ខ្លីៗ​ព្រឹត្តិការណ៍​អន្តរជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​សប្ដាហ៍​មុន

  • 2014-10-20 17:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​សង្គ្រាម​ប្រឆាំង​ពួក​ឧទ្ទាមជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ពិភពលោក​ទាំង​មូល​កំពុង​មាន​វិបត្តិ​ដ៏​ធំ​មួយ​ទៀត គឺ​ប្រឈម​មុខ​នឹង​មេរោគ​អេបូឡា។ សហរដ្ឋអាមេរិក​ ក៏​កំពុង​ឈឺ​ក្បាល​ខ្លាំង​ណាស់​ដែរ​​ដោយសារ​មេរោគ​មរណៈ​មួយ​នេះ ហើយ​ក្រៅ​ពី​នេះ​នៅ​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​វិវឌ្ឍន៍​ថ្មីៗ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​​សប្ដាហ៍​មុន។

 

១. ការ​រីក​រាលដាល​នៃ​មេរោគ​មរណៈ​អេបូឡា

 

(១៩ តុលា ២០១៤) អេបូឡា កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច ជា​ពិសេស​គឺ​ក្នុង​ប្រទេស​លីបេរីយា។ ស្ថិតិ​ចុង​ក្រោយ​បង្ហាញ​ថា អ្នក​ស្លាប់​ដោយ​អេបូឡា​ក្នុង​ឆ្នាំ​២០១៤ នេះ បាន​កើន​លើស​ពី ៤៥០០​នាក់​ហើយ ដោយ​ក្នុង​នោះ​លីបេរីយ៉ា​មាន ២២០០​នាក់។ ចំណែក​ឯ​នៅ​អាមេរិក​វិញ គិលានុបដ្ឋាយិកា​វៀតណាម​-អាមេរិក​ម្នាក់​ទៀត ត្រូវ​គេ​រក​ឃើញ​ថា​មាន​​ផ្ទុក​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​កំពុង​សម្រាក​ព្យាបាល​ដាច់​ពី​គេ។ ងាក​មក​មើល​នៅ​តំបន់​អឺរ៉ុប កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ​ជនជាតិ​ស៊ូដង់​ម្នាក់​ដែល​ជា​មន្ត្រី​សុខភាព​របស់​អង្គការ​សហប្រជាជាតិ បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ​ស្លាប់​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់ និង​ជា​ជន​ទី​៣ ត្រូវ​អេបូឡា​ផ្ដាច់​ជីវិត​លើ​ទឹកដី​អឺរ៉ុប។​​​​ (ចុចអានលម្អិត)

 

 

​​​​៣. វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ផ្ដាច់​ជីវិត​សកម្មជន​រដ្ឋ​អ៊ីស្លាម​ជា​ច្រើន

(១៩ តុលា ២០១៤) ប្រមាណ​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ កង​រក្សា​សន្តិសុខអ៊ីរ៉ាក់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​នានា បាន​បើក​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​កង​ឧទ្ទាម​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាម។ បើ​តាម​សារព័ត៌មាន​ចិន​ស៊ិនហួ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ​កម្លាំង​ទ័ព​អាកាស​អ៊ីរ៉ាក់​បាន​បើក​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់ទៅ​លើ​ទីតាំង​នានា​ និង​សម្លាប់​ជីវិត​ពួក​​រដ្ឋ​អ៊ីស្លាម ៥៩​នាក់។ ចំណែក​ឯ​រសៀល​ថ្ងៃ​សៅរ៍ កង​ទ័ព​អាកាស​អាមេរិក​បាន​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង Kobani ភាគ​ខាង​ជើង​ស៊ីរី ដោយ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច ៨​នាក់​ទៀត។ (ប្រភព៖ dailymail)

 

៣. មហា​បាតុកម្ម​នៅ​ហុងកុង​ឈាន​ដល់​ហិង្សា

 

 

