សូម្បីអ្នកធ្វើការឲ្យ Facebook ក៏មិនកាន់ជើង Facebook ដែរ
- 2020-12-23 02:09:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បីអ្នកធ្វើការឲ្យ Facebook ក៏មិនកាន់ជើង Facebook ដែរ
ចន្លោះមិនឃើញ
Facebook បានធ្វើការរិះគន់ Apple ជាហូរហែក្រោយពីត្រូវបាន Apple បង្ខំឲ្យផ្ដល់ជម្រើសឲ្យអ្នកប្រើប្រាស់លើ iOS ក្នុងការបិទមុខងារតាមដានសកម្មភាពអ្នកប្រើប្រាស់។ យ៉ាងណាក្ដី សូម្បីតែបុគ្គលិករបស់ Facebook មើលទៅដូចជាមិនយល់ស្របនឹងក្រុមហ៊ុនរបស់ខ្លួន ដោយមានមួយចំនួនបាននិយាយថាយុទ្ធនាការប្រឆាំងនឹង Apple របស់ Facebook គឺជាទង្វើលាក់ពុតខ្លាំង។
ផ្អែកតាមការចេញផ្សាយរបស់ BuzzFeed News បានឲ្យដឹងថា Facebook បានចាត់នូវការប្រជុំជាមួយបុគ្គលិករបស់ខ្លួន ដើម្បីពិភាក្សាអំពីផលប៉ះពាល់លើការងាររបស់ពួកគេ ទាក់ទងនឹងគោលការណ៍ថ្មីរបស់ Apple។
BuzzFeed News ដែលទទួលបានដំណឹងផ្ទៃក្នុងពីបុគ្គលិក Facebook បានឲ្យដឹងថាបុគ្គលិកទាំងអស់មិនមែនសុទ្ធតែឯកភាពលើការរិះគន់លើ Apple នោះទេ។ បុគ្គលិកម្នាក់បាននិយាយថាចៅហ្វាយនាយរបស់ខ្លួន គឺគ្រាន់តែប្រើប្រាស់អាជីវកម្មតូចៗធ្វើជាខែលបាំងមុខ ដើម្បីបិទបាំងទង្វើមិនល្អរបស់ Facebook។ វិស្វករ Facebook ម្នាក់បានបញ្ចេញមតិដូចនេះថា ៖ "វាប្រៀបដូចជាយើងព្យាយាមបិទបាំងទង្វើអាក្រក់ ដោយប្រើប្រាស់សារដ៏គួរឲ្យអាណិតអាសូរ។” អ្នកនាំពាក្យ Facebook បានបន្តឈរលើគោលជំហរថាក្រុមហ៊ុនគឺព្រួយបារម្ភអំពីអ្នកដែលបានប្រើប្រាស់ Facebook ជាកន្លែងដើម្បីផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្ម ជាពិសេសគឺអាជីវកម្មតូចៗ។
Apple ឯណោះវិញក៏បានឆ្លើយតបនឹងការរិះគន់របស់ Facebook ដោយនិយាយថា Facebook គួរគិតគូរឡើងវិញលើភាពជាឯកជនរបស់អ្នកប្រើប្រាស់។ Apple ក៏បាននិយាយដែរថាអ្នកប្រើប្រាស់គួរតែមានសិទ្ធគ្រប់គ្រងលើព័ត៌មានដែលពួកគេចង់ចែករំលែកជាមួយ Developer និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។ បើតាមការឲ្យដឹងពី Apple ក្រុម Developer អាចមានពេលដល់ដើមឆ្នាំ ២០២១ ដើម្បីប្រតិបត្តិតាមគោលការណ៍ថ្មីរបស់ Apple បើមិនដូច្នោះទេកម្មវិធីរបស់ពួកគេអាចនឹងត្រូវហាមឃាត់ពី iOS តែម្ដង៕
ចុចអាន ៖
Facebook ចាប់ផ្ដើមប្រាប់អ្នកប្រើ iPhone ឲ្យត្រៀមចិត្តទទួលយកផលប៉ះពាល់
Facebook ថា Apple ចង់ចំណេញលុយជាងគិតពីឯកជនភាពរបស់អ្នកប្រើប្រាស់