Google សម្រេចបិទសេវាកម្មបង្រួម URL មួយ​ជា​ផ្លូវការ

  • 2018-04-01 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​សម្រេច​បិទ​សេវាកម្ម​បង្រួម URL ឲ្យ​ឈ្មោះ goo.gl របស់​ខ្លួន​ជា​ផ្លូវការ នេះ​បើ​តាម​ការ​លើកឡើង​ពី​វិស្វករ​កម្មវិធី Michael Hermanto ប្រកាស​តាម​រយៈ​ប្លុក Google Developers កាល​ពី​ថ្ងៃ​សុក្រ ដោយ​ការ​ប្រើប្រាស់​ទូទៅ​នឹង​ត្រូវ​ផ្អាក​នា​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់។

លោក​សង្កត់​ធ្ងន់​ការ​ផ្លាស់ប្តូរ​នេះ​សោត ជា​ការ​បង្វែរ​គោលដៅ​របស់​ក្រុមហ៊ុន Google ផ្តោត​ទៅ​លើ​សេវាកម្ម​ថ្មី​មួយ​ផ្សេង​ទៀត ឲ្យ​ឈ្មោះ Firebase Dynamic Links ឬ​ហៅ​កាត់ FDL។ លក្ខណៈ​ពិសេស​របស់​វា អាច​កំណត់​គោលដៅ​ដោយ​ស្វ័យប្រវត្តិ​ទៅ​លើ​អ្នក​ប្រើប្រាស់​ប្រភេទ iOS, Android ឬ Web App។

ថ្វី​បើ​យ៉ាងណាមិញ​តាម​ការ​ចង្អុល​បង្ហាញ​ពី​គេហទំព័រ Android Police បាន​បញ្ជក់​ថា FDL នឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ធំ​ទូលាយ​សម្រាប់ Developers ប៉ុណ្ណោះ ករណី​ជា​អ្នក​ប្រើប្រាស់​ធម្មតា​គួរ​វិល​ទៅ​ឆែក​មើល​សេវាកម្ម​ស្រដៀង​គ្នា​នេះ ដោយ​មាន Bitly និង Ow.ly នោះ​ទើប​ប្រសើរ​ជាង។

មួយ​ទៀត​សោត​ក្រុមហ៊ុន Google ក៏​បញ្ជាក់​លើ​កាលបរិច្ឆេទ ២ ដោយ​មួយ​នា​ថ្ងៃ​ទី ១៣ មេសា ២០១៨ ជា​ថ្ងៃ​ដែល​អ្នក​ប្រើប្រាស់​លែង​មាន​សិទ្ធ​ចូល​ទៅ​បង្រួម Link អ្វី​ទាំង​អស់​លើ​គេហទំព័រ goo.gl ខណៈ​មួយ​ផ្សេង​ទៀត​នា​ថ្ងៃ​ទី ៣០ មិនា ២០១៩ រាល់​បណ្តា​ទិន្នន័យ​គ្រប់​បែប​យ៉ាង​ទាក់ទង​នឹង goo.gl ត្រូវ​បាន​ផ្អាក​ដំណើរការ​ឬ​លុប​ចោល​តែ​ម្តង។

រំឭក​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​បាន​បើក​ឲ្យ​ប្រើប្រាស់​សេវាកម្ម goo.gl ក្នុង​ឆ្នាំ ២០០៩ ស្ថិត​លើ​គោលដៅ​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​មាន​សិទ្ធ​ចែក​រំលែក Link និង​វាស់ស្ទង់​ពី​ទំហំ​អ្នក Online នៅ​លើ​គេហទំព័រ។​​

-->Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/j3UhbY

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា