម្តែង និងអ្នកដឹងនាំថត ទើបមានលទ្ធផលល្អ។

ការបង្ហាញរបស់លោក Hayato Kawei អ្នក​ដឹក​នាំ​ដ៏ល្បីរូបនេះធ្វើឡើងក្នុងជំនួប​ផលិត​ករ អ្នក​ដឹក​នាំ​រឿង​ខ្មែរ​ ជាមួយ​ផលិត​ករ​ និង​អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​ជប៉ុន​ នៅ​សាល​អង្គរ​វត្ត​ ដែល​រៀប​ចំ​ដោយ​ក្រសូង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ សហការ​ជា​មួយ​មហោ​ស្រព​ភាពយន្តជប៉ុន និង​ថ្លែង​បើក​កម្ម​វិធី​ដោយ​ ឯក​ឧត្តម​ សោម សុគន្ធ រដ្ឋ​មន្រ្តី​ស្តី​ទី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដើម្បី​ជជែក​ពិ​ភា​ក្សា​ យោ​បល់​ពី​ការ​និពន្ធ​ និង​ការ​ស្វែង​រក​ប្រភព​ថវិកា​ ដើម្បី​យក​មក​ផលិត​ខ្សែ​ភាព​យន្ត​។

បន្ទាប់​ពី​មាន​ការ​សួរ​នាំ​ដេញ​ដោល​ចប់​ពី​ការ​និពន្ធ​ លោក​ Takashi Mirano ផលិតករ​រឿង​ Let's go Jet ក៏​បន្ត​ការ​ពិភាក្សា​អំពីការ​ស្វែង​រក​ពិភព​ថវិកា​ដើម្បី​ផលិត​ខ្សែ​ភាព​យន្ត​ តែ​ជាក់​ស្តែង​ នៅ​ប្រទេស​ជប៉ុន​ បន្ទុក​នៃ​ការ​ស្វែង​រក​ថវិកា​នេះ​ ជា​របស់​ក្រុម​ហ៊ុន​ តែ​ផលិត​ករ​ក៏​ប្រ​ឈម​មុខ​ខ្លាំង​ពី​ការ​បាត់​បង់​តំណែង​ ហើយ​នៅ​ជប៉ុន​ មិន​សូវ​ជាមាន​ផលិតករ​ដែល​ឈរ​ជើង​បាន​យូរ​នោះ​ទេ​ ព្រោះ​វា​មាន​ប្រកួត​ប្រជែង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ​

ដោយ លោក Takashi Mirano ផលិត​ករ​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​នៅ​ជប៉ុន​ លើក​ឡើង​ថា​៖ «នៅ​ជប៉ុន​យើង​គ្មាន​បញ្ហា​ច្រើន​ក្នុង​ការ​ស្វែង​រក​ថវិកា​នោះ​ទេ ព្រោះ​ក្រុម​ហ៊ុន​ទុក​ចិត្ត​លើ ការ​ផលិត​របស់​យើង​ ក៏​ប៉ុន្​តែយើង​ក៏ធ្លាប់​ជួប​បញ្ហា និង​បរាជ័យ​ដូច​គ្នា មិន​ខុស​ពី​នៅ​កម្ពុជា​ប៉ុន្មាន​នោះ​ទេ»​។ ផលិត​ករ​ ខ្សែ​ភាព​យន្ត​បែប​មនោ​សច្ចនា និង​បែប​គំនូរ​ជីវចល​រូប​នេះ​បន្ត​ថា បើ​អ្នក​ចង់​ធ្វើ​ជា​ផលិតករ​ភាព​យន្ត​ អ្នក​ត្រូវ​ហ៊ាន​សម្រេច​ចិត្ត​ និង​ត្រូវ​បង្ហាញ​ពី​ចំនុច​ខ្លាំង​របស់​អ្នក​ ដើម្បី​បង្កើត​ការ​ទុក​ចិត្ត​ ពិសេស​ត្រូវ​សាក​ល្បង​ផលិត​ដោយ​ខ្លួន​ឯង​។​

ចុង​ក្រោយ​នៃ​កម្មវិធី​ ឯ​ក​ឧត្តម​ សោម សុគន្ធ រដ្ឋ​មន្រ្តីស្តីទី​ក្រសួង​វប្បធម៌ និង​វិ​ចត្រសិល្បៈ​ ក៏​បាន​លើក​ទឹក​ចិ​ត្តថា​ បើ​ទោះ​នៅ​កម្ពុជា​ យើង​មិន​ទាន់​មាន​សាលា​បណ្តុះបណ្តាល​ខ្សែ​ភាពយន្ត​ក៏ពិត​មែន តែ​យើង​មាន​ផលិតករ​ក្មេង​ចាស់​​ជា​ច្រើន​កំពុង​រួម​ចំណែក​ធ្វើ​ឲ្យ​សិល្បៈ​តែង​និពន្ធ ​និង​វិស័យ​ភាព​យន្ត​នៅ​កម្ពុជា​ កាន់​តែ​មាន​ការរីកចម្រើន​ឈាន​ឡើង។​

ឯក​ឧត្តម សោម សុគន្ធ បន្ត​ថា៖ «ក្រសួង​ក៏​កំពុង​ព្យា​យាម​ជួយ​ជ្រោម​ជ្រែង​ដល់​ផលិត​ករ​ខ្មែរ​ តាម​រយៈ​ការ​រៀប​គោល​ការណ៍​មួយ​ចំនួន​ ដូច​ជា​ការ​បង់​ពន្ធ​ជា​ដើម​ ដើម្បី​ធ្វើ​ឲ្យ​ការ​ផលិត​កុន​ខ្មែរ​យើង​បាន​កាន់​តែ​ល្អ​ និង​អាច​ជួយ​ឲ្យ​កុន​ខ្មែរ​មាន​ទីផ្សារ​ផង​ដែរ​»។ តាម​ការ​បញ្ជាក់​របស់​ ឯក​ឧត្តម​ ការ​បង់​ពន្ធ​ការ​ផលិត​ខ្សែ​ភាព​យន្ត​ជា​ការ​ជួយ​ដល់​អ្នក​ផលិត​កុន​វិញ​ទេ​ ដើម្បី​រដ្ឋ​មាន​លទ្ធិភាព​ និង​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ផលិត​ករ​ពេល​ត្រូវ​ការ​ផលិត​ខ្សែ​ភាព​យន្ត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដា​ដើម​។​

ចុចអាន៖

-អ្នក​និពន្ធ​ទំនុក​ចម្រៀង​ស្រ្តីវ័យ​ក្មេង​៣រូប ដែល​មាន​ស្នាដៃ​លេចធ្លោ​ក្នុង​ផលិតកម្ម​ល្បីៗ

-​រឿង​បញ្ចាំង​​ថ្ងៃ​បើក​មហោស្រព​ភាព​យន្ត​ជប៉ុន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​នឹក​ដល់​អតីតកាល

-ឱកាស​ល្អ​សម្រាប់​ផលិតករ​ខ្មែរ​ស្វែង​យល់​បទ​ពិសោធន៍​ពី​ផលិតករ​ភាពយន្ត​បរទេសល្បីៗ

អត្ថបទ៖ Sunny

អត្ថបទថ្មី