អាទិភាព​២​​ម្ចាស់​ថ្មី​ត្រូវ​ដោះ​ស្រាយ​ធ្វើ​ឲ្យ​កីឡាករ​បឹង​កេត​ពេញ​ចិត្ត​ស្នូក​

  • 2018-05-02 02:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​មិញ​ បឹងកេត​បាន​បង្ហាញ​ជា​សាធារណៈ​​អំពី​​ម្ចាស់​ភាគ​ហ៊ុន​ធំ​ថ្មី​សម្រាប់​ការ​ដំណើរ​ការ​ក្លឹប​ និង​អភិវឌ្ឍ​​បន្ត​ទៅ​មុខ​ទៀត​ បន្ទាប់​ពី​ម្ចាស់​ក្លឹប​ចាស់​ដែល​ជា​ថៅកែ​កៅស៊ូ​បឹងកេត​បាន​ដក​ខ្លួន​តាំង​ពី​ដើម​រដូវ​កាល​២០១៨។​

លោក​ស្រី ពុទ្ធ ធីតា ប្រការ​ចំពោះ​មុខ​កីឡាករ

ម្ចាស់​ភាគ​ហ៊ុន​ធំ​ថ្មី​​គឺ​​ លោក​​ស្រី​ ពុទ្ធ ធីតា​ និង​ស្វាមី​​ជា​ជន​ជាតិ​ថៃ​​ ព្រម​ទាំង​មាន​ភាគ​ហ៊ុន​តូច​ៗ​មួយ​ចំនួន​ទៀត។ នៅ​ចំពោះ​មុខ​កីឡាករ​​បឹងកេត​ និង​អ្នក​សារព័ត៌មាន​ អ្នក​ស្រី​បាន​ប្រកាស​ថា​ តម្រូវ​ការ​ចាំ​បាច់​ពីរ​យ៉ាង​នៅ​ចំពោះ​មុខ​ដែល​លោក​ស្រី​ត្រូវ​ធ្វើ​គឺ​កីឡដ្ឋាន​ និង​ធានា​រ៉ាប់​រង់​ដល់​​ក្រុម​បឹងកេត​ទាំង​មូល។

អាទិភាព​ទី​១​

លោក​​ស្រី​ ពុទ្ធ ធីតា ដែល​ជា​ស្ត្រី​ដំបូង​​​​ដឹក​នាំ​ក្លឹប​បាល់​ទាត់​នៅ​ប្រទេស​កម្ពុជា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្វី​ដែល​ជា​ចាំ​បាច់​សម្រាប់​ក្លឹប​នៅ​ពេល​នេះ​គឺ​​កីឡដ្ឋាន។ លោក​ស្រី​បាន​ត្រៀម​ថវិកា​ប្រមាណ​១,៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​កសាង​កីឡដ្ឋាន។ នៅ​ពេល​នេះ​​លោក​​ស្រី​បាន​សម្លឹង​ឃើញ​ដី​ពីរ​កន្លែង​ដែល​មួយ​កន្លែង​​នៅ​​ភ្នំពេញ​ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្ត។ លោក​​ស្រី​កំពុង​ពិភាក្សា​ជា​មួយ​ក្រុម​ការងារ​ដើម្បី​សម្រេច​ចិត្ត​ថា​តើ​ជ្រើស​រើស​យក​មួយ​ណា។

លោក​ស្រី​បន្ត​ថា​ ដី​នោះ​មាន​ទំហំ​២​ហិកតារ​​គ្រប់​គ្រាន់​សម្រាប់​​កសាង​កីឡដ្ឋាន​មួយ​ដែល​មាន​ស្តង់ដារ។ លោក​ស្រី​មិន​បាន​បញ្ជាក់​លំអិត​ពី​កម្រិត​ស្តង់ដារ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​តាម​អ្វី​ដែល​លោក​​ស្រី​ចង់​បាន​គឺ​ទី​លាន​សម្រាប់​ប្រើ​ប្រាស់​ផ្លូវ​ការ​ ទី​លាន​សម្រាប់​ហ្វឹកហាត់​ កន្លែង​ស្នាក់​នៅ​សម្រាប់​កីឡាករ​​ថ្នាល​យុវជន​ កន្លែង​ហាត់​ប្រាណ​ជា​ដើម។ លោក​​ស្រី​បាន​​បញ្ជាក់​ថា​ គម្រោង​កសាង​កីឡដ្ឋាន​​នេះ​គឺ​ឲ្យ​រួច​រាល់​​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​២​ឆ្នាំ​ខាង​មុខ។

