ក្លឹប​បាល់ទាត់ ​Mate JR Sport​ Club ​បញ្ជូន​យុវជន​ឆ្នើម​ ១២​រូប​ទៅ​ហ្វឹកហាត់​នៅ​អាល្លឺម៉ង់​មួយ​ខែ​

  • 2024-06-29 15:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់ ​Mate JR Sport​ Club​ បន្ទាប់​ពី​បាន​រៀបចំ​​ព្រឹត្តិការណ៍ EUROPE Trail​ សហការ​ជា​មួយ​គ្រូ​ជំនាញ​បាល់ទាត់​មក​ពី​អាល្លឺម៉ង់​ អំឡុង​ខែ​កុម្ភៈ​ ២០២៤​ កន្លង​ទៅ ​ឥលូវ​នេះ​ចម្រាញ​បាន​យុវជន​ឆ្នើម​ចំនួន​ ១២​រូប​ទៅ​ហ្វឹកហាត់​នៅឯប្រទេស​អាល្លឺម៉ង់​ រយៈពេល​មួយ​ខែ។​

ទិដ្ឋភាពល្ងាច​មិញ

លោក​ យុទ្ធ​ ណារ៉ុង​ អាណាព្យាបាល​យុវជន​ដែល​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អាល្លឺម៉ង់​ បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​លោក​មាន​ទេពកោសល្យ​ខាង​បាល់ទាត់​នេះ​តាំងតែ​ពី​តូច​មក​ម្ល៉េះ​ ពោល​ពេល​ទំនេរ​ចូលចិត្ត​ទាត់​ឧបករណ៍​ផ្សេងៗ​លេង​ដូច​ជា​កំប៉ុង​ជា​ដើម។​

បើ​ទោះ​ជា​មិន​ធ្លាប់​បែក​ពី​កូន​ ឬ​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក្ដី​ លោក​ យុទ្ធ​ ណារ៉ុង​ លើក​នេះ​មិន​រុញរា​ក្នុង​ការ​បញ្ជូន​កូន​ឲ្យ​ហ្វឹកហាត់​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ​ឡើយ។​ ព្រោះ​តែ​ចង់​បណ្ដុះ​ស្មារតី​ និង​បង្រៀន​ឲ្យ​កូន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ជា​មួយ​ក្រុម​បាល់ទាត់​ដែល​ជា​មិត្តភ័ក្ដិ​របស់​ពួកគេ។​

ទិដ្ឋភាពល្ងាច​មិញ

មួយ​វិញ​ទៀត​គឺ​លោក​ចង់​គាំទ្រ​កូន​ដែល​មាន​ចិត្ត​ស្រឡាញ់​លើ​វិស័យ​បាល់ទាត់​ ដោយ​សារ​កន្លង​ទៅ​ក្នុង​សង្គម​ខ្មែរ​ពី​មុន​មិន​សូវ​យកចិត្ត​ទុកដាក់​លើ​អ្វី​ដែល​ក្មេង​ស្រឡាញ់​នោះ​ឡើយ​ ទន្ទឹម​និង​នេះ​ទាញ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត​របស់​អាណាព្យាបាល​ទៅ​វិញ។​ ដូច្នេះ​ហើយ​លោក​ផ្ទាល់​មិន​ធ្វើ​ដូច​នោះ​ឡើយ​ ពោល​ក្មេង​ស្រឡាញ់​អ្វី​ មាន​ទេពកោសល្យ​អ្វី​គឺ​លោក​គាំទ្រ​ និង​ជំរុញ​ទឹកចិត្ត​ជា​និច្ច។​

យុវជន​ ម៉ាក សុទ្ធាពិសិដ្ឋ​ ដែល​ត្រូវ​ចេញ​ទៅ​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ថា​ ការ​ទៅ​ហ្វឹកហាត់​លើក​នេះ​នឹង​ទទួល​បាន​សារប្រយោជន៍​ច្រើន​សម្រាប់​គ្រប់គ្នា​ ព្រោះ​បាន​មើល​ពី​ការ​ប្រកួត​ប្រទេស​ជឿនលឿន​ហើយ​បាន​ហាត់​នូវ​ជំនាញ​ផ្សេងៗ​ពង្រឹង​សមត្ថភាព​ខ្លួន​ផង។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​ហ្វឹកហាត់​នេះ​ទៅ​យុវជន​ទាំង​អស់​នឹង​មាន​សមត្ថភាព​ខុសប្លែក​ពី​មុន​ និង​មាន​ជំនាញ​កាន់​តែ​ល្អ​ប្រសើរ។​

ទិដ្ឋភាពល្ងាច​មិញ

បញ្ជាក់​ដែរ​ថា​ ក្រុម​យុវជន​ដែល​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​ដំណើរ​ពី​កម្ពុជា​កាលពីល្ងាច​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០២៤ នេះហើយ។​ ក្រុម​យុវជន​ឆ្នើម​ដែល​ដឹកនាំ​ដោយ​ស្ថាបនិក​ Mate JR Sport​ Club​ នឹង​ហ្វឹកហាត់​នៅ​ Soccer Academy Arnstadt an។​ ក្រៅ​ពី​ហ្វឹកហាត់​យុវជន​ទាំង​នោះ​នឹង​ចូល​ទស្សនា​ការ​ប្រកួត​ផ្សេងៗ​ជា​ការ​ស្វែងយល់​ និង​មើល​ពី​ភាព​រីកចម្រើន​លើ​វិស័យ​បាល់ទាត់​នៅ​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី