ប្រវត្តិសង្ខេបត្រួសៗទាំង១០ របស់ Mafia ប្រចាំ «365 Days» Michele Morrone
- 2021-03-19 04:45:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិសង្ខេបត្រួសៗទាំង១០ របស់ Mafia ប្រចាំ «365 Days» Michele Morrone
ចន្លោះមិនឃើញ
ភាពយន្តមានចំណងជើងថា «365 Days» ជាខ្សែភាពយន្ត និយាយពីរឿងរ៉ាវស្នេហារបស់បុរស Mafia ដែលចាប់ជំរិតនារីម្នាក់ឲ្យមករស់នៅជាមួយ ហើយធ្វើឲ្យនាងលង់ស្រឡាញ់។ ខ្សែភាពយន្តខ្នាតធំនេះ ពិតជាបង្កប់នូវរសជាតិជាច្រើន ដែលធ្វើឲ្យអ្នកមើលមួយចំនួនពេញចិត្ត ស្របពេលខ្លះទៀតក៏មិនសូវ ដោយផ្អែកលើការយល់ឃើញរៀងៗខ្លួន។
យ៉ាងណាមិញ «365 Days» ក៏បានធ្វើឲ្យតួសម្ដែងល្បីឈ្មោះមួយកម្រិតដែរ ជាពិសេស Michele Morrone ដែលជា Mafia។ ងាកមកជីវិតក្រៅរឿងវិញ តើអ្នកបានដឹងអ្វីខ្លះពី Michele Morrone?
១. Michele Morrone កើតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៩០ ក្នុងក្រុង Melegnano ក្រុងតូចដែលមានប្រជាជនរស់នៅ ១៥០ ០០០នាក់ និងស្ថិតនៅជិតទីក្រុង Milan ប្រទេសអ៊ីតាលី។
ទាក់ទងនឹងគ្រួសារ Michele មិនសូវលើកមកនិយាយច្រើនទេ ត្រឹមដឹងថាលោកធំដឹងក្ដីក្នុងគ្រួសារដែលសុទ្ធតែជាអ្នករវល់នឹងការងារ (ស្របពេលលោកគឺជាតារាសម្ដែង ហើយបងប្អូនស្រីប្រុស ៤នាក់ទៀត គឺជាអ្នកថតរូបអាជីព)។ ឪពុករបស់លោក ធ្វើការក្នុងវិស័យសាងសង់ ហើយបានទទួលមរណភាពតាំងពី Michele មានអាយុ ១២ឆ្នាំម្ល៉េះ។ ចំណែកអ្នកម្ដាយរបស់តារាប្រុសរូបនេះមិនមានលេចឮព័ត៌មានចេញផ្សាយឡើយ។
២. Michele មានកូន ២នាក់
តារាសម្ដែងកម្ពស់ ១៩០សង់ទីម៉ែត្ររូបនេះមិនសូវបង្ហើបពីរឿងបងប្អូន និងគ្រួសារធំមែន ប៉ុន្តែលោកតែងបើកចំហជានិច្ចពីរឿងកូនចៅ។ លោកមានកូនប្រុស ២នាក់ឈ្មោះ Marcus និង Brando Morrone ដែលមានមុខមាត់កាត់រកលោកខ្លាំង។ ទំនាក់ទំនងរវាងឪពុកកូនពិតជាស្និទ្ធស្នាលណាស់ ហើយ Michele ធ្លាប់បាននិយាយថា ពេលកូនៗនៅឆ្ងាយ លោកមានអារម្មណ៍កណ្ដោចកណ្ដែង និងពិបាកចិត្តណាស់។
៣. លោកបានរៀបការជាមួយនឹងអ្នករចនាម៉ូដម្នាក់
Michele បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍នឹងអ្នករចនាម៉ូដម្នាក់ឈ្មោះ Rouba Saadeh តាំងពីឆ្នាំ ២០១៣ ប៉ុន្តែស្នេហានេះត្រូវបញ្ចប់នៅឆ្នាំ ២០១៨ បន្សល់ទុកកូន ២នាក់។ ទោះបីលែងគ្នាក៏ដោយ ប៉ុន្តែអ្នកទាំង ២បានបំពេញកាតព្វកិច្ចជាឪពុកម្ដាយ និងតែងផ្ដល់ភាពកក់ក្ដៅដល់កូនៗជានិច្ច។
៤. Michele ក៏ជាតារាចម្រៀងដែរ
តាមរយៈការសម្ដែង តារាប្រុសរូបនេះទាក់ចិត្តនារីៗជាច្រើន ដោយសាររូបរាង និងសមត្ថភាពសម្ដែង ប៉ុន្តែលោកក៏ជាបុរសដែលមានជំនាញច្រើនដែរ។ អ្នកដែលរស់នៅក្រៅប្រទេសអ៊ីតាលីតិចណាស់ ដែលដឹងថាលោកគឺជាតារាចម្រៀង។
ជាក់ស្ដែងសូម្បីក្នុងរឿង «365 Dyas» ក៏មានបទចម្រៀងរបស់ Michele ដែរ មានចំណងជើងថា «Feel It»។
៥. លោកក៏ជាវិចត្រករដែរ
