រឿង​ពិត​ពី​ក្រោយ​រូបថត​ឪពុក​ព​កូន​យំ ឆក់​យក​បេះ​ដូង​មនុស្ស​ទូទាំង​ពិភពលោក

  • 2015-08-20 21:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ដ៏​មាន​អត្ថន័យ​មួយ​សន្លឹក បង្ហាញ​ពី​ទឹក​ចិត្ត​ឪពុក​ប្រើ​ដៃ​ម្ខាង​ព​កូន​ស្រី ឯ​ដៃ​ម្ខាង​ទៀត​​ឱប​ក​កូន​ប្រុស​យំ កំពុង​ធ្វើ​ឲ្យ​រំជួល​ចិត្ត​មនុស្ស​ជា​ច្រើន​ទូទាំង​ពិភពលោក រហូត​អ្នក​ខ្លះ​ស្រក់​ទឹក​ភ្នែក​តាម។

 

 

ឪពុក​ដ៏​កម្សត់​នៅ​ក្នុង​រូប​មាន​ឈ្មោះ Laith Majid ជា​ជន​ភៀស​ខ្លួន​ស៊ីរី ដែល​រត់​រក​កន្លែង​ជ្រក​កោន​ក្នុង​ប្រទេស​ក្រិក គេច​ពី​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម។ បុរស​ចំណាស់​ម្នាក់​នេះ បាន​ចូល​ដល់​កោះ Dodecanese តាម​រយៈ​ការ​ឆ្លង​កាត់​ប្រទេស​ទួរគី បន្ទាប់​ពី​ផ្ទះ​ក្នុង​ក្រុង Deir ez-Zor ប្រទេស​កំណើត ត្រូវ​គ្រាប់​បែក​បំផ្លាញ​រាប​ដល់​ដី។

 

លោក Majid បាន​ជិះ​លើ​ទូក​មួយ​ផ្សង​ព្រេង​ជាមួយ​ប្រពន្ធ (គ្រូ​បង្រៀន​ភាសា​អង់គ្លេស) កូន​ប្រុស​បី​នាក់ និង​កូន​ស្រី​ម្នាក់​ទៀត​តាម​មហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ។ គ្រួសារ​ដ៏​ធំ​មួយ​នេះ ត្រូវ​ចំណាយ​ប្រាក់​ជាប់​ខ្លួន​ជាង ៨០០០​ដុល្លារ សម្រាប់​ការ​ធ្វើ​ដំណើរ​រយៈ​ពេល ២​ម៉ោង បន្ទាប់​ពី​ឆ្លង​កាត់​ក្រុង Bodrum ប្រទេស​ទួរគី។ ម៉ោង ៤:៣០​នាទី​ទៀប​ភ្លឺ ឪពុក​ម្ដាយ​ដ៏​កម្សត់ រួម​ទាំង​កូន​បួន​នាក់​បាន​ធ្វើ​ដំណើរ​ដល់​កោះ Dodecanese ដែល​ធ្វើ​ឲ្យ​ពួក​គេ​រំភើប​យ៉ាង​ខ្លាំង។

 

អ្នក​ថត​រូប​ឈ្មោះ Daniel Etter ដែល​ផ្ដិត​យក​ទិដ្ឋភាព​ខ្លោច​ចិត្ត​​បញ្ជាក់​ថា គ្រួសារ​ស៊ីរី​នេះ​យល់​ព្រម​ធ្វើ​ដំណើរ​ដោយ​គ្រោះ​ថ្នាក់​មក​កាន់​កោះ។ អ្នក​ថត​រូប​បាន​និយាយ​ថា៖ "ទូក​នេះ​មាន​មនុស្ស ១២​នាក់ បើ​ទោះ​បី​ជា​វា​តូច និង​អាច​ដាក់​មនុស្ស​បាន​ត្រឹម ៣ ៤​នាក់​ក្ដី"។

 

លោក​បាន​បន្ត​ទៀត​ថា៖ "ជាង​ពីរ​ម៉ោង​ក្រោយ​ពេល​ចេញ​ដំណើរ ទូក​នោះ​លែង​មាន​ខ្យល់ ហើយ​ទឹក​ចាប់​ផ្ដើម​ហូរ​ចូល... ជន​ភៀស​ខ្លួន​ទាំង​អស់ ត្រូវ​ទទឹក​ជោគ​ខ្លួន​មុន​ពេល​ដល់​ឆ្នេរ។ ពួក​គេ​បាន​ធូរ​ស្បើយ​ចិត្ត ពេល​មក​ដល់​ដោយ​សុវត្ថិភាព"។

 

ពុះ​ពារ​កាត់​ព្យុះ​ភ្លៀង​តាម​សមុទ្រ ឪពុក​បាន​ព​កូន​ស្រី និង​ឱប​ក​កូន​ប្រុស​យំ ដោយ​សារ​រំភើប​ផុត​គ្រោះ​ថ្នាក់​ជា​ថ្មី ប៉ុន្តែ​កូន​ស្រី​បាន​គ្រុន​ក្ដៅ​ខ្លាំង​បន្ទាប់​ពី​ធ្វើ​ដំណើរ ឯ​កូន​ប្រុស​វិញ​មិន​អាច​គេង​លក់។ យ៉ាង​ណា​ក្ដី នេះ​មិន​មែន​ជា​ដំណើរ​ចុង​ក្រោយ​ដល់​ត្រើយ​សុខ​សាន្ត​ទេ ព្រោះ​គ្រួសារ​នេះ​សង្ឃឹម​ថា​អាច​តាំង​ទី​លំនៅ​ផ្ញើ​ខ្លួន​ក្នុង​ប្រទេស​អាល្លឺម៉ង់។

 

អ្នក​ថត​រូប​បាន​និយាយ​ថា លោក​មិន​ធ្លាប់​រំជួល​ចិត្ត​ដោយសារ​រូប​ថត​មួយ​សន្លឹក​បែប​នេះ​ពី​មុន​មក​ទេ។ លោក​តែង​ស្រក់​ទឹក​ភ្នែក ម្ដង​ហើយ​ម្ដង​ទៀត ពេល​ទាញ​រូប​ថត​មក​មើល​ជា​ថ្មី។ ហើយ​ពិភពលោក​ទាំង​មូល​ក៏​រំជួល​ចិត្ត​ចំពោះ​រូប​នេះ​ដែរ ដោយ​មាន​ការ​ចែក​ចាយ​រាប់​ពាន់​ដង​តាម​បណ្ដាញ​សង្គម៕

 

ចុចអាន៖ មួយ​សន្លឹក​​ខ្លោច​​ចិត្ត! ក្មេង​អនាថា​ធ្វើ​កិច្ចការ​សាលា​ក្រោម​​ពន្លឺ​ភ្លើង​​ភោជនីយដ្ឋាន

ចុចអាន៖ ម្ចាស់​ភោជនីយដ្ឋាន​វាយ​ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​ល្បី​ដល់​នាយករដ្ឋមន្ត្រី​ទួរគី

ចុចអាន​៖ ភ្លើង​សង្គ្រាម​នៅ​ស៊ីរី ធ្វើ​ឲ្យ​ក្មេង​តូច​ម្នាក់​ខ្លាច​កាមេរ៉ា​ព្រោះ​គិត​ថា​ជា​កាំភ្លើង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ news.com

អត្ថបទពេញនិយម