កំណត់ត្រាដំបូងរបស់កម្ពុជា ប្រទះឃើញហ្វូងសត្វក្រពើភ្នំដ៏កម្របំផុតជិតផុតពូជនៅក្នុងតំបន់ទីជម្រកស្រែពក

  • 2021-09-21 03:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWFបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុបចំនួន ៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្រសួងបានបញ្ជាក់ថា ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ។

គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF ៕

អត្ថបទដោយ ៖ Su In