សុំសរសើរ! សុខចិត្តចាយជាង ១០ ម៉ឺនដុល្លារជួយសាលាបច្ចេកទេសបង្រៀនសិស្សក្រីក្រ
- 2017-12-07 08:14:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុំសរសើរ! សុខចិត្តចាយជាង ១០ ម៉ឺនដុល្លារជួយសាលាបច្ចេកទេសបង្រៀនសិស្សក្រីក្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានផ្ដល់ជំនួយប្រមាណជាង ១០ ម៉ឺនដុល្លារដល់សាលាបច្ចេកទេស Don Bosco ដែលបង្រៀនជំនាញបច្ចេកទេសដល់សិស្សក្រីក្រដោយឥតគិតថ្លៃ ចំពេលដែលសាលាមិនស្វែងរកប្រាក់ចំណូលមួយនេះ កំពុងខ្វះខាត។
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Phnom Penh City Center (PPCC) បានជួសជុលបន្ទប់កុំព្យូទ័រអស់ជាង ៣០ ០០០ ដុល្លារ និងបំពាក់កុំព្យូទ័រល្បឿនលឿន ៣៣ គ្រឿងសម្រាប់ដំណើរការកម្មវិធីធំៗ ប្រមាណជា ២០ ០០០ ដុល្លារ និងផ្ដល់អាហារូបករណ៍សិស្សក្រីក្រ ២០ នាក់រយៈពេល ២ ឆ្នាំប្រមាណជា ៥០ ០០០ ដុល្លារ។ សរុបទាំងអស់ ជាង ១០ ម៉ឺនដុល្លារ។ នេះបើតាមការឲ្យដឹងរបស់លោក Bernard Lim ប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការរបស់ PPCC។
កុំព្យូទ័រ Specs ធំៗទាំងនេះ បានជួយសម្រួលដល់សិស្សជាច្រើន ពេលរៀនគូរប្លង់តាមកម្មវិធី AutoCAD និងកម្មវិធីឌីហ្សាញធំៗផ្សេងៗទៀត ខណៈដែលកុំព្យូទ័រមុនៗ ចាស់ខ្លាំង ស្ទើរតែបើកកម្មវិធីធំៗលែងចេញតែម្ដង ព្រោះសាលាពឹងលើជំនួយមួយនេះដំណើរការជិត ៣០ ឆ្នាំមកហើយ។
លោកឪ Charles Arun Michael sdb ព្រឹទ្ធបុរស និងជាបុគ្គលិករដ្ឋបាលរបស់សាលាបច្ចេកទេសដែលនរណាៗក៏ទទួលស្គាល់ថាបានរួមចំណែកជួយដល់អ្នកក្រីក្របានរៀនសូត្រជំនាញបច្ចេកទេសមែននោះ បានប្រាប់តាមអ៊ីមែលថា៖ "Don Bosco តម្រូវឲ្យសិស្សបង់ថ្លៃវិភាគទានតែ ១៥% នៃថ្លៃឈ្នួលសាលាប៉ុណ្ណោះ ខណៈតម្លៃឈ្នួលប្រចាំឆ្នាំសម្រាប់សិស្សម្នាក់ គឺ ១ ២៥០ ដុល្លារ។ ប៉ុន្តែ បើសិស្សនោះ ក្ររហូតដល់គ្មានប្រាក់បង់ យើងនឹងផ្ដល់អាហារូបករណ៍ ១០០% ទាំងថ្លៃសិក្សា ទាំងប្រាក់ខែប្រចាំខែ ទាំងថ្លៃសម្ភារៈសិក្សា បន្ទាប់ពីស៊ើបអង្កេតថាពិតជាក្រមែន"។
Don Bosco ដំណើរការនៅកម្ពុជាតាំងពីឆ្នាំ១៩៩១ មកម្ល៉េះ ជាស្ថាប័នមិនស្វែងរកប្រាក់ចំណូល និងបណ្ដុះបណ្ដាលសិស្សក្រីក្រឲ្យមានជំនាញបច្ចេកទេស ដូចជា យានយន្ត អេឡិចត្រូនិក កុំព្យូទ័រ អគ្គិសនី មេកានិច បោះពុម្ព៕