ថៃសម្រេចហាមឃាត់ការផ្សព្វផ្សាយ​ម្សៅទឹកដោះ​គោទារក​ហើយ ក្រោម​ហេតុផលនេះ

  • 2017-09-08 09:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ច្បាប់​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ម្សៅ​ទឹក​ដោះ​គោ​ ព្រម​​ជា​មួយ​ផលិតផល​​ផ្សេង​ៗ​សម្រាប់​​ទារក និង​កុមារ​បាន​ចូល​ជា​ធរមាន​ហើយ​នៅ​ថ្ងៃ​ទី ៨​កញ្ញា ឆ្នាំ ២០១៧។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ThaiPBS។

ច្បាប់​ថ្មី​នេះ​ត្រូវ​គេ​ជឿ​ថា នឹង​អាច​ជួយ​ការ​ពារ​អតិថិជន​ជា​ទារក និង​ក្រុម​កុមារ​តូច​ៗ​ឲ្យ​ងាក​​មក​បំបៅ​ដោះ​ម្ដាយ​វិញ ព្រោះ​មាន​សារជាតិ​​ជា​ច្រើន​សម្រាប់​សុខភាព​ទារក។

ការ​ហាម​ឃាត់​​សកម្មភាព​​ផ្សព្វផ្សាយ​នេះ​មាន​ដូច​ជា ឲ្យ​ប័ណ្ណ​បញ្ចុះ​តម្លៃ ការ​ថែម​ជូន​ពិសេស ផ្ដល់​កាដូ និង​រង្វាន់​ជា​ដើម ដែល​ក្រុមហ៊ុន​ប្រើ​សម្រាប់​​ទាក់​ទាញ​អតិថិជន​ឲ្យ​ទិញ​។ ចំណែក​បុគ្គលិក​ពេទ្យ​នានា​​នឹង​ចូល​រួម​លើក​កម្ពស់ និង​ការ​ពារ​ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​ឲ្យ​បាន​កាន់​តែ​ច្រើន។

ច្បាប់​ខាង​លើ​បាន​​គ្រប់​គ្រង​លើ​ការ​ផ្សព្វផ្សាយ​​ម្សៅ​ទឹក​ដោះ​គោ និង​ផលិតផល​ចំណីអាហារ​​សម្រាប់​ទារក​ទើប​កើត​ ដល់​អាយុ ១២​ខែ និង​កុមារ​អាយុ ១២​ខែ​ដល់ ៣ឆ្នាំ។ ក្រុម​អ្នក​ផលិត អ្នក​នាំ​ចូល និង​អ្នក​លក់​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត​ដូច​ជា៖

  • ផ្សព្វផ្សាយ​ផលិត​ផល​អាហារ​សម្រាប់​កុមារ​ ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ក្មេង​យល់​ថា ម្សៅ​ទឹក​ដោះ​គោ ឬ​ផលិត​ផល​ទាំង​នោះ​ល្អ​សម្រាប់​​សុខភាព​។
  • ផ្ដល់​ប័ណ្ណ​បញ្ចុះ​តម្លៃ ថែម​ជូន​ពិសេស កាដូ ប្រាក់ ឬ​រង្វាន់​ដោយ​ផ្ទាល់ ឬ​ប្រយោល។
  • រៀប​ចំ​ប្រជុំ បណ្ដុះ​បណ្ដាល ឬ​សិក្ខាសាលា​ពាក់​ព័ន្ធ​នឹង​ចំណី​អាហារ​ទារក​សម្រាប់​ភ្នាក់​ងារ​សេវា​សុខភាព​សាធារណៈ​។
  • បរិច្ចាគ​​ចំណីអាហារ​ឲ្យ​ទារក ឬ​កុមារ លើក​លែង​តែ​ករណី​កុមារ​កើត​ជំងឺ ​ឬ​​មាន​ភាព​មិន​ប្រក្រតី​ពី​កំណើត។

ករណី​អ្នក​បំពាន​ច្បាប់​ខាង​លើ​ ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ឆ្នាំ និង/ឬ បង់​ពិន័យ​ជាង ៣ ០០០​ដុល្លារ​អាមេរិក​ទៀត​ផង។ ច្បាប់​នេះ​ត្រូវ​អ្នក​ជំនាញ​អះអាង​ថា ​ថៃ​ស្ថិត​ក្នុង​ចំណោម​ប្រទេស ១៣៥​ទៀត​នៅ​លើ​លោក​ក្នុង​ការ​ការពារ​ការ​បំបៅ​​ទឹក​ដោះ​ម្ដាយ៕

ចុចអាន៖

ប្រភព៖ Thai PBS   ប្រែ​សម្រួល៖ ឡេង ភារុណ