(១៩ តុលា ២០១៤) កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ សកម្មជន​គាំ​ទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង បាន​ចោទ​ប្រកាន់​ប៉ូលិស​ថា​ប្រើ​កម្លាំង​ហួស​ហេតុ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា។ មនុស្ស​ប្រមាណ ២០​នាក់​បាន​រង​របួស ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ និង​ប៉ូលិស​នា​យប់​ទី​៤។ ហេតុការណ៍​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ប្រជាធិបតេយ្យ​ពី​សំណាក់​ក្រុម​បាតុករ​រយៈពេល​ ៣​សប្ដាហ៍​កន្លង​មក ដោយ​បិទ​ផ្លូវ​ចេញចូល​ក្នុង​ស្រុក​ដែល​សុទ្ធតែ​ជា​ទីប្រជុំជន​ធំ​​ៗ​បី។ (ចុចអានលម្អិត)

 

៤. កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​ផ្ទុះ​អាវុធ​មួយ​ប្រាវ

 

(១៩ តុលា ២០១៤) នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ដែរ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​បាញ់​បោះ​ដាក់​គ្នា​មួយ​ចម្អិន​កំពឹស​រយៈពេល​ប្រហែល ១០​នាទី នៅ​តាម​បណ្ដោយ​ព្រំដែន ប៉ុន្តែ​មិន​មាន​របាយការណ៍​ពី​ការខូចខាត និង​ជនរងគ្រោះ​ទេ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី កូរ៉េខាងជើង​បញ្ជូន​ទាហាន​ចូល​ទៅ​កាន់​តំបន់​គ្មាន​កងទ័ព ហើយ​ក៏​ត្រូវ​ទាហាន​ខាង​ត្បូង​បាញ់​គំរាម និង​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​តែ​ម្ដង។ នេះ​គឺ​ជា​ការ​ប៉ះ​ទង្គិច​​គ្នា​លើក​ទី​ពីរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា​កន្លង​ទៅ។ (ប្រភព៖ theguardian)

 

​៥. ព្យុះ Hudhud ​នៅ​ឥណ្ឌា សម្លាប់​មនុស្ស ២៤​នាក់

 

ខ្យល់ព្យុះ​ស៊ីក្លូន Hudhud បាន​បោកបក់​​លើ​រដ្ឋ Andhra Pradesh និង Orissa កាល​ពី​ដើម​សប្ដាហ៍​មុន និង​បាន​ឆក់​យក​ជីវិត​មនុស្ស ២៤នាក់ ចំណែក​​ឯ​ច្រើន​នាក់​ទៀត​រង​​របួស។ ព្យុះ​ដ៏​ខ្លាំង​ក្លានេះ ក៏​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះសម្បែង​ច្រើនជាង​៦៥០០ខ្នង ផង​ដែរ៕ (ចុច​អានលម្អិត)

 

៦. ការ​ប្រគំ​តន្ត្រី KPOP នៅ​កូរ៉េ​ខាង​ត្បូង រង​សោកនាដកម្ម ស្លាប់​អ្នក​គាំទ្រ​យ៉ាង​ច្រើន

 

 

(១៧ ១០ ២០១៤) កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ មនុស្ស​ចំនួន​​១៦នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​​​រង​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​បាក់​រនាំង​ដែក​ អំឡុង​ពេល​ប្រគំ​តន្ត្រី “The 1st Pangyo Techno Valley Festival”។ ក្រោយ​ហេតុការណ៍​កើត​ឡើង​មួយ​យប់ អ្នក​រៀប​ចំ​កម្មវិធី​នេះ បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ពី​លើ​អគារ​កម្ពស់ ១០​ជាន់ ​ព្រោះ​សោក​ស្ដាយ​ចំពោះ​សោកនាដកម្ម​ដែល​កើត​ឡើង។ (ចុច​អាន​លម្អិត)

 

ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​​អ្វី​ខ្លះ​កើត​ឡើង​សប្ដាហ៍​មុន?៖ ចុចអាន

 

ដោយ៖ គង់ វិសាល

អត្ថបទពេញនិយម