Man Utd ល្មើស​តំណម​២​មិន​ស្តាប់​ការណែនាំ​របស់ Alex Ferguson

  • 2018-12-22 08:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណម​២​​ដែល Manchester United មិន​ព្រម​ស្តាប់​តាម​ការណែនាំ​របស់​លោក Sir Alex Ferguson នោះ​គឺ​ទី១ អតីត​គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​ Man Utd តែងតាំង Ryan Giggs ជា​គ្រូ​បង្វឹក តែ​​ក្លឹប​បែរ​ជា​យក​លោក​ Louis Van Gaal មក​ធ្វើ​ជា​គ្រូ​បង្គោល​ទៅ​វិញ និង ទី​២ Ferguson បាន​រារាំង​ការ​តែងតាំង Jose Mourinho ។

The South China Morning Post បាន​រាយការណ៍​ថា Ferguson ជា​អ្នក​ឧទ្ទេសនាម​​ David Moyes ឲ្យ​បន្ត​វេន​ក្រោយ​​លោក​ចូលនិវត្តន៍​កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​ Moyes ត្រូវ​បាន​បណ្ដេញ​ចេញ​ត្រឹម​​​រយៈ​ពេល​៩​ខែ​ លើ​កុងត្រា​៦​ឆ្នាំ​នៅ Old Trafford។ ចាប់​​ពី​ពេល​​នោះ​មក Ed Woodward ប្រធាន​ក្លឹប Man Utd ហាក់​លែង​ជឿ​ទុក​ចិត្ត Ferguson។

ក្រោយ​ការ​បណ្តេញ​​អតីត​គ្រូ​ Everton លោក Woodward និង ម្ចាស់​ក្លឹប​នៃ​គ្រួសារ Glazer បាន​តែងតាំង Giggs ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន។ កាលណោះ អតីត​គ្រូ​បង្វឹក​ដែល​ធ្លាប់​ជួយ Man Utd ឈ្នះ​ពាន Premier League ១៣​សម័យ​កាល​បាន​ប្រាប់ Woodward ឲ្យ​តែងតាំង​ Giggs ជា​គ្រូ​អចិន្ត្រៃយ៍ ប៉ុន្តែ​ប្រធាន​ក្លឹប​មិន​ព្រម​ធ្វើ​តាម​ឡើយ ហើយ​បែរ​ជា​យក​លោក Van Gaal ដែល​មាន​បទពិសោធន៍​ជាង​មក​ដឹកនាំ​ក្លឹប ហើយ Giggs ជា​ជំនួយ​ការ។

លោក Van Gaal

ជា​ថ្មី​ម្តង​ទៀត Woodward ​ហាក់​ប្រងើយ​កន្តើយ​នឹង​ការ​ព្រមាន​របស់ Ferguson ចំពោះ​ការ​តែងតាំង Mourinho ក្រោយ​ក្លឹប​បណ្តេញ​ Van Gaal ចេញ។

គ្រូ​តា Ferguson​ រារាំង​ការ​តែងតាំង​​គ្រូ​បង្វឹក​ព័រទុយហ្គាល់​មិន​មែន​មក​ពី​គិត​ថា Mourinho គ្មាន​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​លោក​ប្រហែល​ជា​គិត​ថា​របៀប​ធ្វើការ​របស់ ប្រធាន​ក្លឹប​ដ៏​មាន​ឥទ្ធិពល​ខាង​លើ និង របៀប​ធ្វើការ​របស់​ The Special One ​នឹង​មិន​ស្រប​គ្នា​ឡើយ។

Ed Woodward អនុប្រធាន​ប្រតិបត្តិក្លឹប​បិសាច​ក្រហម​​

ក្រោយ​ការ​ចាកចេញ​ពី​តំណែង​របស់​លោក David Gill ដែល​ជា​នាយក​ប្រតិបត្តិ​កាល​ពី​ឆ្នាំ ២០១៣ Woodward បាន​ឡើង​ជា​អនុប្រធាន​ប្រតិបត្តិ​​ ហើយ​គ្រប់គ្រង​​ក្លឹប​បិសាច​ក្រហម​​តាម​បែប​មិន​បើក​ទូលាយ​ដូច David Gill ឡើយ ពោល​គឺ​បើ​​លោក​មិន​ចង់​បាន​កីឡាករ​ណា​ហើយ គ្រូ​បង្វឹក​ក៏​ពិបាក​នឹង​បញ្ចុះបញ្ចូល​លោក​ដែរ។

