មកដឹងទីតាំង​​ដែល​សម្តេច​ធិបតី​ នឹងចុចប៊ូតុងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

  • 2024-06-27 03:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណនតេជោ នឹងធ្វើឡើង​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ខាងមុខនេះ ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេច​នឹង​ចុចប៊ុតុងបើកការដ្ឋានជាផ្លូវការ​នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គម្រោង​នេះ មាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីចំណុចព្រែកតាកែវ​ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែក​តាឯក​នៃទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់​ស្រុកកោះធំ និង​បន្តរហូតដល់​សមុទ្រខេត្តកែប ពោលគឺ​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ២លាននាក់ រស់នៅ​អមសងខាង​ផ្លូវទឹកនេះ។

គម្រោងព្រែកជីកហ្វូណនតេជោ មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី