ម៉ា ច័ន្ទបញ្ញា ញែក​ការ​ចាប់​អារម្មណ៍​របស់​មហាជន​លើ​សារ​១​ដុល្លារ និង​រឿង​ប៉ូលិស​វាយ​ស្ដ្រីម្នាក់យប់មិញ

  • 2021-09-09 04:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញ​មាន​រឿង​ពីរ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តារា​ចម្រៀង ម៉ា ច័ន្ទបញ្ញា ចាប់​អារម្មណ៍​ខ្លាំង។ ទី១ គឺ​សារ​បង្ហោះ​ដោយ ម៉ា ច័ន្ទ​បញ្ញា អំពាវនាវសុំ​១​ដុល្លារ​ដើម្បី​ធ្វើ​បទ​ចម្រៀង និង​ថត​កុន ព្រម​ទាំង​គាំទ្រ​លើ​សកម្មភាព​មនុស្ស​ធម៌​ដទៃ​ទៀត និងរឿងទី២ គឺករណីហិង្សារវាងសមត្ថកិច្ចអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក វាយទៅលើ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់​ពាក់មួក​សុវត្ថិភាព។

ម៉ា ច័ន្ទ​បញ្ញា បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ថា ព្រឹត្តិការណ៍​យប់​មិញ និង​សារ​១​ដុល្លារ​របស់​លោក​យប់​មិញ គឺ​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ខុស​គ្នា​ដាច់ ដោយ​មនុស្ស​ភាគ​ច្រើន​ឈឺឆ្អាល​តែ​ទៅ​លើ​រឿង​ប៉ូលិស​វាយ​អ្នក​ជិះ​ម៉ូតូ​ច្រើន​ជាង។ លោក​ថា មនុស្ស​ឥឡូវ​ទាល់តែ​មាន​រឿង​អី​ប្លែក ទើប​គេ​ចាប់អារម្មណ៍​ហើយ​វាយ​តម្លៃ ហើយ​តាំង​នាំ​គ្នា​និយាយ​ថា​សង្គម​នេះ​សម្បូរ​តែ​រឿង​ប្លែក​ៗ តែ​គេ​មិន​បាន​គិត​ពី​ដើម​ហេតុ​ដែល​ឈាន​ទៅ​រក​រឿង​ប្លែក​ៗ​ទាំង​នោះ​ទេ។

ម៉ា ច័ន្ទ​បញ្ញា៖"សម្រាប់​ខ្ញុំ​អត់​ហាន​វាយ​តម្លៃ​ថា​ដើម​ហេតុ​មក​ពី​ខាង​ណា ឬ​ខាង​ណា​ទេ! ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​មហាជន​មុន​នឹង​ធ្វើ​ការ​បង្ហោះ ឬ​ផ្សព្វផ្សាយ​នូវ​មតិ​របស់​គាត់​ត្រូវ​គិតគូរ​ពី​ដើម​ហេតុ ព្រោះ​បច្ចុប្បន្ន​គឺ​ជា​សម័យ​បើក​ទូលាយ​ជើង​មេឃ​នៃ​ការ​ផ្សព្វផ្សាយ ដូច្នេះ​បើ​យើង​និយាយ​អី​មួយ​ទៅ​ក្នុង​បណ្ដាញ​សង្គម គឺ​សុទ្ធតែ​បាន​ឃ្លាំ​មើល​ដោយ​មតិ​ប្រជាជន​ទូទៅ"។

តារា​ចម្រៀង ម៉ា ច័ន្ទ​បញ្ញា បាន​បង្ហោះ​សារ​មួយ​សុំ​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​គាំទ្រ​នូវ​ទឹកប្រាក់​១​ដុល្លារ ដើម្បី​ធ្វើ​បទ​ចម្រៀង និង​ផលិត​កុន ព្រម​ទាំង​គាំទ្រ​លើ​សកម្មភាព​មនុស្ស​ធម៌​ដទៃ​ទៀត​កាល​ពី​យប់​មិញ។ គិត​មក​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី៩ ខែ​កញ្ញា នេះ មាន​អ្នក​ចូល​Like ចំនួន​៧៩៨​នាក់ comment ៣៥​ដង និង​Share១៩​ដង​ប៉ុណ្ណោះ។

រីឯ​លោក​បង្ហោះ​រូបភាព និង​សារ​មួយ​ទៀត​ទាក់ទង​ប៉ូលិស​វាយ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក ត្រឹម​តែ​២​ម៉ោង​សោះ គិត​ត្រឹម​រយៈ​ពេល​ដូច​គ្នា គឺ​មាន​អ្នក​ចូល​Like រហូត​ដល់​ជាង​១០០០​នាក់ ហើយ​comment និង​share មាន​ជិត​១០០​នាក់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