ក្រុម​ប្រណាំង​រថយន្ត​ OFF ROAD​ កម្ពុជា​បញ្ចប់​បេសកកម្ម​នៅ​ថៃ​ក្រោយ​លើក​ទង់ជាតិ​កម្ពុជា​នៅអន្តរជាតិ​

  • 2024-07-01 09:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រណាំង​រថយន្ត​ OFF ROAD​ របស់​កម្ពុជា​ បាន​បញ្ចប់​ភារកិច្ច​ក្នុង​ការប្រណាំងរថយន្ត OFF-ROAD Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ​ក្រោយ​ចំណាយ​ពេល​ជិត​១សប្ដាហ៍​ប្រកប​ដោយ​ភាព​ស្វាហាប់។​

លោក ឈិត​ ឈុំសីហា​

លោក ឈិត​ ឈុំសីហា​ ប្រធាន​ដឹកនាំ​ក្រុម​ OFF ROAD ​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា​  សម្រាប់​បេសកកម្ម​ក្នុង​ការ​នាំ​យក​ទង់ជាតិ​ខ្មែរ​មក​កាន់​ឆាក​អន្តរជាតិ​តាម​រយៈ​ក្រុម​កីឡា​ OFF ROAD​ គឺ​បាន​សម្រេច​ និង​បញ្ចប់​ភារកិច្ច​ហើយ​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ លើ​ទឹកដី​ថៃ​នេះ។​

បើ​ទោះ​ជា​លទ្ធផល​មិន​សូវ​ល្អ​ដូច​ការ​រំពឹង​ទុក​យ៉ាងណា​ក្ដី​ ប៉ុន្តែ​លោក​មើល​ឃើញ​ពី​ភាព​ក្លាហាន​ និង​ប្រឹង​ប្រែង​ដោយ​អស់​ពី​សមត្ថភាព​របស់​​ក្រុម​កីឡាករ​ប្រណាំង​ ក្រុម​បច្ចេកទេស​ និង​ Support ពោរពេញ​ដោយ​ឆន្ទៈ​ប្រកួតប្រជែង។​

រូបភាពផ្ដល់ជូន

ប្រធាន​ដឹកនាំ​ក្រុម​ OFF ROAD ​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​មួយ​នេះ​ក្រុម​កម្ពុជា​ទទួល​បាន​ចំណេះដឹង​ និង​បទ​ពិសោធ​ច្រើន​ដូច​ជា​យល់ដឹង​បន្ថែម​លើ​បច្ចេកទេស​ឡាន​ ការ​រៀបចំ​ក្រុម​ និង​យុទ្ធសាស្ត្រ​ជា​ច្រើន​ទៀត។​ តាម​រយៈ​ការ​ប្រកួត​នេះ​លោក​ជឿជាក់​ថា​នឹង​ធ្វើ​ឲ្យ​ក្រុម​ OFF ROAD ​កម្ពុជា​រឹតតែ​មាន​សមត្ថភាព​ខ្ពស់​ និង​ឈាន​ទៅ​ដណ្ដើម​ជយលាភី​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា​នៅ​ពេល​ខាង​មុខ​ជា​មិន​ខាន។​

រូបភាពផ្ដល់ជូន

ជា​មួយ​គ្នា​នេះ​ដែរ​លោក ឈិត​ ឈុំសីហា​ ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​បណ្ដា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំង​អស់​ដែល​បាន​ជួយ​លើក​ទឹកចិត្ត​រហូត​មក​ និង​តែងតែ​គាំទ្រ​រាល់​ការ​ប្រកួត​របស់​កីឡា​ OFF ROAD​ កម្ពុជា។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ក្រុម​ប្រណាំង​រថយន្ត​ OFF ROAD​ កម្ពុជា​ បាន​បញ្ជូន​ឡាន​ប្រណាំង​ចំនួន​ ៣គ្រឿង​ និង​ក្រុម​ការងារ​សរុប​ ២៨​នាក់​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ OFF-ROAD Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេស​ថៃ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​