ហេតុផល ៤ យ៉ាង មុនសង់ផ្ទះខ្លួនឯង ត្រូវមាន Architect គូរប្លង់ឲ្យ បើចង់បានផ្ទះនៅស្រួល អត់សូវឈឺ
- 2018-01-16 09:54:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៤ យ៉ាង មុនសង់ផ្ទះខ្លួនឯង ត្រូវមាន Architect គូរប្លង់ឲ្យ បើចង់បានផ្ទះនៅស្រួល អត់សូវឈឺ
ចន្លោះមិនឃើញ
ជាទម្លាប់ ប្រជាជនខ្មែរតែងនិយមសង់ផ្ទះដោយខ្លួនឯង ដោយមិនចាំបាច់មានស្ថាបត្យករ ឬអ្នកគូរប្លង់ ឬគេនិយមហៅថា Architect នោះ។ ហេតុផល គឺចាស់ៗមានជំនាញចេះស្រាប់តៗគ្នា ហើយសំខាន់ គឺម៉ូដផ្ទះដដែលៗងាយស្រួលសង់តាមទម្លាប់តែម្ដង ជាពិសេសប្រភេទផ្ទះល្វែង។
ការសង់ផ្ទះខ្លួនឯង ដោយមានចំណេះខ្លួនឯងតពីចាស់ៗ ជំនួយពីអ្នកជិតខាង ឬជួលអ្នកម៉ៅការសំណង់ អាចថាបន្ថយសន្សំបានការចំណាយខ្លះមែន ប៉ុន្តែទម្លាប់បែបនេះ ធ្វើឲ្យប៉ះពាល់គុណភាពរស់នៅដោយមិនដឹងខ្លួន។ នេះបើតាមអះអាងរបស់លោក លឹម យ៉ុងហួត សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ សាលាតិចណូ។
គុណភាពរស់នៅ សំដៅលើផាសុកភាពរស់នៅ នៅក្នុងផ្ទះ ថាតើផ្ទះនោះមានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ដែរអត់? ទំហំបន្ទប់ត្រឹមត្រូវតាមស្តង់ដារដែរអត់? អាចឲ្យមនុស្សរស់នៅទៅស្រួល មិនថប់ នាំឲ្យកើតជំងឺឈឺជាដែរអត់?-ល-។
សាស្ត្រាចារ្យវ័យក្មេងជើងខ្លាំងទើបបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាសំណង់អគារ (Building Technology) ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រម៉ាឡេស៊ី (USM) បានប្រាប់ Sabay តាមរយៈបទសម្ភាសផ្ទាល់ថា សំណង់ផ្ទះរបស់ប្រជាជនខ្មែរភាគច្រើន គឺសង់ដោយខ្លួនឯង ឬមានអ្នកម៉ៅការសំណង់ ប៉ុន្តែមិនមានស្ថាបត្យករជំនាញនោះឡើយ ព្រោះគិតថាអ្នកគូរប្លង់ស៊ីថ្លៃ ហើយមិនសូវសំខាន់។
សាស្ត្រាចារ្យដែលរួមចំណែកក្នុងការងារគម្រោងប្លង់វិទ្យាស្ថានស្លឹករឹតកម្ពុជាដែរនោះ បានបន្តថា ប្រជាជនខ្មែរគួរផ្លាស់ប្ដូរផ្នត់គំនិតនេះចេញ ហើយគួរមានស្ថាបត្យករជំនាញច្បាស់លាស់ បើចង់សង់ផ្ទះដែលអាចរស់នៅបានស្រួល និងមានគុណភាព ដោយលោកលើកយកហេតុផលសំខាន់ៗ ៤ ដូចខាងក្រោម៖
១. ស្ថាបត្យករយល់ច្បាស់ពីតម្រូវការរបស់ម្ចាស់ផ្ទះ និងផ្ដល់ម៉ូដផ្ទះស្អាតៗ
