ក្រសួងកិច្ចការនារី និង Kanha ចុះកិច្ចព្រមព្រៀងលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ នៅកម្ពុជា

  • 2024-04-04 10:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀលនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ មានការរៀបចំនូវពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកិច្ចការនារី និងគេហទំព័រអំពីស្ត្រីដែលមានឈ្មោះថា "កញ្ញា" (Kanha.sabay.com.kh) ដ៏ធំបំផុត របស់មាតិកាឌីជីថល ក្រុមហ៊ុន Sabay Digital Plus ដើម្បីសម្រួច បង្កើនវិសាលភាព លើកកម្ពស់សមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង ក្មេងស្រី ក្នុងយុគសម័យឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិកាក្រសួងកិច្ចការនារី និងលោក ជី សិលា នាយកប្រតិបត្តិ ក្រុមហ៊ុន Sabay ព្រមទាំងក្រុមការងារពាក់ព័ន្ធ។

លោកជំទាវ គង់ សូរីតា

នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី គឺជាទិដ្ឋភាពសំខាន់នៃវឌ្ឍនភាពសង្គម។ ក្នុងន័យនេះ​ ក្រសួងកិច្ចការនារី ក៏បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ Sabay Digital Plus ដើម្បីសហការក្នុងការ​លើកកម្ពស់សមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល។

លោក ជី សិលា

កិច្ចព្រមព្រៀងនេះ ធ្វើឡើង​ស្របពេលដែល​ក្រសួង​កិច្ចការនារី ជា​សេនាធិការមួយ​របស់​​រាជ​រដ្ឋាភិបាល​ ដែលតែងតែ​ផ្ដល់នូវការ​ជំរុញ​សមភាព​យេនឌ័រ និង​សិទ្ធិ​ស្ត្រី និង Sabay Digital Plus ដែលមាន អង្គភាព​សារព័ត៌មាន កញ្ញា ជា​គេហទំព័រ​ដែល​បង្កើត​និង​ផ្ដោត​សំខាន់​លើ​​ស្ត្រី។

សូម​បញ្ជាក់​ថា តាមរយៈ​អនុស្សរណៈនៃការយោគយល់គ្នានេះ សារព័ត៌មានកញ្ញា នឹង​ពង្រីក​វិសាលភាព​ផ្សព្វផ្សាយ បង្កើន​ការ​យល់​ដឹងលើការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ បង្កើន​ភាព​អង់អាចដល់ស្រ្តី យល់​ដឹង​ពី​សិទ្ធិ តួនាទី​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​សង្គម ជំរុញ​ការ​អប់រំ ការបង្ការទ​ប់ស្កាត់អំពើហិង្សា ការរំលោភបំពានផ្លូវភេទ ការជួញដូរស្រ្តី និងកុមារ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ផ្ដល់​ចំណេះដឹង​ផ្នែកសុខភាព​ដ៏​ត្រឹមត្រូវ និង​ការ​ចូលរួម​សំខាន់ៗ​ផ្សេង​ទៀត​របស់​ស្ត្រី​ក្នុង កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយឌីជីថល។

ជាមួយគ្នានេះ កញ្ញា នឹង​ពិនិត្យ​លទ្ធភាព​ជាក់​ស្ដែង​ ក្នុងការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ ដូចជាការសរសេរព័ត៌មាន ការសរសេរចំណងជើង (caption) ​លើហ្វេសបុក និងខ្លឹមសារ ក្នុងការផុស ជំនាញនៃការថតរូប ផលិតជាវីដេអូខ្លី និងបទយកការណ៍ ជំនាញសម្ភាសន៍ និងសម្របសម្រួលក្នុងកិច្ចសន្ទនា ដល់មន្រ្តីក្រសួងកិច្ចការនារី​ផងដែរ៕