តើ​នរណា​នៅ​ពីក្រោយ​ខ្នង​ ឈិត សុជាតា បើក​ក្រុមហ៊ុន​ទេសចរណ៍​ អេស ធី អេ ?

  • 2014-12-03 16:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​អាជីព​សិល្បៈ​ ជា​អ្នក​សម្ដែង ដើរ​បង្ហាញ​ម៉ូដ និង ​ពិធី​ការិនី អ្នក​នាង​ សុជាតា គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​ STA​។ អ្នក​នាង ​សុជាតា បាន​គ្រប់​គ្រង​ក្រុមហ៊ុន​អស់​រយៈពេល​ ៥ ឆ្នាំ​ មក​ហើយ បន្ទាប់​ពី​នាង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ទេសចរណ៍​កាល​ពី​ឆ្នាំ​២០០៨។

 

អ្នកនាង ​សុជាតា មាន​ដើម​កំណើត​មក​ពី​ខេត្ត​តាកែវ ហើយ​បាន​ផ្សងព្រេង​មក​កាន់​ភ្នំពេញ កាល​ពី​អំឡុង​ឆ្នាំ ​២០០៣ បាន​ចាប់​យក​មុខរបរ​ជា​អ្នក​សិល្បៈ ​ហើយ​ក៏​បាន​ក្លាយ​ជា​ពិធី​ការិនី តារា​សម្ដែង និង ​ដើរ​បង្ហាញ​ម៉ូដ រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ​នេះ។

 

នៅ​ឆ្នាំ ​២០០៨​ នាង​បាន​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ទេសចរណ៍​ STA ហើយ​អាច​ថា នេះ​ជា​ជំហាន​ជោគជ័យ​ដ៏​ធំ​​ក្នុង​ជីវិត​របស់​​នាង​ផង​ដែរ​។ ការ​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ បាន​ក្លាយ​ទៅ​ជា​ចម្ងល់​ផងដែរ សម្រាប់​អ្នក​គាំទ្រ​សុជាតា ដោយ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​នាង​បាន​ប្រាក់​ពីណា​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ​​ឡើង​?

 

ដូច្នេះ អ្នកនាង​ ឈិត សុជាតា ធ្លាប់​បាន​​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ Sabay ដើម្បី​ស្រាយ​ចម្ងល់​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ភាព​ជា​អ្នក​ដឹកនាំ​ និង​ ការ​បើក​ក្រុមហ៊ុន​​ទេសចរណ៍ ​STA ​​របស់​នាង។ ខាងក្រោម​នេះ​ គឺ​ជា​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​រវាងSabay និង​​ អ្នក​នាង​សុជាតា៖

 

 

Sabay៖ អ្នក​នាង​ សុជាតា ដែល​បញ្ចប់​ការ​សិក្សា​​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក​ទេសចរណ៍​កាល​ពី​ឆ្នាំ ​២០០៨​ តើ​នេះ​​ជាដើម​ចម ​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ​ឡើង​មែនទេ?

 

សុជាតា៖ ចាស៎! មែនហើយ ទី០១​ត្រូវ​ជំនាញ​ដែល​ខ្ញុំ​សិក្សា​ផង និង​ទី​២ សាច់ញាតិ​ក៏​មាន​ជំនាញ​ផ្នែក​ទេសចរណ៍​នេះ​យូរ​ឆ្នាំ​មក​ហើយ​ដែរ​ ដោយ​ពួកគាត់​ ធ្លាប់​បាន​​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ទេសចរណ៍​ធំ​ៗ​ជាច្រើន​​។ ជាពិសេស​ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​។

 

Sabay៖ ដើម​ឡើយ​អ្នកនាង​ គឺ​ជា​កសិករ​មួយ​រូប​ ដែល​មាន​បងប្អូន​ ៦ នាក់ ប្រុស ២ និង​ស្រី​ ៤ ប្រភព​មក​ពី​ខេត្ត​តាកែវ និង​ មាន​ស្ថានភាព​​គ្រួសារ​មធ្យម​ទេ តើ​កញ្ញា​មាន​ប្រាក់​មក​ពីណា បើក​ក្រុមហ៊ុន?

 

សុជាតា៖ ជា​ការពិត​ណាស់​ គ្រួសារ​ខ្ញុំ​មធ្យម​ គឺ​មិន​មាន​លទ្ធភាព​ឯណា ​នឹង​បើក​ក្រុមហ៊ុន​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ក្នុង​អំឡុង​​ឆ្នាំ​ ២០០៨​ គឺ​ជា​ពេល​ស្ថានភាព​ដី​ធ្លី​ឡើង​ថ្លៃ​យ៉ាង​គំហុក ដូច្នេះ​ម្ដាយ​ខ្ញុំ​បាន​លក់​ដី​មួយ​កន្លែង​នៅ​ខេត្ត​សៀមរាប​ ដោយ​នេះ​ហើយ​ គឺ​ជា​ដើម​ទុន​សម្រាប់​បើក​ក្រុមហ៊ុន​ទេសចរណ៍​នេះ​ឡើង ដោយ​មិន​មាន​នរណា​នៅ​ពី​ក្រោយ​ខ្នង​ ក្រៅពី​ម្ដាយ​ខ្ញុំ​ទេ។