ម្ចាស់ផ្ទះ ចង់បានផ្ទះនោះរូបរាងម៉ូដឌីហ្សាញយ៉ាងម៉េច មានប៉ុន្មានបន្ទប់ បង្អួចអ៊ីចេះអ៊ីចោះ មាននេះមាននោះយ៉ាងម៉េច ស្ថាបត្យករស្ដាប់ពីតម្រូវការទាំងនោះ ហើយអាចលៃលកគូរប្លង់ផ្ដល់ជម្រើសបំពេញចិត្តម្ចាស់ផ្ទះ។ ការសង់ផ្ទះបច្ចុប្បន្ន គឺធ្វើតាមគ្នា គ្មានម៉ូដ គ្មានស្ដង់ដារ ដូច្នេះ ស្ថាបត្យករនឹងផ្ដល់ជម្រើសរចនាផ្សេងៗដែលល្អ
២. ស្ថាបត្យករ ជាអ្នកដោះស្រាយបញ្ហាគ្រប់យ៉ាង
ស្ថាបត្យករនឹងយល់ពីតួនាទីអគារផ្ទះនោះ ព្រមទាំងផ្ដល់យោបល់ច្រើនដល់ម្ចាស់ផ្ទះ បន្ទាប់ពីដឹងច្បាស់ពីតម្រូវការម្ចាស់ផ្ទះ ជាពិសេសសម្រាប់ប្រភេទផ្ទះដែលមានដីតូច តែចង់សង់បានផ្ទះទូលាយ។ ស្ថាបត្យករ នឹងគូរប្លង់ថាតើ៖
៣. ផ្ទះមានគុណភាព
គុណភាពនេះ សំដៅលើគុណភាពនៃការរស់នៅ ថាតើរស់នៅស្រួលដែរអត់។ ក្រៅពីដោះស្រាយបញ្ហាផ្សេងៗដែលម្ចាស់ផ្ទះចង់បាន ស្ថាបត្យករមានតួនាទីឌីហ្សាញធ្វើម៉េចឲ្យការរស់នៅមានផាសុកភាពថាតើផ្ទះនោះត្រូវការខ្យល់ចំនួនប៉ុន្មានទើបគ្រប់គ្រាន់ និងពន្លឺចូលប៉ុណ្ណាទើបគ្រប់គ្រាន់។
៤. សន្សំសំចៃបានច្រើន
នៅពេលមានប្លង់លម្អិតច្បាស់លាស់ ប្រាកដណាស់នឹងគ្មានកំហុសឆ្គងខ្លាចសាងសង់ខុស ហើយត្រូវកែកុននេះកែកុននោះក្រោយការសាងសង់ឡើយ។ សំខាន់ជាងគេ ស្ថាបត្យករបានគិតគូរល្អិតល្អន់ពីលំហ ទំហំ ខ្យល់ ពន្លឺចេញចូលនៅក្នុងផ្ទះរួចជាស្រេច ជាហេតុធ្វើការបន្ថយការចំណាយលើថាមពលអគ្គិសនីបានមួយផ្នែក។
សាស្ត្រាចារ្យរូបនេះបានទម្លាយឲ្យដឹង តម្លៃការគូរប្លង់ក្រៅផ្លូវការ មានតម្លៃចាប់ពី ៥០០ ដុល្លារ ឬ ១០០០ ដុល្លារ ឬលើសពីនេះ អាស្រ័យលើទំហំគម្រោងផ្ទះជាក់ស្ដែង។
លោក លឹម យ៉ុងហួត ជាអតីតនិស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកធ្លាប់ចូលរួមប្រកួតការរចនាផ្សេងៗទាំងក្របខ័ណ្ឌរដ្ឋ និងឯកជន ហើយទទួលបានជយលាភីលើការប្រកួតទាំងនោះ។
ជាក់ស្ដែង កាលពីឆ្នាំ២០១៥ លោកប្រឡងជាប់លេខ១ ក្នុងកម្មវិធីប្រកួត «រចនាគ្រឿងសង្ហារិមលម្អតាមដងផ្លូវ Street Furniture Design» រៀបចំដោយ Phnom Penh City Center (PPCC) ដែលមានសាកលវិទ្យាល័យនៅកម្ពុជាសរុប ២៨ ចូលរួម ដោយទទួលបានអាហារូបករណ៍ទៅហាត់ការងារនៅទីក្រុងធំរបស់អាល្លឺម៉ង់ Logon នៅសៀងហៃរយៈពេល ២ ខែ មុនពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបន្តអនុបណ្ឌិតនៅម៉ាឡេស៊ី៕