ដើម្បី​កូន! ​អត់​លុយ​ចូល​ពេទ្យ ក៏​ប្រឹង​ព្យាបាល​តាម​បែប​បុរាណ

  • 2014-11-27 00:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ដែល​មាន​សន្តាន​ចិត្ត​មិន​អាច​កាត់​ថ្លៃ​ម្នាក់​នៅ​ប្រទេស​ចិន បាន​យក​កូន​ស្រី​ខ្លួន​កំពុង​មាន​ជំងឺ​ទៅ​ព្យាបាល​ដោយ​ការ​អាំង​ភ្លើង​តាម​បែប​បុរាណ ព្រោះ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ចូល​មន្ទីរពេទ្យ​បន្ត​ទៀត។

 

 

លោក Wei Shufu ដែល​រស់​នៅ​ខេត្ត​យូណាន បាន​ព្យាយាម​ព្យាបាល​កូន​ស្រី​អាយុ ៦​ឆ្នាំ ដោយ​ការ​អាំង​ផ្សែង​ភ្លើង ដែល​ចេញ​ពី​ការ​ដុត​ថ្នាំ​បុរាណ​ច្រើន​ប្រភេទ។ គ្រួសារ​របស់​កសិករ​កម្សត់​នេះ បាន​ចំណាយ​ប្រាក់​សន្សំ​អស់​ពី​ខ្លួន ដើម្បី​ព្យាបាល​ក្មេង​ស្រី ដែល​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម (ឈាម​ស​ស៊ី​ឈាម​ក្រហម) កាល​ពី​ខែ​តុលា ឆ្នាំ​មុន។

 

​ទោះ​ចំណាយ​ប្រាក់​ច្រើន​បែប​នេះ​ក្ដី លោក​នៅ​តែ​មិន​ឃើញ​ស្ថាន​ភាព​ជំងឺ​របស់​កូន មាន​ភាព​ល្អ​ប្រសើរ​ឡើយ។ ក្រោយ​មក លោក​បាន​បញ្ជូន​កូន​ស្រី​ទៅ​មន្ទីរ​ពេទ្យ​ធំជាង​មុន នា​ខេត្ត​ក្វាងចូវ ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដើម្បី​ស្វែង​រក​ការ​ព្យាបាល​បន្ត។ វេជ្ជបណ្ឌិត​នៅ​ទី​នោះ បាន​ណែនាំ​ថា នាង​ត្រូវ​ទទួល​ការ​វះកាត់​ផ្លាស់​ប្ដូរ​ខួរ​ឆ្អឹង ទើប​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន។ ទោះ​យ៉ាង​ណា ការ​​វះ​កាត់​មាន​តម្លៃ​ដល់​ទៅ​ជិត ៥​ម៉ឺន​ដុល្លារ ដែល​ជា​ទឹក​ប្រាក់​ដ៏​មហាសាល​សម្រាប់​គ្រួសារ​កសិករ​ជនបទ​មាន​ចំណូល​ប្រចាំ​ឆ្នាំ​តិច​ជាង ៧០០​ដុល្លារ​ដូច​ជា​លោក។

 

 

​​​​​ក្រោយ​ពី​អស់​សង្ឃឹម​ក្នុង​ការ​ព្យាបាល​តាម​បែប​វិទ្យាសាស្ត្រ លោក​បាន​ងាក​មក​ប្រើ​វិធី​បុរាណ តាម​ការ​ណែនាំ​ពី​អ្នក​ជំងឺ​ម្នាក់ ដែល​លោក​បាន​ជួប​នៅ​មន្ទីរពេទ្យ។ លោក​បាន ប្រើ​ថ្នាំ​បុរាណ​ជា​ច្រើន​ប្រភេទ​ដើម្បី​ដុត​ចេញ​ជា​ផ្សែង រួច​ឲ្យ​កូន​ស្រី​ដេក​អាំង​លើ​ផ្សែង​នោះ។

 

 

រូប​ថត​សកម្មភាព​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​នេះ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ខ្លាំង ហើយ​រហូត​មក​ដល់​ពេល​នេះ​​មូលនិធិ Beijing AngelMom ប្រមូល​បាន​ប្រាក់​ជិត ២​ពាន់​ដុល្លារ​ ដើម្បី​ជួយ​ក្មេង​ស្រី​នេះ៕

 

 

ចុចអាន៖ ​​រំជួល​ចិត្ត! បុរស​ស្មោះ​ស្នេហ៍​​សុខចិត្ត​រៀបការ​ជាមួយ​កូនក្រមុំ​កើត​​មហារីក​ជិត​ស្លាប់

 

ប្រែ​សម្រួល​៖ គង់ វិសាល

ប្រភព៖ dailymai