លះបង់​​ជិត​២​ម៉ឺន​ដុល្លារ​ សាកលវិទ្យាល័យ​​​​​ធំមួយ​លុប​ចោល​ថ្លៃ​ផ្ញើ​កង់​ពី​និស្សិត

  • 2015-01-03 19:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​​​​ជា​សាកលវិទ្យាល័យ​ដំបូង​​បង្អស់​​​នៅ​​​​​រាជ​ធានី​ភ្នំពេញ ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ ​​​​​​បាន​ប្រកាស​​​លុប​ចោល ​ការ​​យក​​​ថ្លៃ​ផ្ញើ​​​​កង់​​​ ពី​សិស្ស-​និស្សិត​ ដែល​ជា​វិធានការ​មួយ​​​​រួម​ចំណែក​ កាត់​បន្ថយ​ការ​​បំ​ពុល​បរិស្ថាន​ និង​ការ​ចំណាយ​ដល់​​និស្សិត​។ ​​

 

លោក​ ងន់ ម័រ​ អនុប្រធាន​​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ជា​​អ្នក​​ទទួល​បន្ទុក​សេវាកម្ម​ចំណត​យានយន្ត ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ប្រាប់​ Sabay ថា​ ​​គោល​ការ​ណ៍​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​​ពី​ថ្ងៃ​ទី​​១ ខែ​​មករា​ ឆ្នាំ​២០១៥ នេះ​​ត​ទៅ​ ដើម្បី​លើក​​ទឹក​ចិត្ត​ដល់​និស្សិត​​ឲ្យ​ប្រើ​ប្រាស់​កង់​​​​បាន​ច្រើន​​​ជាង​​​​​ម៉ូតូ-​​ឡាន ​ដែល​​នាំ​​ឲ្យ​មាន​​ការ​បំពុល​ដល់​បរិស្ថាន​​ ក៏​ដូច​ការ​ចំណាយ​របស់​​និស្សិត​ក្រី​ក្រ ​មក​​ពី​​ទី​ជន​បទ។ លោក​​ថា​ គណៈ​គ្រប់​គ្រង​សាកលវិទ្យាល័យ​បាន​​​ប្រជុំ​ និង​​សម្រេច​​លុប​ចោល​​ការ​យក​ថ្លៃ​ផ្ញើ​កង់​ ​នេះ​ដោយ​មិន​គិត​​​​ដល់​ការ​ខាត​បង់​ថវិកា​​ ដែល​មាន​ប្រមាណ​ ១៨.០០០ ដុល្លារ ​ក្នុង​មួយ​​ឆ្នាំ។ "​​និស្សិត​​ចំនួន​២៥ % ​បាន​ប្រើ​ប្រាស់​កង់​ជា​​ជំនិះ​រៀង​រាល់​ថ្ងៃ​​។ ដូច្នេះ​​​នេះ​គឺ​ជា​​លះ​បង់​មួយរបស់​សាកលវិទ្យាល័យ​​ ដើម្បី​​បរិស្ថាន​ និង​​​​ការ​ចំណាយ​របស់​និស្សិត​​ក្រី​ក្រ​ពី​ជន​​បទ​”។ លោក​ ងន់ ម័រ​ បន្ថែម​។

 

កាល​ពី​ម្សិល​មិញ​ និស្សិតមួយ​ចំនួន​​ ​បាន​​​យក​កង់​ទៅ​ផ្ញើ​​​មាន​​អារម្មណ៍​រីករាយ​​ ដែល​សាកលវិទ្យាល័យ​​បាន​​លុប​ចោល​ការ​យក​​ថ្លៃ​​ផ្ញើ​​ ដោយ​កឹប​សំបុត្រ​ឲ្យ​​ធម្មតា​។ នេះ​បើ​តាម​លោក​ ងន់​ ម័រ។ លោក​ថា​​ ​ពី​មុន​សាលា​​បាន​យក​ថ្លៃ​​ ២០០ រៀល​ សម្រាប់​កង់​មួយ​គ្រឿង​ ខណៈ​​​​ជា​មធ្យម​មាន​​កង់​ប្រមាណ​​ ១៥០០​ យក​ទៅ​​ផ្ញើ​នៅ​ចំណត​របស់​សាកលវិទ្យាល័យ​​​សម្រាប់​ថ្ងៃ​រៀន​ធម្មតា​៕​​​

 

 

អត្ថបទ៖មៃ សុខលីម

រូបភាព​៖សុំ​សិទ្ធិ​ប្រើ