 

ប៉ុន្តែ​ប្រសិន​បើ​សួរ​ពី​រឿង​ទុន​ប៉ុន្មាន​គឺ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​អាច​និយាយ​បាន​ថា ការ​បើក​ក្រុមហ៊ុន​ទេសចរណ៍​គឺ​ចាំ​បាច់​មាន​ដើម​ទុន​ច្រើន​ ជាពិសេស​ត្រូវ​មាន​ប្រាក់​តម្កល់​ ព្រោះ​ថា ក្រុមហ៊ុន​ទេសចរណ៍​ត្រូវ​មាន​ដៃ​គូរ​នៅ​ក្រៅ​ប្រទេស​ច្រើន​ ដើម្បី​ឲ្យ​គេ​ជឿជាក់​។

 

 

​Sabay៖ ការ​បើក​ក្រុមហ៊ុន​ដំបូង តើអ្នកនាង ជួប​ការ​លំបាក​ទេ​?

សុជាតាៈ លំបាក​ណាស់​បង​! ថ្វី​ត្បិត​ខ្ញុំ​រៀន​ចប់​ផ្នែក​ទេសចរណ៍​មែន​ក្ដី ប៉ុន្តែ​គ្មាន​បទ​ពិសោធន៍​អ្វី​ទាំង​អស់​ ដូច្នេះ​បាន​សាច់​ញាតិ​ទេ គាត់​មាន​បទ​ពិសោធន៍​គ្រប់​គ្រង​រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ​​នេះ​។ មួយ​ទៀត​ឆ្នាំ​ទី១ និង​ទី​២ ក្រុម​ហ៊ុន​គ្មាន​ប្រាក់​ចំណេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ខាត។ ប៉ុន្តែ​ចូល​ឆ្នាំ​ទី​៣​មក​ដល់​ពេល​នេះ គឺ​អាច​និយាយ​បាន​ថា ជោគជ័យ​ហើយ​។

 

Sabay៖ តើ​មាន​ភាព​ខុស​គ្នា​ដូចម្ដេច​​រវាង​អាជីព​អ្នក​សិល្បៈ និង​ធ្វើ​ជា​ថៅកែ​ក្រុមហ៊ុន​នោះ?

សុជាតា៖ ខុស​គ្នា​ឆ្ងាយ​ណាស់​បង! មួយ​ធ្វើ​ការ​ឲ្យ​គេ មួយ​ទៀត​ គឺ​ជា​អ្នក​រកស៊ី​ខ្លួន​ឯង​។ ការ​គ្រប់គ្រង​ក្រុមហ៊ុន​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​ជាប់​ជានិច្ច ​នៅ​ក្នុង​ការ​គ្រប់គ្រង​ការងារ ​ប្រជុំ​ក៏​ច្រើន​ និង​ត្រូវ​ស្វែង​រក​គំនិត​ថ្មីៗ និង​​បង្កើត​ទំនាក់ទំនង​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ទៀត​ផង។ ដោយ​ឡែក​ការងារ​សិល្បៈ​មិន​បាន​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ការ​គិត​នោះទេ គឺ​ធ្វើ​ទៅ​តាម​គេ​រហូត​ហ្នឹង អ្នក​ដឹក​នាំ​ប្រាប់​ថា​ម៉េច គឺ​យើង​ធ្វើ​បែប​នោះ​។

 

​​Sabay៖ ដើម្បី​គ្រប់​គ្រង​ក្រុមហ៊ុន​មួយ​ជោគជ័យ​​តើ​អ្នកនាង​​ត្រូវ​មាន​យុទ្ធសាស្ត្រ​ដូចម្ដេច​ដែរ​?

 

សុជាតា៖ ការ​អនុវត្ត​កន្លង​មក​ គឺ​ខ្ញុំ​យក​គោលការណ៍​ សុជីវធម៌ សច្ចធម៌​ ជាមួយ​អតិថិជន​ជា​ចំណុច​មូលដ្ឋាន​ នៃ​ការ​គ្រប់គ្រង​​។ ទន្ទឹម​នឹង​គ្នា​នេះ គុណភាព​ការងារ​​ ត្រូវ​ដើរ​ទន្ទឹម​នឹង​តម្លៃ​​ និង​រើស​បុគ្គលិក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​មក​ធ្វើការ គឺ​ងាយ​នៅ​ក្នុង​ការ​ពន្យល់​អតិថិជន។ ការ​ផ្សព្វផ្សាយ​ និង ​ការ​ទំនាក់ទំនង​ គឺ​ជា​ចំណុច​ពិសេស​នៅ​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​ ព្រោះ​ថា បើក​ក្រុមហ៊ុន​ទេសចរណ៍​ គឺ​ត្រូវ​មាន​បណ្ដាញ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ ដឹកនាំ​​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​តំបន់​កម្សាន្ត​ទាំង​នោះ។

 

Sabay៖ សំណួរ​មួយ​ដែល​​ខ្ញុំ​មិន​អាច​អត់​សួរ​បាន​នោះ​គឺ​ថា សិល្បៈ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​ពាក្យ​ចចាមអារ៉ាម តើ​បញ្ហា​ទាំង​អស់​នេះ ធ្លាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ជា​អ្នក​ដឹក​នាំ​ទេ?