អាទិភាព​ទី​២​

ម្តាយ​កុមារា​  Kasidef Vasunan  ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ Barcelona ប្រទេស​អេស្ប៉ាញ​មួយ​សប្តាហ៍​បាន​ប្រកាស​នៅ​ចំពោះ​មុខ​កីឡាករ​ថា​ លោក​​ស្រី​នឹង​រៀប​ចំ​ធានា​រ៉ាប់រង​ដល់​កីឡាករ​ និង​ក្រុម​ការងារ​បឹងកេត​ទាំង​អស់។ ធានា​រ៉ាប់រង​​សម្រាប់​កីឡាករ​ដែល​បាន​បញ្ហា​គ្រោះ​ថ្នាក់​ បញ្ហា​សុខភាព​ និង​ ធានា​រ៉ាប់​រង​សម្រាប់​កីឡាករ​​ដែល​លេង​បាល់ទាត់​លែង​កើត​ដើម។

លោក​​ស្រី ពុទ្ធ ធិតា​បន្ថែម​ថា​ ដោយ​សារ​អ្នក​ស្រី​​ជា​អ្នក​ជំនួញ​ដែល​មាន​ក្រុម​ហ៊ុន​រក​ស៊ី​ច្រើន​ ដូច្នេះ​​កីឡាករ​ដែល​​លេង​បាល់ទាត់​មិន​កើត​ អាច​នឹង​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រុម​ហ៊ុន​របស់​លោក​ស្រី​ក៏​ថា​បាន។

លោក​ស្រី ពុទ្ធ ធីតា និង​ស្វាមី ព្រម​ទាំង​លោក បែ មករា

ទន្ទឹម​ជា​មួយ​នឹង​ការ​ប្រកាស​អាទិភាព​ពីរ​ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​ចំពោះ​មុខ​ លោក​ស្រី ពុទ្ធ ធីតា​ក៏​បាន​បញ្ជាក់​ប្រាប់​ក្រុម​​កីឡាករ​ថា​ សូម​កុំ​គិត​ថា​ លោក​ស្រី​ជា​ម្ចាស់​​ថ្មី​ ប៉ុន្តែ​​ជា​អ្នក​ដែល​ចូល​​រួម​អភិវឌ្ឍ​ក្លឹប​តែ​ប៉ុណ្ណោះ។ អ្វី​ៗ​​ដែល​បឹងកេត​មាន​សព្វ​ថ្ងៃ​នេះ​គឺ​នៅ​រក្សា​ទាំង​អស់​​​គ្មាន​អ្វី​ប្រែ​ប្រួល​ឡើយ។

សូម​បញ្ជាក់​ថា ចាប់​ពី​ដើម​រដូវ​កាល​មក​​ម្ចាស់​ក្លឹប​​ចាស់​​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​​ដែល​ធ្វើ​ឲ្យ​​ក្លឹប​ជួប​ការ​លំបាក​ខ្វះ​ថវិកា​សម្រាប់​ទ្រទ្រង់​ក្លឹប បើ​ទោះ​ជា​ទទួល​បាន​ប្រាក់​​ពី​ម្ចាស់​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ​ក៏​ដោយ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​លោក បែ​ មករា​ អ្នក​ចាត់​ការ​ក្លឹប​ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​ទាំង​ស្រុង​ដេក​មិន​​លក់​ បក់​មិន​ល្ហើយ​​ដោយ​ខ្វាយ​ខ្វល់​គ្រប់​ពេល​វេលា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ យ៉ាង​ណា​ ពេល​នេះ​លោក​ធូរ​ទ្រូង​ហើយ៕

​​​

អត្ថបទ៖ ជាន ចាន់រ៉ា