ផ្ដាំប្រាប់ចាស់ៗផង! គេងថ្ងៃមិនមែនជាទម្លាប់កម្ជិលអាំងផេះទេ តែមានប្រយោជន៍ហួសស្មាន
- 2019-01-09 04:18:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដាំប្រាប់ចាស់ៗផង! គេងថ្ងៃមិនមែនជាទម្លាប់កម្ជិលអាំងផេះទេ តែមានប្រយោជន៍ហួសស្មាន
ចន្លោះមិនឃើញ
ចាស់ៗពីដើមតែងតែងបង្រៀនក្មេងៗកុំឲ្យទម្លាប់ទម្រេតសម្រាកពេលរសៀល ឬគេងថ្ងៃ ត្បិតអីសកម្មភាពនេះត្រូវបានគេចាត់ទុកថា ជាទម្លាប់មនុស្សខ្ជិលទម្រន់ ស្ពឹកស្រពន់ ធ្វើការមិនរហ័សរហួន ឬវាធ្វើឲ្យខាតពេលជាដើម។
ការពិតទៅ ការសម្រាកថ្ងៃត្រង់ក្នុងបរិមាណវេលាដ៏សមស្របគឺជាគន្លឹះសំខាន់ក្នុងការធ្វើឲ្យរាងកាយអ្នកកាន់តែស្វាហាប់ សកម្ម និងមានការគិតជ្រះថ្លា ជាងការបណ្ដោយខ្លួនឲ្យទោរទន់ក្នុងភាពហត់នឿយបន្ទាប់ពីធ្វើការពេញមួយព្រឹក។
យោងតាមវេជ្ជបណ្ឌិត James K. Walsh អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាពីថ្នាំងងុយដេក Sleep Medicine and Research Center បានឲ្យដឹងថា ការបិទភ្នែកគេងមួយស្របក់មុនចូលធ្វើការវិញនៅពេលថ្ងៃ គឺធ្វើឲ្យអ្នកមានអារម្មណ៍ស្វាងឡើងដូចការញ៉ាំកាហ្វេមួយពែងដែរ។ សកម្មភាពនេះ នឹងធ្វើឲ្យការងាររបស់អ្នកកាន់តែមានប្រសិទ្ធភាព និងហើយធ្វើឲ្យអារម្មណ៍ភ្លឺស្វាងក្នុងការគិតរកគំនិតថ្មីៗ។
ជាមួយគ្នានោះ អង្គការ NASA បានធ្វើការការពិសោធន៍ទៅលើក្រុមទ័ពអាកាស និងមនុស្សអវកាសមួយចំនួន ហើយបានរកឃើញថា ការគេងរយៈ ពេល ៤០ នាទី នៅពេលថ្ងៃ អាចជំរុញផលិតភាពការងាររបស់ពួកគេកើនឡើងបាន ៣៤% ហើយអ្នកដែលសម្រាក បានបង្កើតកំហុស និងជួបគ្រោះថ្នាក់ចៃដន្យតិចជាងអ្នកដែលមិនបានសម្រាក។
ការសិក្សាផ្សេងទៀតបានបញ្ជាក់ថា ការគេងមិនគ្រប់គ្រាន់នឹងជះលទ្ធផលឲ្យមនុស្សមានស្មារតីមិននឹងន ឆាប់ឆេវឆាវ ងាយប្រតិកម្ម និងមានការគិតខ្សោយ និងអាចនាំធ្លាក់ចុះប្រសិទ្ធការងារមានការថយចុះជាដើម។
យ៉ាងណាក្ដី ការគេងថ្ងៃមិនមែនល្អសម្រាប់មនុស្សគ្រប់គ្នាទេ ត្បិតការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ការគេងត្រឹម ១០ នាទីគឺជាពេលដែលសមស្រប ខណៈការសិក្សាជាផ្សេងទៀតបានឲ្យដាក់គោលដៅឲ្យសម្រាកយ៉ាងហោចណាស់ ៣០ នាទី។ មែនទែនទៅ រយៈពេលដែលអ្នកគួរដកឃ្លាពីថ្ងៃដែលរវល់នេះ គឺវាអាស្រ័យទៅតាមសុខភាពរាងកាយ និងផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។ ដូច្នេះយើងត្រូវកត់សម្គាល់ពីតម្រូវការរបស់ខ្លួនឯង ថាគួរឆ្លៀតពេលសម្រាកក្នុងរយៈពេលប៉ុណ្ណាឲ្យសមតាមស្ថានភាពសុខភាព ធ្វើឲ្យខ្លួនកាន់តែស្វាហាប់ និងមិនទ្រមក់៕