រឿងរ៉ាវពីក្រោយស្ត្រីជំនួញជោគជ័យវ័យក្មេងម្នាក់ តំណាងកម្ពុជាទៅប្រកួតពានស្ត្រីខ្លាំងកម្រិតអាស៊ាន
- 2017-12-14 08:41:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវពីក្រោយស្ត្រីជំនួញជោគជ័យវ័យក្មេងម្នាក់ តំណាងកម្ពុជាទៅប្រកួតពានស្ត្រីខ្លាំងកម្រិតអាស៊ាន
ចន្លោះមិនឃើញ
ខែមីនា ឆ្នាំ២០១៨ នេះ កម្ពុជានឹងបញ្ជូនបេក្ខភាពស្ត្រីខ្លាំងវ័យក្មេង ១១ រូប ទៅប្រកួតដណ្ដើមពានស្ត្រីនៃអនាគតថ្នាក់អាស៊ាន (Women of the Future Awards South East Asia) ដំបូងបំផុតមិនធ្លាប់មាន នៅសិង្ហបុរី បន្ទាប់បានប្រកាសជម្រុះជ្រើសរើសយកតែ ១១ រូបក្នុងចំណោម ២៥ រូបកាលពីដើមវិច្ឆិកា មុន។
លក្ខណៈពិសេសនៃកម្មវិធីលំដាប់អាស៊ាននេះ គឺយកតែស្ត្រីវ័យក្មេងជោគជ័យដែលមានអាយុក្រោម ៣៥ ឆ្នាំប៉ុណ្ណោះ ខណៈប្រទេសអាស៊ានទាំង១០ នឹងចូលរួម មានបេក្ខជនសរុប ១៥០ រូបឯណោះ។ ការប្រកួតពាន Women of the Future Awards South East Asia ទើបតែនៅអាស៊ីលើកដំបូងបំផុត បន្ទាប់ពីបង្កើត និងជោគជ័យនៅចក្រភពអង់គ្លេសតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។
និយាយពីបេក្ខភាពទាំង ១១ រូបនៅកម្ពុជាវិញ គឺមានចម្រុះតែម្ដង មិនថាអ្នកជំនួញ អ្នកសិល្បៈ និងអ្នកធ្វើការរដ្ឋ-ឯកជននោះឡើយ។
ខណៈដែលវិស័យអចលនទ្រព្យកំពុងរីកចម្រើនយ៉ាងលឿននៅកម្ពុជា លោកស្រី ឡាវ មីឈែល (Michelle Lau) នាយកប្រតិបត្តិរបស់ Phnom Penh City Center (PPCC) ដែលជាគម្រោងអភិវឌ្ឍអចលនទ្រព្យធំនៅកណ្ដាលភ្នំពេញ ក៏ស្ថិតក្នុងចំណោមបេក្ខភាពចុងក្រោយដែលត្រូវតំណាងកម្ពុជាទៅប្រកួតក្នុងផ្នែកអចលនទ្រព្យ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។
ស្ត្រីជាម្ដាយកូន ៣ ជនជាតិខ្មែររូបនេះ មានវ័យមិនទាល់ ៣០ ឆ្នាំនៅឡើយ តែសមត្ថភាពខ្លាំង រហូតដល់អាចដំណើរក្រុមហ៊ុនអចលនទ្រព្យធំទាំងមូលបាន ខណៈប្រវត្តិសិក្សារបស់លោកស្រី គឺនៅសិង្ហបុរី និងអូស្ត្រាលី។
ពេលសួរចំៗថាតើមូលហេតុណាខ្លះទើបលោកស្រីបានជាប់ជាបេក្ខភាពតំណាងកម្ពុជា នាយកប្រតិបត្តិរូបនេះបានតបតាមអ៊ីមែលមក Sabay ថា ដោយសារ លក្ខណៈវិនិច្ឆ័យក្នុងកម្មវិធី គឺត្រូវការស្ត្រីវ័យក្រោមអាយុ ៣៥ ឆ្នាំ ដែលមានចំណង់ និងការតាំងចិត្តការងារខ្ពស់។ ម្យ៉ាង បើនិយាយពីវិស័យសំណងវិញ មានស្ត្រីតិចតួចណាស់។ លោកស្រីឈានដល់កម្រិតនេះ ដោយសារមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីក្រុមការងារព្យាយាម។
"ខ្ញុំជឿថា ការឈានដល់ដំណាក់កាលនេះ [ជាប់ជាបេក្ខភាពចុងក្រោយ] ជាការជោគជ័យរួចទៅហើយ។ ការឈរឈ្មោះប្រជែងជាមួយស្ត្រីខ្លាំងមកពីជុំវិញអាស៊ាន មិនមែនជារឿងងាយឡើយ។ ហើយបើឈ្នះពានមែន វាជាជោគជ័យបន្ថែមមួយទៀតសម្រាប់ខ្ញុំផ្ទាល់"។
លោកស្រី ឡាវ មីឈែល រស់នៅប្រទេសសិង្ហបុរីតាំងតូច ហើយផ្លាស់មករៀន និងបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី។ ឆ្នាំ ២០១២ លោកស្រីក្លាយជានាយកប្រតិបត្តិ PPCC ដែលជាក្រុមហ៊ុនអភិវឌ្ឍទីក្រុង និងជា Master Developer នៅកណ្ដាលភ្នំពេញ ផ្ដល់នូវការរស់នៅដ៏សម្បូរបែប។
ពាននេះ មាន ៧ ផ្នែកផ្សេងៗគ្នា ដូចជា សិល្បៈ និងវប្បធម៌, សហគមន៍ និងសេវាសាធារណៈ, សហគ្រិនភាព, ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង, វិជ្ជាជីវៈ និងជំនួញ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឌីជីល និង អចលនទ្រព្យ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។ ការប្រកួតផ្ដាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ១៨ មីនា ២០១៨ នៅសិង្ហបុរី៕