ជើងខ្លាំង Debate Challenge 2018៖ "ជានិស្សិត ត្រូវហ៊ានចូលរួមប្រកួតឲ្យកាន់តែច្រើន"
- 2018-03-01 04:20:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំង Debate Challenge 2018៖ "ជានិស្សិត ត្រូវហ៊ានចូលរួមប្រកួតឲ្យកាន់តែច្រើន"
ចន្លោះមិនឃើញ
ទីបំផុត ការប្រកួតតទល់មតិឆ្នាំ ២០១៨ ឬ IFL Debate Challenge 2018 បានរកឃើញជើងឯកហើយ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ខណៈក្រុមខ្លាំងចុងក្រោយទាំង២ សុទ្ធតែជានិស្សិតស្រីវ័យក្មេងរបស់វិទ្យាស្ថានភាសាបរទេស (IFL)។
ប្រធានបទក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ គឺ "Should clickbait be banned?" ដោយមានក្រុម Hexatic ដើរតួជាក្រុមគាំទ្រ និងក្រុម Winter ជាក្រុមមិនគាំទ្រ។
បន្ទាប់ពីតទល់មតិយ៉ាងស្វិតស្វាញប្រមាណជាកន្លះម៉ោង ក្រុមប្រឆាំង Winter ដែលមានសមាជិក ២ រូប គឺយុវតី អ៊ីវ ស្រីលីន អាយុ ១៩ ឆ្នាំ និង ធឿន ម៉ានីហ្សា អាយុ ១៨ ឆ្នាំ ជានិស្សិតឆ្នាំ២ ផ្នែកភាសាអង់គ្លេស នៅ IFL បានក្លាយជាជើងឯក។
ស្រីលីន បានប្រាប់ Sabay ឲ្យដឹងថា៖ "ដំបូងឡើយ ខ្ញុំមិនសង្ឃឹមប៉ុន្មានទេ ព្រោះខ្ញុំដឹងថាមានអ្នកចូលរួមប្រកួតច្រើនសុទ្ធតែមានសមត្ថភាព។ ខ្ញុំប្រាប់ខ្លួនឯងថាចាញ់ ឬឈ្នះមិនសំខាន់ទេ តែខ្ញុំជឿថានឹងបានបទពិសោធល្អពីការប្រកួតនេះ។ ជោគជ័យលើកនេះធ្វើឲ្យខ្ញុំកាន់តែជឿជាក់លើសមត្ថភាពខ្លួនឯង។ ជានិស្សិត យើងត្រូវហ៊ានជម្នះភាពភ័យខ្លាចខ្លួនឯងចូលរួមប្រកួតប្រជែងឲ្យបានច្រើន ហើយប្រឹងប្រែងឲ្យអស់ពីសមត្ថភាព វានឹងធ្វើឲ្យយើងកាន់តែចេះ"។
ក្រុមជើងឯកនេះ នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់ IFL Debate Club ព្រមទាំងមានឱកាសតំណាង IFL ចូលរួមប្រកួតDebate Forum ថ្នាក់ជាតិនៅខែឧសភា ខាងមុខនេះ។
ដោយឡែក តំណាង Phnom Penh City Center ជា Sponsor ធំមួយនៅ Debate Challenge 2018 និយាយថា៖ "ការបង្កើតឲ្យមានការប្រកួតប្រជែងបែបនេះច្រើន គឺបង្កើតឱកាសឲ្យយុវជនខ្មែរអាចបញ្ចេញសមត្ថភាព ហ្វឹកហាត់ការគិតឲ្យកាន់តែឆ្លាតវៃ និងទទួលបានបទពិសោធថ្មីល្អៗ។ ដូច្នេះ ទើប Phnom Penh City Center គាំទ្រការប្រកួតនេះ។ PPCC គាំទ្រសកម្មភាពជាច្រើនក្នុងវិស័យអប់រំ ព្រោះយើងជឿថា យុវជនគឺជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសមួយ កម្ពុជាក៏ដូចគ្នា"។
Debate Challenge ជាការប្រកួតតទល់មតិ ដើម្បីការពារអំណះអំណាងរបស់ខ្លួនលើប្រធានបទជាក់លាក់ក្នុងរយៈពេលកំណត់ណាមួយដោយតម្រូវឲ្យមានក្រុម១ គាំទ្រ និង ក្រុម ១ ទៀតប្រឆាំង។ ការប្រកួតនេះចាប់ផ្ដើមតាំងពីដើមខែមករា ២០១៨ ដោយមាន ៣០ ក្រុមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញចូលរួម ហើយជម្រុះមកសល់ត្រឹម ២ ក្រុមក្នុងវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ២៤ កុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជា-កូរ៉េ (CKCC)៕