 

សុជាតា៖ ខ្ញុំ​ថា​មាន​បង! រឿង​សង្គម​សិល្បៈ​ ជាពិសេស​រឿង​អ្នក​កាសែត​ចុះ​ផ្សាយ​រឿង​ស្នេហា​អីហ្នឹង!​ ដែល​មិន​មែន​ជា​ការពិត​ផងនោះ ត្រូវ​បាន​​មិត្តភ័ក្ដិ​ ឬ អតិថិជន​ ដែល​មិន​ស្គាល់​ខ្ញុំ​ច្បាស់​ ពេល​ជួប​ខ្ញុំ​តែងតែ​សួរ​ពីរឿង​នេះ។ ប៉ុន្តែ​បុគ្គលិក​មិន​អី​នោះទេ គឺ​ពួកគាត់​ ដឹង​រឿង​ខ្ញុំ​ច្បាស់​ ដូច្នេះ​គ្មាន​ចម្ងល់​ណាមួយ​កើត​ឡើង​នោះទេ មក​លើ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្ញុំ​។ ផ្ទុយ​ទៅ​វិញ​សិល្បៈ​ក៏​អាច​ថា មាន​ទាំង​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​ គឺ​វិជ្ជមាន​នោះ សិល្បៈ​ក៏​ជា​ផ្នែក​មួយ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ទេសចរណ៍​របស់​ខ្ញុំ​ដែរ​។

 

 
 

Sabay៖ នៅ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ តើ​សុជាតា ប្រកាន់​យក​គំនិត​អ្វី​ជា​ធំ​?

 

សុជាតា៖ ខ្ញុំ​តែងតែ​ប្រកាន់​យក​​គំនិត​មួយ​ជា​ធំ​នោះ​គឺ ធ្វើ​ការ​​កាន់​តែ​ច្រើន​ ខ្ញុំ​នឹង​ទទួល​បាន​ច្រើន។ ខ្ញុំ​យល់​ថា ការ​ឧស្សាហ៍​ព្យាយាម គឺជា​ចំណុច​សំខាន់​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជោគជ័យ ជាពិសេស​នៅ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ។

 

Sabay៖ ជាចុងក្រោយ តើ​អ្នក​នាង​មាន​គោលដៅ​អនាគត​ និង​គម្រោង​ការ​ជួយ​ស្ត្រី​នានា​ ដែល​ចង់​អភិវឌ្ឍន៍​នោះ​ទេ?​

 

សុជាតា៖ ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ខ្ញុំ។ ការ​បើក​ក្រុមហ៊ុន​នេះ​ក៏​អាច​ថា ជា​ផ្នែក​មួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ហើយ​ស្ត្រី​ដែល​មាន​សមត្ថភាព គឺ​ក្រុមហ៊ុន​នឹង​ទទួល​ឲ្យ​ធ្វើ​ការ​ភ្លាម។ ប្រសិន​បើ​និយាយ​ពី​សិល្បៈ​វិញ​ ក្នុង​នាម​ខ្ញុំ​ជា​ស្ត្រី ហើយ​ជា​អ្នក​សិល្បៈ ខ្ញុំ​នឹង​ព្យាយាម​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ ទៅ​កាន់​សាធារណជន ជាពិសេស​ជន​បរទេស។

 

នៅ​ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព អ្នក​នាង​សុជាតា​ កំពុង​បំពេញ​ការងារ​នៅ​ ក្រុមហ៊ុន​ទេសចរណ៍ STA ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​ ១៤០​ Eo, ផ្លូវ​លេខ​១២៨ កម្ពុជា​ក្រោម​ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ៕​

 

សូមចុចអាន៖ អ្វី​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់ គង់ សុជាតិ ពី​អ្នក​លក់​ចេក​ឆឹង ក្លាយ​ជា​ពិធី​ការិនី​ល្បី និង ជា​ថៅកែ​ហាង​កែ​សម្ផស្ស?   សូមចុចអាន៖ ជុំ លីណូ ទើប​​រួច​ផុត​​ពី​ស្លាប់​ លាត​ត្រដាង​ប្រវត្តិ   សូមចុចអាន៖ ឆាយ វីរៈយុទ្ធ បង្ហើប​​រឿង​​​សំខាន់​​​​ពីរ​យ៉ាង ដែល​ចងចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត   សូមចុចអាន៖ ខេម ពី​អ្នក​រត់​ម៉ូតូឌុប​មក​ជា​តារា​ចម្រៀង​លំដាប់​ជួរ​មុខ​នាពេល​បច្ចុប្បន្ន​   អត្ថបទ៖ ប៊ិន ប៊ុណ្ណា

 

អត្ថបទថ្មី