បុរសម្នាក់នេះមិនចូលចិត្តលាក់ទេពកោសល្យទេ មិនថាសម្ដែង ច្រៀង សូម្បីគូររូបក៏លោកពូកែមិនអន់ដែរ។ គំនូររបស់លោកនីមួយៗ សុទ្ធតែបង្កប់អត្ថន័យ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ ទោះបីគំនូរទាំងនោះមិនអស្ចារ្យខ្លាំង និងមិនដូចអ្នកជំនាញ ប៉ុន្តែយ៉ាងណានេះកើតចេញពីការស្រឡាញ់ និងគូរចេញពីចិត្ត។
៦. តារាសម្ដែងរូបនេះធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីរាំរបស់អ៊ីតាលី
Michele ក៏ជាបេក្ខជនក្នុងកម្មវិធី “Ballando con le Stelle” ឬកម្មវិធី “Dancing With The Stars in 2017” របស់អ៊ីតាលី។ កាលនោះលោកបានចាប់គូសម្ដែងក្បាច់រាំជាមួយនឹង Ekaterina Vaganova ដែលជាអ្នកជំនាញរាំម្នាក់ដែរ។
៧. ជាតារាល្បីឈ្មោះប្រចាំអ៊ីតាលី
ពិភពលោកចាប់ផ្ដើមស្គាល់លោកខ្លាំងនៅឆ្នាំ ២០២០ តាមរយៈរឿង «365 Days» ប៉ុន្តែតាមពិតទៅកេរ្តិ៍ឈ្មោះរបស់ Michele Morrone មានតាំងពីយូរណាស់មកហើយនៅប្រទេសនេះ គ្រាន់តែមិនស្ថិតនៅលំដាប់ A ពេលនោះ។ លោកចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ ២០១៥ តាមរយៈការសម្ដែងតូចតាចធម្មតា ប៉ុន្តែនៅឆ្នាំ ២០១៧ លោកក៏បានឱកាសសម្ដែងរឿងភាគឲ្យទូរទស្សន៍ ជាហេតុប្រជាប្រិយភាពឡើងតាមនោះ។
៨. Michele Morrone ក៏ជាអ្នកដែលប្រឈម និងជម្នះនឹងជំងឺផ្លូវចិត្តដែរ
មកទល់ពេលនេះ ជីវិតរបស់ Michele កំពុងសុខសប្បាយ ប៉ុន្តែតាមពិតទៅ លោកក៏ធ្លាប់រងនូវវិបត្តិផ្លូវចិត្តដល់ទៅ ២ឆ្នាំដែរ។ បន្ទាប់ពីលែងលះកាលពីឆ្នាំ ២០១៨ លោករងនូវសម្ពាធផ្លូវចិត្តខ្លាំង ហើយចាប់ផ្ដើមបោះបង់អ្វីគ្រប់យ៉ាងចោលលែងខ្វល់ ដល់ថ្នាក់ចង់ឈប់សម្ដែងទៀតផង។
លោកបានលើកយកបញ្ហានេះមកទម្លាយ ពេលដែលខ្លួនមានភាពធូរស្រាល និងល្បីឈ្មោះ។ នេះ ក៏ព្រោះលោកដឹងពីសារសំខាន់ ក្នុងការទម្លាយនូវអ្វីដែលបង្កជាវិបត្តិផ្លូវចិត្តនេះ ហើយរម្លឹក និងលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ឲ្យស៊ូឡើង ព្រោះទោះបីយើងត្រូវធ្លាក់ក្នុងសភាពលំបាកយ៉ាងណា ក៏គង់មានថ្ងៃ យើងអាចងើបឈរជាថ្មីដែរ។
៩. លោកធ្លាប់ធ្វើជាអ្នកថែសួន
ត្រឡប់ទៅឆ្នាំ ២០១៨ Michele គិតចង់ឈប់ការងារជាតារាសម្ដែង ហើយស្របពេលនោះលោកគ្មានលុយទៀត។ លោកបានប្ដូរទៅនៅទីក្រុងតូចមួយ និងចាប់ផ្ដើមការងារធ្វើជាអ្នកថែសួន ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាព។ មិនយូរប៉ុន្មាន លោកក៏ត្រូវបានគេទាក់ទងថតរឿងថ្មី គឺ «365 Days» ហើយពេលនោះវាសនាលោកស្រាប់តែហក់ឡើងវិញស្ទើរមិនគួរឲ្យជឿ។
១០. ក្រៅពី Michele គ្មានអ្នកណាសមនឹងដើរតួ Massimo ក្នុងរឿង «365 Days» ទេ
សូម្បី Anna-Maria Sieklucka ដែលជាតួស្រីក្នុងរឿងក៏បានលាន់មាត់ដែរថា ក្រៅពី Michele គ្មានអ្នកណាដើរតួ Massimo សមទេ។ លោកជាតារាប្រុសដែលឆាប់ចាប់បានអ្វីដែលត្រូវធ្វើ ហើយលោកពិតជាស័ក្តិសមនឹងតួនេះបំផុត គ្មានអ្នកណាជំនួសបានឡើយ៕