David Gill អាច​ថា​ជា​មេ​ល្អ​របស់ Ferguson ក៏​បាន ឬ ថា​ជា​មិត្ត​ល្អ​របស់​​អតីត​គ្រូ​បង្វឹក​សញ្ជតិ​ស្កុតឡែន​ក៏​បាន ពីព្រោះ កាល​ជំនាន់​លោក​ទាំង​២​ធ្វើ​ការ​​គឺ​ចុះ​សម្រុង​នឹង​គ្នា​ល្អ​ណាស់ បើ​ Ferguson ចង់​បាន​កីឡាករ​ណា​ហើយ លោក​គ្រាន់​តែ​ឲ្យ​បញ្ជី​ឈ្មោះ​ទៅ​ក្រុម​ប្រឹក្សា​របស់​ក្លឹប នោះ​ David Gill ដែល​ធ្លាប់​ចូល​មក​​កាន់​ការងារ​ដំបូងៗ​នៅ Man Utd ក្នុង​នាម​ជា​នាយក​ហិរញ្ញវត្ថុ​ទម្រាំ​ឡើង​ជា​ប្រធាន​ក្លឹប ហើយ​ក៏​ជា​មនុស្ស​ដែល​មាន​ជំនាញ​ចាយ​លុយ​ដ៏​មាន​ប្រសិទ្ធភាព លោក​អាច​ជួយ​ទិញ​កីឡាករ​ឲ្យ Ferguson បាន​ល្អៗ​ហើយ​ថោក។

ដោយ​ឡែក Mourinho ធ្លាប់​បាន​និយាយ​ថា Man Utd មិន​អាច​​ប្រជែង​នឹង​ Man City ឡើយ​​ព្រោះ​ Pep Guardiola មាន​លុយ​ទិញ​កីឡាករ​ណា​ដែល​លោក​ចង់​បាន។

កាល​ពី​ថ្ងៃ​សុក្រ Roy Kean អតីត​ខ្សែ​បម្រើ​​បិសាច​ក្រហម​បាន​រិះគន់​កីឡាករ​ក្នុង​ក្លឹប​ធ្វើ​ស៊ី​​គ្រូ​បង្វឹក និង ជា​ដើមចម​ដែល​ឈាន​ទៅ​ដល់​ការ​បណ្ដេញ​លោក Mourinho ចេញ​ពី​តំណែង។

​​​​នៅ​ពេល​នេះ Woodward ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​ការ​ជំនួយ​និង​ការណែនាំ​របស់​ Ferguson ។ Solskjaer ជា​គ្រូ​បង្វឹក​ទី​៥​ហើយ​ក្រោម​ការ​សម្រេច​ចិត្ត​តែងតាំង​និង​បណ្ដេញ​ចេញ​របស់​ប្រធាន​ក្លឹប​ថ្មី​រូប​នេះ ហើយ​ប្រសិន​បើ​ Solskjaer ក្នុង​នាម​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ដឹកនាំ​មិន​បាន​ល្អ នោះ​វត្តមាន​គ្រូ​បង្វឹក​ទី​៦​នឹង​លេច​រូបរាង​ឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ បន្ទាប់​ពី Ferguson ចូល​និវត្តន៍។

ជារួម វិបត្តិ​ប្រធាន​ក្លឹប​ថ្មី ការ​តែងតាំង​និង​បណ្ដេញ​ចេញ​របស់​គ្រូ​បង្វឹក​ជា​រៀងរាល់​ឆ្នាំ និង ចរិត​តួឯក​របស់​កីឡាករ​ សុទ្ធសឹងតែ​ជា​កត្តា​ដែល​រុញ​ច្រាន​ Man Utd ឲ្យ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខ លាងហ៊ត